ស៊ុយអែត៖ ប្រទេសស៊ុយអែត បានសម្រេចលុបចោល វិធានការរឹតបន្តឹងកូវីដ១៩ ក្នុងប្រទេស ស្ទើរតែទាំងអស់ កាលពីថ្ងៃពុធ ទី៩ ខែកុម្ភៈ ហើយប្រទេសនេះ បានបញ្ឈប់ការធ្វើតេស្តរកកូវីដ១៩ ទោះបីជាសម្ពាធលើប្រព័ន្ធថែទាំសុខភាពនៅតែមានកម្រិតខ្ពស់ ហើយអ្នកវិទ្យាសាស្ត្រមួយចំនួន បានសុំឱ្យមានការអត់ធ្មត់បន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន The Strait Times។

ជាមួយគ្នានេះ រដ្ឋាភិបាលស៊ុយអែត បានកែសម្រួលនូវវិធានការបិទខ្ទប់ ដោយមានវិធីសាស្រ្តស្ម័គ្រចិត្តវិញ ដោយបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងលុបចោលវិធានការរឹតបន្តឹងដែលនៅសល់ ហើយរដ្ឋាភិបាល បានប្រកាសថាខ្លួនអាចគ្រប់គ្រងជំងឺរាតត្បាតបាន ដោយសារវ៉ាក់សាំង និងវីរុសបម្លែងខ្លួនអូមីក្រុង មានលក្ខណៈមិនសូវធ្ងន់ធ្ងរ និងការស្លាប់តិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសនេះ លោកស្រី Lena Hallengren បានប្រាប់សារព័ត៍មាន dagens nyheter ដូច្នេះថា៖ «ដូចដែលយើងដឹងពីជំងឺរាតត្បាតនេះហើយ ខ្ញុំអាចនិយាយបានថាវាចប់ហើយ ព្រោះវា លែងចាត់ទុកថាជាគ្រោះថ្នាក់ដល់សង្គមទៀតហើយ»។

គិតត្រឹមថ្ងៃពុធនេះ បារ ក្លឹប និងភោជនីយដ្ឋាន នឹងត្រូវបានអនុញ្ញាតឱ្យបន្តបើក បន្ទាប់ពីម៉ោង១១ យប់ ហើយមិនកំណត់ចំនួនភ្ញៀវ ឬមនុស្សឡើយ។ ដែនកំណត់នៃការចូលរួម សម្រាប់កន្លែងធំៗ ឬទីសាធារណៈ ក៏ត្រូវបានដកចេញផងដែរ។

តែយ៉ាងណា លោក Fredrik Elgh សាស្ត្រាចារ្យផ្នែកមេរោគនៅសាកលវិទ្យាល័យ Umea និងជាអ្នករិះគន់ដ៏តឹងរ៉ឹងបំផុតម្នាក់នៃគោលនយោបាយគ្មានការបិទខ្ទប់របស់ប្រទេសស៊ុយអែត បានប្រាប់សារព័ត៍មាន រ៉យទ័រ (Reuters) ដូច្នេះថា៖ «យើងគួរតែមានការអត់ធ្មត់ជាងនេះបន្តិចទៀត រង់ចាំយ៉ាងហោចណាស់ពីរបីសប្តាហ៍ទៀត។ ហើយយើងមានធនធានគ្រប់គ្រាន់ ដើម្បីបន្តការធ្វើតេស្តរកមេរោគនេះ»។ 

គួររម្លឹកផងដែរថា ជាសរុបមក ប្រទេសស៊ុយអែត មានមនុស្ស ចំនួន ១៦,១៨២ នាក់ បានស្លាប់ដោយសារវីរុសនេះ៕

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Lena Hallengren
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]