ភ្នំពេញ៖ នៅក្នុងពេលបច្ចុប្បន្ននេះកម្ពុជាបានបញ្ជួនពលករទៅធ្វើការនៅក្រៅប្រទេសចំនួន ៦ ប្រទេស ប៉ុន្តែក្នុងនោះមានតែប្រទេសថៃប៉ុណ្ណោះ ដែលមានពលករទៅធ្វើការនៅក្នុងប្រទេសមួយនេះច្រើនជាងគេ។

ដោយឡែក បើយោងតាមប្រសាសន៍លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី០៦ កម្ភៈនេះថា ក្នុង​វិបត្តិកូវីដ១៩នេះ​ មានតែប្រទេសថៃទេ ដែលបានបើកប្រទេសទទួលពលករទៅធ្វើការក្នុងចំណោម ៦ ប្រទេស។ ចំណែក ៥ ប្រទេសផ្សេងទៀត នៅមិនទាន់បើកព្រំដែនទទួលពលករធ្វើការនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមការបញ្ជាក់របស់​ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា ក្នុងចំណោម ៦ ប្រទេសដែលកម្ពជាបញ្ជួនពលករទៅធ្វើការនោះមានតែប្រទេសថៃទេមានពលករធ្វើការច្រើនជាងគេដោយមានប្រមាណ ១លាន២សែននាក់ បន្ទាប់មកកូរ៉េខាងត្បូង ជប៉ុន សឹង្ហបុរី ហុងកុងនិង ម៉ាឡេស៊ី។

លោក អន ប៊ុនហាក់ បានបន្ថែមទៀតថា បើ​ទោះបីជាថៃបើកទទួលពលករក៏ពិតមែន ថៃបានមានអាទិភាពពលករខ្មែរមុនគេដោយសារពលករខ្មែរ ដោយសារបានចាក់វ់ាក់សាំងបានគ្រប់ដូសរហូតដល់ដូសជំរុញឬដូសទី៣និងដូសទី៤ ដែលធ្វើឱ្យកម្រិតហានិភ័យនៃការឆ្លងជំងឺកូវីដ១៩មានកម្រិត​ទាបបំផុត។

កម្ពុជាបានបញ្ជួនពលករ MOU ជាលើកដំបូងចំនួន២២០នាក់កាលពីថ្ងៃទី០១ខែកម្ភៈឆ្នាំ២០២២ ដោយធ្វើការនៅរោងចក្រសាច់មាន់ PANU SPOULTRY GROUP CO., LTD. នៅខេត្តឈុនបុរីដោយពួកគេម្នាក់ៗទទួលបានប្រាក់ខែពី ៥០០ ទៅ ៧០០ដុល្លារក្នុង១ខែ ហើយក៏​ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីភាគីថៃទាំងកន្លែងធ្វើចត្តាឡីស័ក និងការផ្តល់អាហារ។

នៅក្នុងពេលចុងខែនេះកម្ពុជានឹងបញ្ជួនពលករ MOU ចំនួន​៨០០នាក់បន្ថែមទៀតទៅធ្វើការនៅថៃនឹងត្រូវបញ្ជួនទៅពីរលើកគឺនៅថ្ងៃទី២១និងថ្ងៃទី២៨ខែកម្ភៈឆ្នាំ២០២២ ដោយទៅធ្វើការនៅក្រុមហ៊ុនស៊ីភីផ្នែកចំណីអាហារដ៏ធំរបស់ថៃ និងបញ្ជួនទៅធ្វើការនៅតាមក្រុមហ៊ុនតូចៗដែលមានតម្រូវការពលករពី១០ឬ២០នាក់ជាបន្តបន្ទាប់ទៀត។

ចំពោះពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃ ត្រូវមានលក្ខខណ្ឌមួយចំនួនដូចជាត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ១៩រយៈពេល៧២ម៉ោងតាមម៉ាស៊ីនPCRឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់វិញ្ញាបនបត្រថាមិនមានឆ្លងជំងឺកូវីដ១៩។ពេលទៅដល់ព្រំដែនពលករត្រូវធ្វើតេស្តហើយបើលទ្ធផលតេស្តអវិជ្ជមានត្រូវបន្តធ្វើចត្តាឡ័ស័ករយៈពេល៧ថ្ងៃនិងថ្ងៃទី៧ត្រូវធ្វើតេស្តម្តងទៀតហើលទ្ធផលនៅអវិជ្ជមានទៀតទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការតែម្តង។

យ៉ាងណាមិញ ជាចុងក្រោង លោក អន ប៊ុនហាក់ បាន​បញ្ជាក់ឲ្យ​ដឹង​ថា ក្នុងករណីមានវិជ្ជមានកូវីដ១៩ត្រូវបញ្ជួនទៅកន្លែងព្យាបាល ហើយរាល់ការចំណាយទៅលើការ​ព្យាបាលជាបន្ទុករបស់និយោជកថៃទាំងស្រុង៕

ប្រភព៖ កម្ពុជាថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពប្រជាជនឆ្លងកាត់នៅប្រលានយន្តហោះ (រូបតំណាង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]