ជាទូទៅម៉ាក់ៗតែងតែមានអាការៈឈឺស្បូនក្រោយសម្រាលរយៈពេល ២ ទៅ ៣ ថ្ងៃ ដោយសារ​ស្បូនកន្រ្តាក់ដើម្បីបង្រួមទៅទំហំមុនពេលពពោះវិញ។ ម៉ាក់ៗ​​គួរធ្វើម៉េចដើម្បី​កាត់​បន្ថយ​ការឈឺស្បូនក្រោយសម្រាល?

ក្នុងអំឡុងពេលពពោះ ស្បូនរបស់ម៉ាក់ៗនឹងរីកធំជាងទំហំដើមច្រើន​ដង។ ស្រទាប់​ស្បូន​ប្រែទៅជាក្រាស់ ហើយសរសៃឈាមនៅក្នុងស្រទាប់​ស្បូន​ក៏រីកធំដែរ​ដើម្បី​ទ្រទ្រង់សុក និងគភ៌។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់​ពី​សម្រាល​រួចម៉ាក់ៗអាចឈឺស្បូនខ្លាំងនៅថ្ងៃទី ១ ឬទី ២ បន្ទាប់ពីនេះអាការៈនឹង​ធូរស្រាល​​បន្តិចម្តងៗនៅថ្ងៃទី ៣​ ទោះបីជាស្បូនត្រូវការពេល ៤ ទៅ ៦ សប្តាហ៍​ដើម្បី​រួម​ត្រឡប់ទៅទំហំមុនពេលពពោះក៏ដោយ។

ចំណែកម៉ាក់ៗដែលបំបៅកូនដោយទឹកដោះអាចមានការឈឺស្បូនខ្លាំងជាងម៉ាក់ៗដែលបំបៅកូនដោយទឹកដោះគោម្សៅ ដោយសារ​ពេលទារក​បៅ រាងកាយម៉ាក់ៗ​នឹង​បញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន ដែលជាហេតុធ្វើឱ្យស្បូនកន្ត្រាក់។

ទោះបីជាយ៉ាងណាក៏ដោយ ការកន្រ្តាក់នេះជួយឱ្យស្បូនរាបលឿន និងកាត់​បន្ថយ​ហានិភ័យ​ស្លេកស្លាំងក្រោយសម្រាលដោយសារការបាត់បង់​ឈាម​ច្រើន។

ខាងក្រោមនេះជាវិធីសាស្រ្តដែលម៉ាក់ៗអាចសាកល្បងដើម្បីកាត់បន្ថយអាការៈឈឺស្បូន៖

កុំទប់នោម៖ ទោះ​​ជា​ម៉ាក់ៗឈឺនោម ឬ​មិន​ឈឺនោម​ក៏​ដោយ ម៉ាក់ៗត្រូវព្យាយាមបត់ជើងតូចឱ្យបាន​ញឹកបន្តិច​ ព្រោះប្លោកនោម​នឹងសង្កត់​ស្បូន ប្រសិនបើប្លោកនោមមានទឹកនោមច្រើន ដូច្នេះ​ស្បូន​មិន​អាច​កន្ត្រាក់​ទាំងស្រុងទេ។

ចង់ស្វែងយល់ពីអត្ថន័យ និងរូបរាងពណ៌លាមកទារក ចុចទីនេះ!

ទ្រាប់ខ្នើយ៖ ពេលឈឺស្បូន ម៉ាក់ៗអាចគេងផ្កាប់ដោយ​ដាក់​ខ្នើយ​ទ្រាប់ពី​ក្រោម​ពោះ​ផ្នែកខាងក្រោម​។

ស្អំទឹកក្តៅ៖ ម៉ាក់ៗក៏អាចគេងផ្កាប់ និងស្អំទឹកក្តៅពី​ក្រោម​ពោះផ្នែកខាងក្រោម​ដែរ។

ម៉ាស្សាពោះ៖ ពេលឈឺស្បូនម្តងៗ ម៉ាក់ៗអាចម៉ាស្សាពោះផ្នែកខាងក្រោមថ្នមៗ​ដើម្បីសម្រួល​អាការៈ​ឈឺចាប់។

លេបថ្នាំបំបាត់ការឈឺចាប់៖ គ្រូពេទ្យអាចឱ្យថ្នាំបំបាត់ការឈឺចាប់ឱ្យម៉ាក់ៗលេប។ ម៉ាក់ៗមិនត្រូវ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់ដោយគ្មានការអនុញ្ញាតពីគ្រូពេទ្យឡើយ។

ម៉ាក់ៗដែលសម្រាលលើកទី ១ អាចមិនសូវមានការ​ឈឺ​ស្បូនទេ ហើយរយៈពេល​នៃ​ឈឺស្បូនម្តងៗក៏មិនសូវយូរដែរ ​ព្រោះសាច់ដុំស្បូនរបស់​ម៉ាក់ៗទើបមានកូន​ដំបូង​នៅ​ល្អ​ដែល​អាច​កន្ត្រាក់ និង​រួមចូលវិញបន្តិចម្តងៗ។

កម្រិត និងរយៈពេលនៃការឈឺស្បូន​ក្រោយសម្រាលអាចកើនឡើងតាមចំនួន​ដងនៃការសម្រាលរបស់ម៉ាក់ៗ ព្រោះសាច់ដុំ​ស្បូន​​ម៉ាក់ៗនឹងយារបន្ទាប់​ពីសម្រាលរួចម្តងៗ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]