រាជធានីភ្នំពេញ៖ យោងតាមសារពិសេសរបស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃសុក្រ ទី២១ មករា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់កែប្រែលក្ខខណ្ឌព្យាបាលអ្នកជំងឺកូវីដ១៩ ដោយកើតមេរោគបំប្លែងអូមីក្រុង ក្រោយពីឃើញថាស្ថានភាពអ្នកជំងឺវីរុសបំប្លែងថ្មីនេះ មិនមានសភាពធ្ងន់ធ្ងរ។

កាលពីពេលមុនក្នុងដំណាក់កាលតាមដានស្ថានភាពនៃការវាយប្រហាររបស់ជំងឺកូវីដ១៩នោះ សម្តេចតេជោ បានចេញបទបញ្ជាឱ្យអ្នកជំងឺអូមីក្រុងទាំងអស់ត្រូវតែព្យាបាលនៅតាមមន្ទីរពេទ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណា តាមរយៈសារសម្លេងពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការកត់សម្គាល់ថា អូមីក្រុង ទោះបីមានការចម្លងលឿន តែវាមិនមានលក្ខណៈឬសភាពធ្ងន់ធ្ងរនោះទេ បើធៀបជាមួយដែលតា ជាមួយអាល់ហ្វា ដែលយើងអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ នៅតាមសណ្ឋាគារ និងនៅតាមទីកន្លែង។

ដោយផ្អែកលើហេតុផលនេះហើយ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវបទបញ្ជាថ្មី ដោយអនុញ្ញាតឱ្យអ្នកជំងឹអូមីក្រុងអាចព្យាបាលនៅតាមផ្ទះសម្រាប់ពលរដ្ឋខ្មែរ។ ដោយឡែកជនបរទេសអាចព្យាបាលនៅសណ្ឋាគារ ឬនៅតាមស្ថានទូត។

តាមរយៈសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាដូចខាងក្រោម៖

១. សម្រាប់ជនបរទេសទាំងអស់ ដែលចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា រកឃើញវិជ្ជមានកូវីដ១៩ បើទោះបីអូមីក្រុង ឬមិនអូមីក្រុង ក៏សុំអនុញ្ញាតឱ្យទៅព្យាបាលនៅតាមសណ្ឋាគារ សម្រាកព្យាបាលនៅតាមស្ថានទូត សម្រាកព្យាបាលនៅតាមកន្លែង ដែលពួកគាត់ជ្រើសរើស។ ដូច្នេះមិនចាំបាច់យកជនបរទេសចូលទៅក្នុងមន្ទីរពេទ្យទៀតទេ។

២. ប្រជាពលរដ្ឋខ្មែរ ទាំងខ្មែរមកពីបរទេស ទាំងខ្មែរនៅក្នុងស្រុក ដែលមានការឆ្លងមេរោគអូមីក្រុង ក៏អនុញ្ញាតឱ្យទៅព្យាបាលនៅតាមផ្ទះដូចជំងឺដែលតា និងអាល់ហ្វាដូចគ្នា ដោយអនុវត្តនីតិវិធីបច្ចេកទេសសុខាភិបាល ក៏ត្រូវធ្វើដូចគ្នា។ ដូច្នេះពុំមានតម្រូវការចាំបាច់ដូចកាលពីពេលមុន ដែលតម្រូវត្រូវតែព្យាបាលនៅក្នុងមន្ទីរពេទ្យនោះទេ។ អ្នកជំងឺទាំងឡាយ ត្រូវរកទីកន្លែងសមរម្យ ក្នុងករណីតាមផ្ទះមិនអាចសម្រាកព្យាបាលបាន ចាំទៅមន្ទីរពេទ្យរបស់រដ្ឋ។ ប៉ុន្តែក្នុងករណីអាចព្យាបាលបាន សុំផ្តល់ឱកាសព្យាបាលនៅតាមផ្ទះ និងតាមទីកន្លែងដែលខ្លួនត្រូវការ។ មិនតម្រូវឱ្យមានការចូលមន្ទីរពេទ្យ ត្រូវតែនៅមន្ទីរពេទ្យដូចពេលមុនសម្រាប់ជំងឺអូមីក្រុងនោះទេ។

៣. អ្នកជំងឺអូមីក្រុង ដែលកំពុងស្ថិតនៅក្នុងម ន្ទីរពេទ្យបច្ចុប្បន្ននេះ ជាជនបរទេស ឬក៏ជាជនខ្មែរ បើចង់ចាកចេញពីមន្ទីរពេទ្យទៅព្យាបាលនៅតាមផ្ទះ ឬនៅតាមសណ្ឋាគារ ក៏សូមអនុញ្ញាតឱ្យចេញចាប់ពីយប់នេះតទៅ។

សម្តេចតេជោ បានបញ្ជាក់ថា បទបញ្ជានេះចាប់ផ្តើមអនុវត្តន៍ពីយប់នេះតទៅ។ សម្តេចតេជោ បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្នុងវិស័យសុខាភិបាល មន្ទីរពេទ្យ ក្រុមគ្រួសារ ក៏ដូចជាសាម៉ីខ្លួនចង់ចាកចេញពីមន្ទីរពេទ្យ ក៏អាចចាកចេញបាន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ចុងក្រោយថា ការអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះមិនមែនអនុញ្ញាតឱ្យដើរលេងតាមចិត្តនោះទេ គឺគ្រាន់តែផ្ទេរពីមន្ទីរពេទ្យទៅព្យាបាលតាមសណ្ឋាគារ ឬព្យាបាលនៅតាមផ្ទះ ឬព្យាបាលនៅកន្លែងផ្សេងក្រៅពីមន្ទីរពេទ្យតែប៉ុណ្ណោះ។

សម្តេចតេជោសង្ឃឹមថា ភ្ញៀវបរទេសដែលចូលមកកម្ពុជា នឹងមិនព្រួយបារម្ភពីការដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យ ក្នុងករណីរកឃើញកើតមេរោគបំប្លែងថ្មីអូមីក្រុង៕

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

ប្រភព៖ FN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]