ភ្នំពេញ៖ នៅក្នុងពេលខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមប្រមូលអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកចាប់ពីខែមេសា ឆ្នាំ២០២២ខាងមុខតទៅ និងបន្តពន្យារពេលរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដើម្បីទុកពេលវេលាបន្ថែមដល់ អ្នកជាប់ពន្ធក្នុងការស្វែងយល់បន្ថែម និងត្រៀមខ្លួនឱ្យបានរួចរាល់។

ដោយឡែក យោងតាមប្រសាសន៍របស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងក្នុងកិច្ចប្រជុំពិភាក្សាជាមួយបណ្ដាក្រុមហ៊ុន ដែលផ្គត់ផ្គង់សេវាអឺនធើណេតចំនួន ៤៩ នៅកម្ពុជាកាលពីថ្ងៃទី០៧ ខែកុម្ភៈថា ក្នុងរយៈពេលចុងក្រោយនេះ អាជីវកម្មតាមអនឡាញ វិស័យអនឡាញ និងអ៊ិនធើណេត មានការសន្ទុះយ៉ាងខ្លាំង និងកើនឡើងយ៉ាងគគ្រឹកគគ្រេង ខណៈសហគ្រាសមួយចំនួនបានចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចសារពើពន្ធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការបញ្ជាក់ដោយលោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបន្តថា ប៉ុន្តែមានសហគ្រាសមួយចំនួនធំពុំទាន់បានចុះបញ្ជី និងយល់ដឹងអំពីកាតព្វកិច្ចសារពើពន្ធនៅឡើយ។ ដូច្នេះ ការពង្រឹងនូវការគ្រប់គ្រង សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជាការពង្រឹងការប្រកួតប្រជែងដោយស្មើភាព និងអនុលោមភាពសារពើពន្ធ សម្រាប់វិស័យនេះ។

យ៉ាងណាមិញ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានក្តីសង្ឃឹមថា ថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុន ដែលប្រកបអាជីវកម្មជាអ្នកផ្គត់ផ្គង់សេវាអឺនធើណេត នៅកម្ពុជានឹងសហការចូលរួមយ៉ាងសកម្ម ជាមួយអគ្គនាយកដ្ឋានពន្ធដារក្នុងការអនុវត្តអាករលើតម្លៃបន្ថែម នេះប្រកបដោយប្រសិទ្ធភាពខ្ពស់។

អាស្រ័យហេតុនេះ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៦៥ អនក្រ.បក ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលមានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់អនិវាសនជន នៅក្រៅកម្ពុជាមកក្នុងកម្ពុជា។ ដោយឡែកចំពោះសកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកក្នុងកម្ពុជា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ ស្តីពីអាករលើតម្លៃបន្ថែមជាធរមាន៕

ប្រភព៖ កម្ពុជាថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

អគ្គនាយកដ្ឋានពន្ធដារ (រូបតំណាង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]