ខេត្តព្រះសីហនុ៖ យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីប្រជាជនចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុសូមធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ទាំងអស់ និងជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុចូលរួមអនុវត្តដូចខាងក្រោម៖

១-ហាមដាច់ខាតការតាំងលក់ជាតិផ្ទុះ ជាតិឆេះ និងការបាញ់កាំភ្លើង ដុតជាតិផ្ទុះ ជាតិឆេះគ្រប់ ប្រភេទ ដែលបង្កជាសំឡេងផ្ទុះខ្លាំងៗ និងអាចបង្កគ្រោះអគ្គិភ័យជាយថាហេតុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

២- ហាមឃាត់ការលេងល្បែងស៊ីសងអត់ច្បាប់គ្រប់ប្រភេទ។

៣-នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី “អូមីក្រុង”។

៤- ស្នើបងប្អូនម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាជីវកម្មទាំងអស់ រក្សាតម្លៃ លក់ ឱ្យបានសមរម្យ និងបម្រើសេវាកម្មជូនភ្ញៀវឱ្យបានល្អ។ ដោយឡែកប្រតិបត្តិករទូកទេសចរណ៍ កម្សាន្តលើសមុទ្រ និងទូកដឹកជញ្ជូនទាំងអស់ ត្រូវរក្សាបរិមាណចំនួនអ្នកដំណើរជាមធ្យម និង ផ្តល់អាវពោងសុវត្ថិភាព ដល់អ្នកដំណើរក្នុងពេលធ្វើដំណើរលើផ្ទៃសមុទ្រ។

៥- មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវជូនដំណឹងដល់បណ្តាសមាគមចិន និង ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។

៦- រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវផ្សព្វផ្សាយសេចក្ដីណែនាំនេះដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្រោមឱវាទ និងប្រជាពលរដ្ឋ ឱ្យមានស្មារតីប្រុងប្រយ័ត្នក្នុងការរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម ឱ្យបានល្អ និងប្រុងប្រយ័ត្នការអុជ ទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើង។

៧- ស្នងការនគរបាលខេត្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ ការបើកបរក្នុងពេលស្រវឹង និងលើសល្បឿនកំណត់ ដែលនាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។

៨- ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវចេញបទបញ្ជាឱ្យ បានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្តតាមសេចក្ដីណែនាំខាងលើ ឱ្យមានប្រសិទ្ធភាព។

៩. អង្គភាពដែលមានរថយន្តពន្លត់អគ្គិភ័យ ត្រូវត្រៀមលក្ខណៈក្នុងកិច្ចសង្គ្រោះពេលមានអគ្គិភ័យ កើតឡើងជាយថាហេតុ។

១០-ជនណាបំពានលើសេចក្ដីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសតាមច្បាប់ជាធរមាន។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

សេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ
សេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]