រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។

សូមបញ្ជាក់ថា កីឡាការិនី អ៊ុក ស្រីមុំ បានបន្ថែមកំណត់ត្រាពិភពលោកថ្មីមួយទៀត បន្ដតំណែងវីរកីឡាការិនី កែ ឡេង ក្រោយដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១ នៅប្រទេសអេស្ប៉ាញ លើវិញ្ញាសាវាយយកពិន្ទុ(ផ្នែកនារី) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដណ្តើមបានមេដាយមាសពិភពលោករបស់វីរកីឡាការិនី អ៊ុក ស្រីមុំ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ គឺជាការទទួលបានមេដាយមាសកម្រិតពិភពលោក៥សម័យកាលជាប់គ្នា សម្រាប់កីឡាការិនីកម្ពុជា លើការប្រកួតកីឡាប៉េតង់លើវិញ្ញាសាវាយពិន្ទុ។ ក្នុងនោះវីរកីឡាការិនី កែ ឡេង ធ្លាប់ឈ្នះ ៤សម័យកាលរួមមាន៖ ឆ្នាំ២០១៣ នៅបារាំង, ឆ្នាំ២០១៥ នៅថៃ, ឆ្នាំ២០១៧ នៅចិន និងឆ្នាំ២០១៩ នៅប្រទេសកម្ពុជា។ ការដណ្តើមបានមេដាយមាសពិភពលោករបស់វីរកីឡាការិនី អ៊ុក ស្រីមុំ ជាការបំបែកកំណត់ត្រាពិភពលោកនៃការបន្តឈ្នះរបស់កម្ពុជាចំនួន៥សម័យកាល បន្ទាប់ពីលោកស្រី កែ ឡេង ដោយមិនទាន់មានកីឡាការិនីប្រទេសណាដណ្តើមពីកម្ពុជាបានឡើយ។

សូមរំលឹកផងដែរថា ការប្រកួតកីឡាប៉េតង់លើវិញ្ញាសាវាយពិន្ទុនៅប្រទេសអេស្បាញ បានដំណើរការប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា។ កីឡាការិនី អ៊ុក ស្រីមុំ បានបញ្ចប់ការប្រកួតជម្រុះបឋមលើវិញ្ញាសាវាយយកពិន្ទុ ដោយឈរចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមកីឡាការិនីខ្លាំងៗលើពិភពលោក ៣៦រូប។

បន្ទាប់មកកីឡាការិនី អ៊ុក ស្រីមុំ បានទម្លាក់កីឡាការិនីកាណាដា ក្នុងវគ្គ ៨នាក់ចុងក្រោយ ដោយពិន្ទុ ២៩-២ និងទម្លាក់កីឡាការិនីន័រវេស ដោយពិន្ទុ ២៥-១៨ មុនបន្ដយកឈ្នះកីឡាការិនីថៃ ដោយពិន្ទុ ៣៧-២៩ ដើម្បីក្លាយជាម្ចាស់មេដាយមាសតែម្ដង។ រីឯវិញ្ញសាក្រុមនារី ៣ ទល់ ៣ ក្រុមប៉េតង់កម្ពុជា បានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ។

ក្នុងនោះ វីរកីឡាការិនី អ៊ុក ស្រីមុំ ក៏ធ្លាប់ដណ្តើមបានមេដាយមាសពិភពលោកកាលពីឆ្នាំ២០១៧ផងដែរ តែ លើវិញ្ញាសាឯកត្តជន។ កីឡាប៉េតង់នេះ វីរកីឡាករ សុខ ចាន់មាន ក៏ធ្លាប់ដណ្តើមបានមេដាយមាសកម្រិតពិភពលោកនេះផងដែរលើវិញ្ញាសាឯកត្តជន។

សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ចំពោះកីឡាករ កីឡាការិនី ដែលជាតំណាងរបស់ជាតិ។ ដើម្បីលើកទឹកចិត្តដល់កីឡាករ និងកីឡាការិនី ដែលបានប្រឹងប្រែងហ្វឹកហាត់នោះ សម្តេចតេជោ បានចេញអនុក្រឹត្យដោយកំណត់ផ្តល់ប្រាក់រង្វាន់ប្រមាណ ៤០លានរៀល សម្រាប់កីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយកម្រិតពិភពលោកលើការប្រកួតប៉េតង់នេះ៕

សម្តេចតេជោ ហ៊ុន សែន
កីឡាការិនី អ៊ុក ស្រីមុំ
កីឡាការិនី អ៊ុក ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]