ព្រះសីហនុ៖ នាពេលថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុ កំពុងសិក្សាពីទេសចរណ៍បាតសមុទ្រ ខណៈទេសចរណ៍ប្រភេទនេះ កំពុងត្រូវប៉ាន់ខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ដោយឡែក យោងតាមប្រសាសន៍របស់លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ថា ទេសចរណ៍បាតសមុទ្រ នឹងទាក់ទាញភ្ញៀវទេសចរបន្ថែម ប៉ុន្តែវាក៏ជាភារកិច្ចថ្មីរបស់រដ្ឋបាលខេត្តដែរ។ ដោយភូមិសាស្រ្តខេត្តព្រះសីហនុ សម្បូរទៅដោយតំបន់ផ្កាថ្មច្រើនជាងគេ គឺរហូតដល់ ១ ១៩៨ហិកតា ខណៈខេត្តកំពតមានត្រឹមតែ ៩៥៣ហិកតា។ បន្ថែមពីលើនេះ ខេត្តកោះកុង ក៏មានតំបន់ផ្កាថ្ម៦០២ហិកតាដែរ រីឯខេត្តកែបមាន ជាង៥២ហិកតា។ នេះបើតាមរបាយការណ៍កាលពីឆ្នាំ២០០៧ របស់ក្រសួងបរិស្ថាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនមែនមែនតែតំបន់ឆ្នេរនោះទេ តំបន់ផ្កាថ្មក្នុងខេត្តព្រះសីហនុ កំពុងប្រែក្លាយបន្តិចម្តងៗទៅជាផលិតផលទេសចរណ៍ថ្មី សម្រាប់ខេត្តជាប់មាត់សមុទ្រមួយនេះ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា ទេសចរណ៍បែបមុជទឹកមើលផ្កាថ្ម កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ។ តែរដ្ឋបាលខេត្ត ត្រូវសិក្សាស្រាវជា្រវបន្ថែម លើតំបន់ដែលទេសចរអាចមុជទឹកមើលផ្កាថ្មបាន និងវិធីរក្សាសុវត្ថិភាពដល់ទេសចរ។

យ៉ាងណាក៏ដោយ អភិបាលរងរូបនេះ ថ្លែងឥតលាក់លៀមថា អ្នកជំនាញក្នុងផ្នែកទេសចរណ៍បាតសមុទ្រនេះ នៅមានកម្រិត ហើយនេះគឺជាមេរៀនថ្មីបន្ថែមសម្រាប់ខេត្ត ដើម្បីធានាពីសុវត្ថិភាពរបស់អ្នកទេសចរ ដោយលោកបានបរិយាយថា៖

  លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ  

បើតាមអភិបាលរងខេត្តព្រះសីហនុដដែល ដើម្បីរក្សាសុវត្ថិភាពរបស់ភ្ញៀវទេសចរកម្សាន្តនៅបាតសមុទ្រ រដ្ឋបាលខេត្តព្រះសីហនុ នឹងបង្កើនឆ្មាំសមុទ្រ និងផ្ដល់ព័ត៌មានពីអាកាសធាតុ ព្រមទាំងមានអ្នកត្រៀមអន្តរាគមន៍ រាល់ពេលមានឧបទ្ទវហេតុ។ ចំណែកតម្លៃសេវាកម្មនាំភ្ញៀវ និងផ្ដល់សម្ភារដល់ទេសចរសម្រាប់មុជទឹក រដ្ឋបាលខេត្តព្រះសីហនុ កំពុងណែនាំដល់ម្ចាស់អាជីវកម្មនេះផងដែរ។

ក្រៅពីទេសចរណ៍បាតសមុទ្រ រដ្ឋបាលខេត្តព្រះសីហនុ ក៏កំពុងជំរុញទេសចរណ៍បែបធម្មជាតិ ដូចជាតំបន់ឆ្នេរ កោះ ទឹកជ្រោះ ព្រៃកោងកាង និងឧទ្យានជាតិជាដើម។ ចំណែកតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ រដ្ឋបាលខេត្តនេះកំពុងអភិវឌ្ឍន៍នៅឆ្នេររាម និងតំបន់មួយចំនួនទៀតក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា។ តាមរយៈផលិតផលទេសចរណ៍មានស្រាប់និងផលិតផលទេសចរណ៍ថ្មីនេះ លោក ឡុង ឌីម៉ង់ រំពឹងថាក្នុងឆ្នាំ២០២២ ខាងមុខខេត្តព្រះសីហនុ នឹងអាចទទួលបានភ្ញៀវទេសចរប្រមាណ ១,៣លាននាក់ ខណៈភ្ញៀវអន្តរជាតិអាចមានប្រហែល ២៥ម៉ឺននាក់។

គួរបញ្ចាក់ដែរថា ខេត្តព្រះសីហនុ មានកោះតូច ធំ ចំនួន៣២ ហើយក៏មានសក្តានុពលទេសចរណ៍ធម្មជាតិក្នុងទឹក និងលើគោកជាច្រើនដែរ៕

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមុជទឹកមើលផ្កាថ្ម 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]