រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៍មានស្តី សុក្រឹតភាព និងភាពទទួលយកបាន នៃលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

បើតាមសេចក្តីប្រកាសព័ត៍មាន បានបញ្ជាក់ឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖២៧ ធ្នូ ២០២១នេះ បានប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៍ តម្លាភាព និងលទ្ធផល ទទួលយកបាន, ស្របតាមលក្ខណៈបច្ចេកទេសប្រឡង និងស្របតាមទស្សនាទាន «អ្នកចេះ គឺជាប់» ព្រមទាំងក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល និងកិច្ចសហការយ៉ាងជិតស្និទពីសំណាក់ក្រសួងមហាផ្ទៃ,​ អង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងសុខាភិបាល, អាជ្ញាធរដែនដី, កងកម្លាំង, សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គិសនីកម្ពុជា, ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ, និងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត ជាពិសេស ការខិតខំប្រឹងប្រែងរៀនសូត្រផ្ទាល់របស់បេក្ខជន ព្រមទាំងការអនុវត្តភារកិច្ចប្រកបដោយភាពម៉ត់ចត់, វិជ្ជាជីវៈ, មនសិការការងារ, និងស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈមេប្រយោគ និងគណៈកម្មការនានាគ្រប់ជាន់ថ្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្លើយតបចំពោះសំណូមពរ និងការតវ៉ារបស់បេក្ខជនចំពោះលទ្ធផលនៃការប្រឡង ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើត «គណៈកម្មការកោសលវិច័យ» ដើម្បីពិនិត្យ និងដោះស្រាយករណីខាងលើ ធ្វើយ៉ាងណាឱ្យបេក្ខជន​ មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជន ជឿទុកចិត្តចំពោះលទ្ធផលប្រឡង។

ក្រោយពីបានបញ្ចប់ការធ្វើកោសលវិច័យ គណៈកម្មការកោសលវិច័យ បានរកឃើញថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ មិនមានការប្រែប្រួលទេ។ ឈរលើមូលដ្ឋាននេះ ក្រសួងសូមប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៍មាននេះតទៅ។

ចំពោះសិស្សប្រឡងធ្លាក់ ក្រសួងសូមលើកទឹកចិត្តឱ្យខិតខំរៀនសូត្របន្ត ដោយមានការជួយគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីទទួលបានជោគជ័យ ក្នុងការប្រឡងនៅឆ្នាំខាងមុខ៕

ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីប្រកាសព័ត៍មានរបស់ក្រសួងអប់រំ យុវជន និងកីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]