ភ្នំពេញ៖ ប្រទេសចិន នឹងបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនមកកម្ពុជានេះ នឹងធ្វើឡើង ក្រោយពីមានការឯកភាពគ្នារវាងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយលោក Huang Luqi អនុប្រធាននាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិន។ នេះបើតាមការបង្ហោះសាររបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា។
មួយគ្នានេះ លោក ម៉ម ប៊ុនហេង បានចុះហត្ថលេខាជាមួយលោក Huang Luqi លើកិច្ចព្រមព្រៀងស្តីពីការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនប្រយុទ្ធជំងឺកូវីដ-១៩មកកម្ពុជា កាលពីថ្ងៃទី២៥មករា ឆ្នាំ២០២២។ តាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា ៖ «ការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនមកកាន់កម្ពុជា នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងកិច្ចទប់ស្កាត់ជំងឺកូវីដ-១៩ និងជួយជំរុញការអភិវឌ្ឍចំណងមិត្តភាពរវាងចិននិងកម្ពុជា»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Huang Luqi ដែលជាអនុប្រធាននាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិន បានលើកឡើងថា ចិននិងកម្ពុជា ជាប្រទេសជិតខាងល្អនឹងគ្នា។ លោកបានបន្តរៀបរាប់ដូច្នេះថា៖ « ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩មក ចិននិងកម្ពុជាបានពួតដៃគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ បង្កើតបានជាគំរូនៃកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់សហគមន៍អន្តរជាតិ»។
បើតាមស្ថានទូតចិនប្រចាំកម្ពុជា ភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបុរាណចិនមកកាន់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នឹងបំពេញបេសកកម្មជាជំនួយវេជ្ជសាស្រ្តក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈក្នុងរយៈពេលមួយឆ្នាំ។
លោក Huang Luqi បានបញ្ជាក់ថា៖ «ភាគីចិននឹងសម្រេចចិត្តបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនមកកាន់កម្ពុជា គឺជាសកម្មភាពដ៏សំខាន់ក្នុងការអនុវត្តកុងសុងស៊ីសនៃថ្នាក់ដឹកនាំទាំងពីរប្រទេស»។
អនុប្រធាននាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិនរូបនេះ ជឿជាក់ថា ក្រុមវេជ្ជសាស្រ្តចិន មិនត្រឹមតែជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ប៉ុណ្ណោះទេ គឺថែមទាំងជួយជំរុញការអភិវឌ្ឍវិស័យឱសថបុរាណរបស់កម្ពុជា ផងដែរ។ លើសពីនេះទៅទៀត កិច្ចសហការដ៏ជិតស្និទនេះ នឹងចូលរួមចំណែកថ្មីក្នុងការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា។
សូមជម្រាបថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ គឺជាជំនួយឥតសំណងដែលចិនផ្តល់ឱ្យកម្ពុជា។ ក្រៅពីមន្ទីរពេទ្យនេះ ចិនក៏បានផ្តល់ជំនួយជាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងជំនួយបច្ចេកទេស រួមទាំងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាច្រើន ឱ្យកម្ពុជាផងដែរ៕
ប្រភព៖ ថ្មីៗ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]