រាជធានីភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា នាយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ បានអំពាវនាវដ៏ទទូចឱ្យក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ សហការចូលរួមយកសំណាកឱ្យបានគ្រប់ៗគ្នា និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីចៀសវៀងការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកអូមីក្រុង កាន់តែធ្ងន់ធ្ងរជាងនេះ ព្រោះគ្មានបុគ្គលណាមួយមកឈឺជំនួស ឬប្រឈមមុខនឹងផ្លូវច្បាប់ជំនួសបងប្អូននោះទេ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៍មាន នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោកជំទាវ បានគូសបញ្ជាក់ថា ៖ “វីរុសកូវីដ-១៩ ពពួកបំប្លែងអូមីក្រុងនេះ ការឆ្លងរបស់វាលឿនណាស់ ហើយគ្មានព្រំដែនកំណត់នោះទេ។ ដូច្នេះហើយ បុគ្គលគ្រប់រូបដែលមិនបានអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវទេនោះ បុគ្គលទាំងនោះនឹងមានហានិភ័យខ្ពស់ណាស់ក្នុងការឆ្លងវីរុសកូវីដ-១៩ ហើយនឹងបន្តចម្លងវីរុសនេះទៅក្រុមគ្រួសារ និងសហគមន៍រស់នៅបន្ថែមទៀត”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះផងដែរ លោកជំទាវ បានបន្ថែមថាចំណុចដែលចាំបាច់បំផុតនោះគឺ បុគ្គលគ្រប់រូបមិនថាក្រុមណាជាក្រុមណា ដែលបានពាក់ព័ន្ធដោយផ្ទាល់ឬប្រយោលនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩ ត្រូវតែអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយការយកសំណាក ការធ្វើចត្តាឡីស័ក រួមជាមួយនឹងការអនុវត្តវិធានការ ០៣ការពារ និង០៣កុំ ឱ្យបានម៉ត់ចត់ជាទីបំផុត។

ដោយឡែក សម្រាប់ក្រុមដែលឆ្លៀតឱកាសដើម្បីបង្កបញ្ហាក្នុងការគ្រប់គ្រង ការឆ្លើយតបផ្សេងៗទៅនឹងវីរុសកូវីដ-១៩ របស់ក្រសួងសុខាភិបាល ត្រូវតែបញ្ឈប់ជាបន្ទាន់ ដោយមិនត្រូវប្រើប្រាស់បញ្ហានេះដើម្បីកេងចំណេញផលប្រយោជន៍បុគ្គល ក្រុមខ្លួន ឬផលប្រយោជន៍នយោបាយនោះទេ ព្រោះថាបញ្ហាកូវីដ-១៩នេះ វាប៉ះពាល់ទៅដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋយើង។ លោកជំទាវបានសង្កត់ធ្ងន់ថា ៖ “អ្នកដែលគេប្រើប្រាស់បងប្អូន គេនឹងមិនប៉ះពាល់ទេ ប៉ុន្តែបងប្អូនទៅវិញទេដែលនឹងរងផលប៉ះពាល់ផ្នែកសុខភាព ហើយនឹងប្រឈមនឹងផ្លូវច្បាប់ថែមទៀត ហើយបុគ្គលនោះ ឬក្រុមនោះ នឹងមិនមកឈឺជំនួសបងប្អូន ឬទទួលខុសត្រូវចំពោះមុខច្បាប់ជំនួសបងប្អូននោះដែរ”។

សូមបងប្អូនត្រូវគិតឱ្យបានច្បាស់ចំពោះបញ្ហានេះ ការរកឃើញករណីវិជ្ជមានកាន់តែលឿនគឺជាការប្រសើរសម្រាប់បុគ្គលគ្រប់រូប ដែលនឹងទទួលការព្យាបាលបានត្រឹមត្រូវពីក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល តាមស្តង់ដាបច្ចេកទេស ហើយក៏ជួយបងប្អូនពីការចម្លងទៅក្រុមគ្រួសារ មិត្តភក្តិ សាច់ញាតិ និងសហគមន៍រស់នៅជាដើម។

កាលពីពេលថ្មីៗនេះផងដែរ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានផ្ញើសារជូនដល់បងប្អូនក្រុមបាតុករដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ៖ «ការទាមទារតាមទំនើងចិត្ត ពុំមែនជាសិទ្ធិដែលត្រូវបានការពារដោយច្បាប់នោះទេ ហើយសកម្មភាពបំពានច្បាប់ណាមួយ ក៏ពុំមែនជាសិទ្ធិសេរីភាពរបស់បងប្អូននោះឡើយ។ សូមបងប្អូនកុំលលេងនឹងសំណាញ់ច្បាប់ ព្រោះសំណាញ់នេះពិបាកនឹងស្រាយណាស់ ហើយក្រុមដែលចង នឹងមិនប្រាកដថានឹងចេញមុខទេ។»

គិតមកត្រឹមថ្ងៃម្សិលមិញនេះ ក្រុមបាតុករដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហា្គវើលដ៍ប្រមាណ ៤០នាក់ហើយ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩៕

លោកជំទាវ ឱ វណ្ណឌីន
ឯកឧត្តម គឹម សន្តិភាព
រូបភាព

ប្រភព៖ ក្រសួងព័ត៍មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]