ថៃ៖ លោកវេជ្ជបណ្ឌិត Manoon Leechawengwongs អ្នកឯកទេសខាងផ្លូវដង្ហើម បាននិយាយនៅក្នុងការបង្ហោះ Facebook កាលពីថ្ងៃសុក្រថា ជំងឺរាតត្បាត Covid-19 គួរតែបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយសារមេរោគកូវីដ១៩ ប្រភេទរង Omicron BA.1 និង BA.2 នឹងធ្វើឱ្យវាក្លាយជាជំងឺឆ្លងធម្មតា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន The Nation របស់ថៃ។

ជម្ងឺឆ្លងគឺជាជំងឺមួយដែលមានវត្តមានជានិច្ចក្នុងកម្រិតធំជាង ឬតិចជាងក្នុងចំណោមប្រជាជននៃវណ្ណៈជាក់លាក់មួយ ឬរស់នៅក្នុងទីតាំងជាក់លាក់មួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកឯកទេសមកពីមន្ទីរពេទ្យ Vichaiyut បាននិយាយថា៖ «មេរោគកូវីដ១៩ ប្រភេទរង BA.2 ពេលនេះ ត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ៥៧ ហើយនៅក្នុងតំបន់ខ្លះវាបានក្លាយទៅជាប្រភេទរងដ៏សំខាន់ជំនួស BA.1 ឬប្រភេទ Omicron ដើម»។

អង្គការសុខភាពពិភពលោក បាននិយាយថា៖ «BA.2 គឺ ៥០ ភាគរយអាចឆ្លងបានច្រើនជាង BA.1 ប៉ុន្តែមិនមានគ្រោះថ្នាក់ជាងនេះទេនៅពេលដែលនិយាយដល់រោគសញ្ញាធ្ងន់ធ្ងរឬការស្លាប់ ក្នុងចំណោមអ្នកជំងឺដែលឆ្លង»។

Omicron BA.2 ក៏ត្រូវបានគេដាក់ឈ្មោះថា «មេរោគបំបាំងកាយ»ដោយសារការលំបាកក្នុងការប្រាប់ពីភាពខុសគ្នារវាងវីរុសបម្លែងខ្លួនថ្មី BA.2 និង Delta ដោយក្នុងនោះ ម៉ាស៊ីន RT-PCR ពិបាកក្នុងការមើលវីរុសប្រភេទនេះ។

លោក Manoon បានបន្ថែមថា អ្នកដែលបានទទួលការចាក់វ៉ាក់សាំងចំនួន ២ ដូសដំបូង និងវ៉ាក់សាំងដូសជំរុញ នឹងមានអភ័យឯកសិទ្ធិគ្រប់គ្រាន់ដើម្បីការពាររោគសញ្ញាធ្ងន់ធ្ងរ និងការស្លាប់ បន្ទាប់ពីឆ្លងមេរោគ BA.1 ឬ BA.2 ។

វេជ្ជបណ្ឌិតរូបនេះ បានបន្តថា៖​«មេរោគបម្លែងខ្លួនប្រភេទ BA.2 នឹងជំនួសគ្រប់វីរុសបម្លែងថ្មីទាំងអស់នៃជំងឺកូវីដ១៩ ដែលបានរកឃើញពីមុននៅស្ទើរតែគ្រប់ប្រទេស។ មនុស្សភាគច្រើននឹងឆ្លងមេរោគកាន់តែលឿន បង្កើតភាពស៊ាំទាំងមូល និងបញ្ចប់ជំងឺរាតត្បាត។ កូវីដ-១៩ គួរតែក្លាយជាជំងឺឆ្លងធម្មតា នៅក្នុងឆ្នាំនេះ»។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Manoon បានបន្ថែមថា៖ «អ្នកដែលមិនធ្លាប់ចាក់វ៉ាក់សាំង ឬទើបតែបានចាក់វ៉ាក់សាំងលើកដំបូង គួរតែទៅទទួលចាក់វ៉ាក់សាំង។ នេះជាវិធីតែមួយគត់ដែលយើងអាចបញ្ចប់ជំងឺរាតត្បាតនេះឱ្យបានល្អ»៕

លោកវេជ្ជបណ្ឌិត Manoon Leechawengwongs
លោកវេជ្ជបណ្ឌិត Manoon Leechawengwongs
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]