បាត់ដំបង៖ ប្រាសាទស្នឹង ជាប្រាសាទដ៏ចំណាស់មួយ ដែលស្ថិតនៅភូមិ ស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ ប្រាសាទនេះ មានចម្ងាយជាង ២២គីឡូម៉ែត្រ ពីក្រុងបាត់ដំបង។ ជាទូទៅប្រាសាទមួយនេះ ហាក់បីដូចជាមិនសូវមានភ្ញៀវទេសចរមកទស្សនាកម្សាន្ត ដូចប្រាសាទនានាក្នុងខេត្តដំបងនោះឡើយ។

ដោយឡែក យោងតាមប្រសាសន៍របស់លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង អះអាងថា ប្រាសាទស្នឹង កសាងនៅសតវត្សទី១១  ក្នុងរាជរបស់ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ ដល់ ១០៦៦ គ.ស )។  ព្រះអង្គត្រូវជាបុត្ររបស់ ព្រះបាទសូរ្យវរ្ម័នទី១ ដែលជាព្រះមហាក្សត្រកសាង ប្រាសាទឯកភ្នំ និងប្រាសាទ បាសែត។ ប្រាសាទស្នឹងខាងលិច សង់អំពីថ្មភក់ និង ប្រាសាទខាងកើត ធ្វើអំពីឥដ្ឋលើខឿនតែមួយ។ ព្រះបាទឧទយាទិត្យវម៌្មទី២ កសាងប្រាសាទទាំងពីរនេះ ដើម្បីឧទិសដល់ព្រហ្មញ្ញសាសនា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមការបញ្ចាក់របស់ លោក សោភ័ណ បានមានប្រសាសន៍ថាលោកសង្កេតឃើញថា កន្លងទៅ ប្រាសាទទាំងពីរនេះ មិនសូវមានអ្នកទេសចរ មកទស្សនាច្រើន ដូចប្រាសាទនានា ក្នុងខេត្តបាត់ដំបងឡើយ។ ប្រាសាទនេះ មានថ្មរប៉ាត់រប៉ាយ  ដែលមន្ទីរវប្បធម៌ បានប្រមូលពីតំបន់ក្បែរៗនោះ បានប្រមាណ ៦៧ ដុំ ដើម្បីយកមកទុកជិតប្រាសាទស្នឹងខាងលិច។ មន្ទីរវប្បធម៌ នឹងជួសជុស នៅពេលមាន កញ្ចប់ថវិកាជាតិ។  

ចំពោះប្រាសាទស្នឹងខាងកើត សងពីឥដ្ឋលើដីទួល ដែលមានរាងជាចេតិយ ដាច់ៗពីគ្នាបែរមុខទៅទិសខាងកើត ។ នៅប្រាសាទកណ្តាលនេះ មានចម្លាក់ព្រះឥន្ធគង់លើដំរីក្បាលបី អមដោយ ចម្លាក់រាហូនៅខាងក្រោម។ 

ចំណែកឯប្រាសាទស្នឹងខាងលិច ជាប្រាសាទទោល ដែលសង់ពីថ្មភក់មានទ្វារ៤ទិស។ ប៉ុន្តែ៣ទិស ត្រូវបានបិតជិត ដោយនៅតែទ្វារខាងកើតប៉ុណ្ណោះ។  ទេសចរ មិនអាចចូលទៅខាងក្នុងប្រាសាទបាននោះទេ ដោយសារ ការបាក់ថ្ម នៃកំពូលប្រាសាទ។

ផ្តែរទ្វារខាងត្បូង មានចម្លាក់តោបីក្បាលលើកដៃជាទម្រ ហើយមាន មនុស្ស ឬទេវតា និងអប្សររាំ។ បើតាមឯកសារស្រាវជ្រាវ ចម្លាក់លើផ្ដែរខាងត្បូងនេះ ក៏បង្ហាញអំពីឈុតមួយក្នុង រឿងមហាភារត។

យ៉ាងណាមិញ សូមបញ្ជាក់ថា ប្រាសាទស្នឹងទាំងពីរនេះ ត្រូវបានរងការខូចខាត  ដោយសារធម្មជាតិ និងសង្គ្រាម។ មន្ទីរវប្បធម៌ គ្រោងនឹងរៀបចំ តំបន់ប្រាសាទស្នឹង ទៅជាតំបន់ទេសចរណ៍ នានាពេលខាងមុខ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យកាន់តែច្រើនបន្ថែមទៀត៕

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

ប្រាសាទស្នឹង
ប្រាសាទស្នឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]