សៀមរាប៖ ពិភពលោកពេលនេះ កំពុងតែជួបប្រទះចំពោះវិបត្តិកូវីដ១៩បំប្លែងថ្មី មិនត្រឹមតែលោកខាងលិចនោះទេ សូម្បីតែប្រទេសកម្ពុជាយើងនេះ ក៏កំពុងតែបង្កការរំខានដល់ការបើកទទួលទេសចរអន្ដរជាតិឡើងវិញនៅខេត្តសៀមរាប ខណៈដែលប្រតិបត្តិករទេសចរណ៍ មានការបារម្ភកាន់តែខ្លាំងចំពោះជោគវាសនានៃអ្នករកស៊ីលើវិស័យមួយនេះ។ ក្រសួងទេសចរណ៍បញ្ជាក់ថា ផែនការទទួលទេសចរអន្ដរជាតិដើមឆ្នាំ២០២២នេះ សម្រាប់ខេត្តសៀមរាប គឺពុំមានការផ្លាស់ប្ដូរទេ តែថាទេសចរ ពុំទាន់មកច្រើន ដូចការរំពឹងទុកទេ។

ដោយឡែក យោងតាមប្រសាសន៍របស់ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា វត្តមាននៃការរីករាលដាលមេរោគបំប្លែងថ្មីអូមីក្រុង កំពុងបង្កផលប៉ះពាល់ដល់ការងើបឡើងវិញ នូវវិស័យទេសចរណ៍សៀមរាប ព្រោះថាខេត្តមួយនេះ ពឹងផ្អែកភាគច្រើនលើទេសចរអន្ដរជាតិ។ លោកស្រីបន្តថា ដ្បិតថាកន្លងមកទេសចរក្នុងស្រុក បានទទួលសេវាកម្មខ្លះក៏ដោយ តែតម្រូវមានមួយផ្នែកតូចប៉ុណ្ណោះ ខណៈការផ្គត់ផ្គង់មានច្រើន ដោយប្រសាសន៍លោកស្រីមានដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកស្រី ឆាយ ស៊ីវលីន

ចំណែកប្រធានសមាគមសណ្ឋាគារកម្ពុជា សាខាខេត្តសៀមរាប លោក ដេវីដ ចាយ៉ាពីយ៉តធ៍ មើលឃើញថា ភ្ញៀវទេសចរអន្ដរជាតិ ធ្វើដំណើរមកកាន់ខេត្តនាឱកាសបុណ្យណូអែល និងចូលឆ្នាំសកល ក្នុងចំនួនមួយតិចតួចនៅឡើយ។ ចំណែកបច្ចុប្បន្ន តាមរយៈការកក់សំបុត្រ ក៏មិនទាន់មានច្រើនដែរ ភ្ញៀវទេសចរ មិនទាន់មានទំនុកចិត្តក្នុងការធ្វើដំណើរ ខណៈបញ្ហាមេរោគបំប្លែងថ្មី ធ្វើឱ្យមានការរិតត្បិតនៅអឺរ៉ុប អាម៉េរិក ហើយប្រទេសថៃ ប្រកាសបិទប្រទេសសាជាថ្មី។ យ៉ាងណា លោកដេវីដ មានសុទិដ្ឋិនិយមថា ទេសចរអន្ដរជាតិ នឹងចាប់មានឡើងវិញនៅចុឆ្នាំ២០២២នេះ។

បន្ថែមពីលើនេះ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន មើលឃើញថា ក្រោយពេលប្រកាសបើកវិស័យទេសចរណ៍ឡើងវិញ មានទេសចរមួយចំនួនបានសាកសួរព័ត៌មាន និងខ្លះបានកក់សំបុត្ររួចហើយដែរ ពិសេសអំឡុងចុងខែនេះ និងខែកុម្ភៈ ខណៈដែលអ្នកខ្លះមកជាបណ្ដើរៗ គួរឱ្យកត់សម្គាល់។ យ៉ាងណា លោកស្រី ប្រធានសមាគមមានការសោកស្ដាយបន្ដិចដែរ នៅពេលមានលេចឡើងនូវមេរោគបំប្លែងថ្មីអូមីក្រុង ដែលធ្វើឱ្យភ្ញៀវទេសចរខ្លះ ពន្យារពេល និងពិចារណាចំពោះដំណើរកម្សាន្តខ្លួន មកកាន់ខេត្តសៀមរាប។

ចំណែកអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក មានប្រសាសន៍ថា ដ្បិតមានការរំខានដោយមេរោគកូវីដ១៩ថ្មី អូមីក្រុង តែផែនការទទួលទេសចរអន្ដរជាតិនៅខេត្តសៀមរាប នៅដដែល គ្រាន់តែអ្នកទេសចរដែលចូលមក ត្រូវគោរពទៅតាមលក្ខខណ្ឌ ការធ្វើដំណើរចូលរបស់កម្ពុជា។ លោកបន្តថា អ្នកទេសចរតម្រូវឱ្យគោរពតាមវិធានការសុខាភិបាលរបស់កម្ពុជា ដោយត្រូវមានតេស្ដបញ្ជាក់ PCR ​ពេលមកដល់កម្ពុជា ហើយត្រូវតេស្តរហ័សបញ្ជាក់ម្ដងទៀត មុនធ្វើដំណើរកម្សាន្តតាមតំបន់ផ្សេងៗបាន។ លោក តុប សុភ័ក បន្ថែមថា៖«មិនទាន់មានអីupdate(ធ្វើបច្ចុប្បន្នភាព)​ថ្មីទេ ពេលមកដល់តេស្ដវិជ្ជមាន សុខាភិបាលចាត់ចែងតាមនោះ«។

យ៉ាងណាមិញ ទោះបីកន្លងមកនេះកម្ពុជាប្រកាសទទួលទេសចរអន្ដរជាតិតាំងពីចុងឆ្នាំ២០២១ កន្លងទៅក៏ដោយ តែមន្រ្តីក្រសួងទេសចរណ៍បញ្ជាក់ថា ភ្ញៀវដែលធ្វើដំណើរមក ពុំទាន់មានទេសចរជាលក្ខណៈកញ្ចប់នៅឡើយ ភាគច្រើនពួកគេមកជាលក្ខណៈឯកជន ទេសចរធុរកិច្ច និងមកចម្រុះគ្នា។ យ៉ាងណា លោក តុប សុភ័ក រំពឹងថា នឹងមានទេសចរលក្ខណៈកញ្ចប់មកឆាប់ៗ ដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិទាំងមូល៕

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

ទេសចរណ៍មកថតរូបប្រាសាទអង្គវវត្ត (រូបតំណាង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]