ឥណ្ឌា៖ មន្ត្រីឥណ្ឌាម្នាក់ បានប្រាប់សារព័ត៍មានរ៉យទ័រ (Reuters) កាលពីថ្ងៃអង្គារថា ប្រជាជនឥណ្ឌាកាន់សាសនា ហិណ្ឌូជិត ១ លាននាក់ត្រូវបានគេរំពឹងថានឹងប្រមូលផ្តុំនៅច្រាំងទន្លេ Ganges ថ្ងៃសុក្រនេះ (១៤ មករា) និងថ្ងៃសៅរ៍សម្រាប់ការងូតទឹក បរិសុទ្ធ ទោះបីជាមានការរីករាលដាលនៃការឆ្លងមេរោគកូវីដ១៩ នៅទូទាំងប្រទេសក៏ដោយ ។

គួររំលឹកដែរថា ប្រទេសឥណ្ឌា បានរាយការណ៍ពីករណីឆ្លងកូវីដថ្មី ចំនួន ១៦៨,០៦៣ករណី កាលពីថ្ងៃអង្គារ ដែលជាការកើនឡើង ២០ដងក្នុងរយៈពេលមួយខែ បើទោះបីជាការធ្វើតេស្តមានកម្រិតទាបជាងសមត្ថភាពក៏ដោយ។ អ្នកឆ្លងភាគច្រើន បានជាសះស្បើយនៅផ្ទះ ហើយកម្រិតនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យមានតិចជាងពាក់កណ្តាលនៃចំនួនដែលបានកើតឡើង ក្នុងអំឡុងពេលរលកនៃការឆ្លងដ៏ធំចុងក្រោយ នៅក្នុងខែមេសា និងឧសភា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋជាច្រើនបានប្រកាសបម្រាមគោចរពេលយប់ ខណៈពេលដែលរដ្ឋធានីដេលី ក៏បានដាក់ចេញវិធានការបិទខ្ទប់ កាលពីចុងសប្តាហ៍ផងដែរ ដោយបានបិទការិយាល័យឯកជន ក៏ដូចជាភោជនីយដ្ឋាន និងបារ ក្នុងគោលបំណងដើម្បីទប់ស្កាត់មេរោគបំប្លែងថ្មីអូមីក្រុង ដែលកំពុងរីករាលដាល។

ប៉ុន្តែអ្នកធម្មយាត្រារាប់ម៉ឺននាក់បានទៅដល់ទីតាំងនៃពិធីបុណ្យ Ganges ប្រចាំឆ្នាំនៅលើកោះមួយក្នុងរដ្ឋ West Bengal ភាគខាងកើត ដែលកំពុងរាយការណ៍អំពីចំនួនករណីច្រើនបំផុតនៅក្នុងប្រទេស បន្ទាប់ពីរដ្ឋ Maharashtra នៅភាគខាងលិច។

លោក Bankim Chandra Hazra រដ្ឋមន្ត្រី West Bengal ទទួលបន្ទុករៀបចំពិធីបុណ្យដែលគេស្គាល់ថាជា Gangasagar Mela បានប្រាប់រ៉យទ័រថា៖ "ហ្វូងមនុស្សអាចកើនឡើងដល់គ្រប់ទីកន្លែងពី ៨០០,០០០ ទៅ ១ លាននាក់។ ហើយពេលនេះ យើងកំពុងព្យាយាមអនុវត្តវិធានការកូវីដ១៩" ។ "យើងក៏បានរៀបចំសម្រាប់ការប្រោះទឹកបរិសុទ្ធពីដ្រូន (drones) ដើម្បីកុំឱ្យមានការកកស្ទះ ... ប៉ុន្តែពួកសាឌូស (អ្នកបរិសុទ្ធហិណ្ឌូ) កំពុងតែនាំគ្នាជ្រមុជទឹក។ យើងមិនអាចរារាំងពួកគេបានទេ" ។

សូមរំលឹកផងដែរថា ពិធីបុណ្យសាសនាដ៏ធំមួយស្រដៀងគ្នានេះនៅភាគខាងជើងនៃប្រទេសឥណ្ឌា កាលពីឆ្នាំមុន បានបណ្តាលឱ្យវីរុសបំប្លែងដែលតា ឆ្លងប្រជាជនឥណ្ឌា រាប់លាននាក់ និងបានសម្លាប់មនុស្សរាប់ម៉ឺននាក់។

ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែមករា នៅថ្ងៃដ៏សំខាន់នៃពិធីបុណ្យ Makar Sankranti អ្នកធ្វើធម្មយាត្រាទៅលេងភូមិ Gangasagar ដើម្បីមុជទឹកនៅចំនុចប្រសព្វនៃទន្លេ Ganges និងឈូងសមុទ្រ Bengal ។ ក្រុមគ្រូពេទ្យវេជ្ជបណ្ឌិតឥណ្ឌា បានអំពាវនាវទៅតុលាការជាន់ខ្ពស់របស់រដ្ឋឱ្យបដិសេធការសម្រេចចិត្តដើម្បីអនុញ្ញាតប្រារព្ធពិធីបុណ្យឆ្នាំនេះដោយបារម្ភថាវានឹងក្លាយទៅជាព្រឹត្តិការណ៍ "រីករាលដាលខ្លាំង" នៃមេរោគនៅក្នុងប្រទេស។

សូមជម្រាបថា ឥណ្ឌាបានរាយការណ៍ថាមានអ្នកឆ្លងកូវីដ១៩ សរុបចំនួន​​ ៣៥.៨៨ លាន ដែលជាចំនួនធំបំផុតរបស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។ ការស្លាប់បានកើនឡើងដល់ ៤៨៤,២១៣ករណី កាលពីថ្ងៃចន្ទ។ទន្ទឹមនើ ឥណ្ឌា​បាន​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ-១៩ លើប្រជាជនចំនួន ១,៦ លាន​នាក់​ កាល​ពី​ថ្ងៃ​ចន្ទនេះ៕

រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ CNA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]