រាជធានីភ្នំពេញ៖ សាលី អ៊ូមើត ដែលជា កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា និងជាម្ចាស់មេដាយមាសកីឡាអាស៊ី បានធ្វើការវះកាត់ឆ្អឹងខ្នងដោយជោគជ័យហើយនៅមន្ទីរពេទ្យមួយនាប្រទេសថៃកាលពីថ្ងៃពុធម្សិលមិញ ហើយត្រូវសម្រាកព្យាបាលរយៈពេល ៣ខែទើបអាចហ្វឹកហាត់ និងប្រកួតវិញបាន។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធម៉ូតូទឹកកម្ពុជា។
បើតាម សាលី អ៊ូមើត បានបញ្ជាក់ថា ខ្លួនពិតជារីករាយដែលការវះកាត់ទទួលបានជោគជ័យ ដើម្បីបន្ដក្ដីស្រម៉ៃរបស់ខ្លួនក្នុងការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដែលខ្លួនមានមហិច្ឆតាចង់ដណ្ដើមមេដាយមាសជូនជាតិ មុននឹងខ្លួនចូលនិវត្តន៍ពីអាជីពកីឡាមួយនេះ។ កីឡាករមានដើមកំណើតពីខេត្តត្បូងឃ្មុំដដែលបន្ដថា ការវះកាត់នេះចំណាយថវិកាប្រមាណ ១៥,០០០ដុល្លារ ដោយមិនរាប់បញ្ចូលសេវាកម្មផ្សេងៗ។ ប៉ុន្ដែការចំណាយទាំងអស់រ៉ាប់រងដោយម្ចាស់ក្លិបរបស់ខ្លួនគឺលោក Karl Heinrich Knauf ម្ចាស់ក្លិប Flamingo Jet Ski Team នៅប្រទេសថៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ៊ូមើត បានប្ដេជ្ញាចិត្តថា បន្ទាប់ពីជាសះស្បើយពីរបួស ខ្លួននឹងព្យាយាមហ្វឹកហាត់ និងពង្រឹងសមត្ថភាពដើម្បីបន្ដចូលរួមការប្រកួតអន្ដរជាតិនានា និងដណ្ដើមមេដាយជូនជាតិ ពិសេសដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា គឺការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ តែម្ដង។ គួរដឹងថា សាលី អ៊ូមើត បានរងរបួសប្រេះឆ្អឹងខ្នងក្រោយប៉ះទង្គិចជាមួយកីឡាករ កៃ វ៉ាន់ស៊ីដែន អំឡុងពេលហ្វឹកហាត់ ។ ប៉ុន្ដែភ្លាមៗខ្លួនមិនបានដឹងនោះទេ ទើបតែថ្មីៗរូបគេបានទៅពិនិត្យ និងរកឃើញ ហើយត្រូវបានវេជ្ជបណ្ឌិតតម្រូវឲ្យធ្វើការវះកាត់បន្ទាន់ ។ ការណ៍នេះហើយទើបធ្វើឲ្យកីឡាករខ្មែរ-ឥស្លាម រូបនេះបានខកខានចូលរួមប្រកួតពានរង្វាន់ពិភពលោក នៅប្រទេសថៃកាលពីសប្ដាហ៍កន្លងទៅ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]