រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលសន្និសីទចតុមុខ លោកជំទាវ ភឿង សកុណារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានបញ្ជាក់យ៉ាងដូច្នេះថា ក្រសួងបានបន្តរៀបចំនិងសហការរៀបចំឯកសារដើម្បីស្នើសុំចុះ «ប្រាសាទកោះកេរ» «នំបញ្ចុក» «ក្បាច់គុនល្បុក្កតោ» និង «ទីក្រុងបាត់ដំបង» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ, និងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិត (Creative Cities Network) របស់អង្គការយូណេស្កូ ហើយក៏បានបន្តរៀបចំបញ្ជីត្រៀមដើម្បីគ្រោងស្នើសុំចុះសម្បត្តិវប្បធម៌ដែលមានសក្តានុពលផ្សេងទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ រួមមាន ក្រុមប្រាសាទបន្ទាយឆ្មារ, រមណីយដ្ឋានអង្គរបុរីនិងភ្នំដា, រមណីយដ្ឋានគូលែន, ក្រុមប្រាសាទបេងមាលា, ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ, រមណីយដ្ឋានឧដុង្គ, មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក, អតីតមន្ទីរឃុំឃាំង ម-១៣, និងព្រះរាជពិធីបុណ្យអុំទូក»។
សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះ បានដាក់បញ្ចូលប្រាសាទអង្គរវត្ត, ប្រាសាទព្រះវិហារ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, ប្រាសាទសម្បូរព្រៃគុក, របាំព្រះរាជាទ្រព្យ, ល្ខោនស្រមោលស្បែកធំ ,រឿងរាមកេរ្តិ៍តាគ្រុឌ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែង, ល្ខោនខោលវត្តស្វាយអណ្តែត ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលនេះជាមោទកភាពដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]