ភ្នំពេញ៖ បើនិយាយដល់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាប្រលង«បាក់ឌុប» ធ្វើឡើងជារៀងរាល់ឆ្នាំ ហើយចាប់តាំងពីឆ្នាំ ២០១៤ ក្រសួងអប់រំចាប់ផ្ដើមរឹតបន្តឹងខ្លាំងលើវិន័យនៃកាប្រលង។ ហើយការប្រលងបាក់ឌុប បានធ្វើឡើងជារៀងរាល់ឆ្នាំក៏ពិតមែន ប៉ុន្តែកាលពីឆ្នាំ២០២០ បានខកខានការប្រលង ដោយសារតែបញ្ហាកូវីដ-១៩ ដូច្នេះហើយទើបរាជរដ្ខាភិបាល និងក្រសួងអប់រំបានផ្ដល់ឱកាសដល់ប្អូនៗសិស្សានុសិស្សទាំងអស់ជាប់ដោយស្វ័យប្រវត្ថិ ដោយមិនមានការប្រលងឡើយ។
បើទោះបីឆ្នាំសិក្សា២០២០បានកន្លងទៅ ប៉ុន្តែនៅថ្ងៃទី២៧ ២៨ ខែ ធ្នូ ឆ្នាំ២០២១នេះ គឺជាថ្ងៃដែលប្អូនសិក្សានុសិស្សគ្រប់រូប ប្រលងបញ្ចប់ថ្នាក់ទី១២ ដែលជាថ្នាក់វិទ្យាល័យ។ ជាមួយគ្នានេះដែរ ជារៀងរាល់ឆ្នាំក្រុមការងារ ខ្មែរឡូត តែងតែចុះទៅថតផ្តិតយករូបភាព និងវីដេអូ ដោយការសាកសួរពីចំណាប់អារម្មណ៍អាណាព្យាបាល និងអារម្មណ៍ពិតពីប្អូនៗកំពុងប្រលងទី១២ផងដែរ។
យ៉ាងណាមិញ បើមើលតាមជាក់ស្ដែង ឃើញមានអាណាព្យាបាលជាច្រើនបានជូនកូនមកប្រលង និងអង្គុយចាំកូនចេញបីមណ្ឌលប្រលងដូចរាល់ឆ្នាំ ខណៈដែលប្រទេសកម្ពុជាមានភាពធូរស្បើយពីការរីករាលដាលជំងឺកូវីដ-១៩។ លើសពីនេះទៅទៀត អាណាព្យាបាលទាំងអស់សុទ្ធសឹងតែពាក់ម៉ាស យកទឹកអាល់កុលតាមខ្លួន និងរក្សានូវវិធានការ ៣កុំ ៣ការពារ និងរក្សាគន្លាតនៅឆ្ងាយពីគ្នាផងដែរ។
ជាក់ស្ដែង បើតាមការសម្ភាន៍ពីអារម្មណ៍អាណាព្យាល គេដឹងផងដែរថាឪពុកម្ដាយប្អូនៗប្រលងទី១២ សុទ្ធសឹងតែជឿជាក់លើកូនថាប្រលងជាប់គ្រប់ៗគ្នា បើទោះបីកូនៗពួកគាត់រៀនតាមប្រព័ន្ធអនឡាញច្រើនជាងរៀននៅសាលាក៏ពិតមែន។ ពិតណាស់ បើតាមទឹកចិត្តឪពុកម្ដាយសិស្សានុសិស្សប្រលងបាក់ឌុប បានសម្ដែងនូវក្ដីព្រួយបារម្ភចំពោះកូនខ្លះៗ ដោយសារតែបញ្ហាជំងឺកូវីដ១៩ ប៉ុន្តែទោះបីជាយ៉ាងណា ពួកគាត់នៅតែចាំផ្ដល់កម្លាំងចិត្តជូពរនកូន ឲ្យខំប្រឹងប្រលង ដើម្បីបានជាប់ និងមាននិទ្ទេសល្អផងដែរ។
ម្យ៉ាងវិញទៀត អាណាព្យបាលជាច្រើនបានចំណាយពេលវេលាដ៏មានតម្លៃ ខ្លះផ្អាកការងាររកស៊ី សុំច្បាប់ពីកន្លែងធ្វើការដើម្បីជូនកូនមកប្រលងដោយផ្ទាល់ ដើម្បីធានានូវសុខសុវត្ថិភាពជូនកូន។ ជាពិសេស គេឃើញឪពុកម្ដាយ បងប្អូនសិស្សប្រលងទី១២ អង្គុយនៅខាងក្រៅចាំកូនចេញពីប្រលងទាំងហាលក្ដៅ ហើយមានឪពុកម្ដាយខ្លះបានត្រៀមអាហារព្រមទាំងទឹកទុកសម្រាប់កូន ដើម្បីហូបឲ្យមានកម្លាំងផងដែរ។
មិនតែប៉ុណ្ណោះ បើក្រឡេកមើលប្អូនៗទី១២ក្រោយចេញពីប្រលងនាព្រឹកមិញនេះ ពួកគេសុទ្ធសឹងតែជឿជាក់លើសមត្ថភាពខ្លួនឯងថានឹងអាចធ្វើបានល្អ ព្រមទាំងសង្ឃឹមយ៉ាងមុតមាំថាបានជាប់គ្រប់ៗគ្នា។ បើនិយាយពីរឿងវិន័យវិញ ប្អូនៗថាដូចរាល់ឆ្នាំ មិនខុសពីឆ្នាំមុនៗប៉ុន្មានឡើយ ចំណែកវិញ្ញាសារក៏ស្រដៀងទៅនឹងអ្វីដែលប្អូនៗបានសិក្សានាពេលកន្លងមកផងដែរ។
តួយ៉ាង ប្អូនៗកំពុងប្រលងទី១២ បានបង្ហាញនូវភាពក្លាហាន គ្មានភ័យព្រួយបារម្ភលើវិញ្ញាសារណាមួយឡើយ ដោយសារតែប្អូនៗបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅថាប្រលង«បាក់ឌុប»នាឆ្នាំ២០២១នេះ ដើម្បីអាចបន្តទៅរៀនថ្នាក់ឧត្តមសិក្សាតាមមុខជំនាញដែលខ្លួនពេញចិត្ត គិតទុកមកជាយូរផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]