ខេត្តកំពង់ចាម ៖ តំបន់ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើដងទង់ ទំហំជាង ៣០០ហិកតា ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក្នុងនោះ មានប្រភេទឈើដូចជា កូនឈើគ្រញូង បេង កកោះ ឈើទាល ផ្តៀក និងមៃសាក់ដើមធំៗ ច្រើនជាងគេ ថែមទាំងខ្ពស់ៗ ចោលម្លប់ត្រឈឹងត្រឈៃ ត្រូវបានអភិរក្សថែរក្សាយកចិត្តទុកដាក់ មានសត្វព្រៃរស់នៅ ដូចជា ខ្លាត្រី ឈ្លូស ព្រមទាំងសត្វល្មូនជាដើម មិនអនុញ្ញាតឲ្យព្រានព្រៃណាម្នាក់ចូលទៅបរបាញ់ឡើយ ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី០៧ កញ្ញា ២០១៣ នេះ ដោយមានការណែនាំពីសំណាក់ លោក ប្រាក់ ណូម៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម កម្លាំងរដ្ឋបាលព្រៃឈើជាច្រើននាក់ ដឹកនាំដោយ លោក គឹម ណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើត្រើយឆ្វេង លោក អ៊ុក សារ៉ា នាយរងផ្នែករដ្ឋបាលព្រៃឈើត្រើយឆ្វេង ព្រមទាំងសហការី បានចុះទៅពិនិត្យ និងដាំកូនឈើរាប់រយដើម បន្ថែមទៀតលើដីទំនេរនៅក្នុងស្ថានីយ៍ ព្រៃឈើដងទង់ ។

លោក គឹម ណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើត្រើយឆ្វេង បានមានប្រសាសន៍ឱ្យដឹងថា សម្រាប់ដីនៅទំនេរចន្លោះដើមមៃសាក់ ត្រូវបានដាំកូនឈើបន្ថែមជាច្រើនប្រភេទនៅក្នុងតំបន់ស្ថានីយ៍ នេះ ដើម្បីចៀសវាងកុំឲ្យប្រជាពលរដ្ឋ ដែលមកធ្វើចម្ការដំណាំនៅក្បែរនោះ ចេះតែកាប់ព្រៃទន្រ្ទានរំលោភចូលមកដីរបស់រដ្ឋ ។

លោកនាយផ្នែករដ្ឋបាលព្រៃឈើ បានបន្តថា កន្លងមក ទោះបីជារូបលោកបានឲ្យមន្រ្តីរដ្ឋបាលព្រៃឈើ យកបង្គោលបេតុងមកបោះ ដើម្បីខណ្ឌសីមាព្រៃចម្ការមៃសាក់ក៏ដោយ ក៏បានតែមួយរយៈប៉ុណ្ណោះ ត្រូវប្រជាពលរដ្ឋខិលខូចមួយចំនួនមកលួចដកចេញ ។

ក្រោយពេលដែលមានបាតុភាពបែបនេះកើតឡើង លោកបានសុំគោលការណ៍ទៅលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម ដើម្បីរកដំណោះស្រាយប្រកបដោយសន្តិវិធី តាមរយៈការហៅប្រជាពលរដ្ឋមកចូលរួមប្រជុំស្តាប់ឲ្យបានស្គាល់ពី តំបន់ព្រៃមៃសាក់ជាង ៣០០ហិកតា នោះ មិនតែប៉ុណ្ណោះថែមទាំងផ្តល់ការងារឲ្យប្រជាពលរដ្ឋ ដែលក្រីក្របានចូលទៅបោសសំអាតស្លឹកមៃសាក់ជ្រុះតាមគល់ ចៀសវាងភ្លើងឆេះព្រៃកើតឡើងជាយថាហេតុ ។

ហើយនៅក្នុងឆ្នាំ២០១៣ នេះ កូនឈើបានដាំមានចំនួន ៥កន្លែង ក្នុងនោះ មាននៅដូចជា នៅវត្តប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ អនុវិទ្យាល័យជយោ ស្រុកចំការលើ និងនៅស្ថានីយ៍ខាងលើ ។

ចំណែក លោក កែវ កុសល នាយសង្កាត់រដ្ឋបាលព្រៃឈើក្រូចឆ្មារ បានប្រាប់ឲ្យដឹងដែរថា កាលពីឆ្នាំ២០១២ កន្លងទៅ លោក ហ៊ុន ណេង អតីតអភិបាលខេត្ត បានអញ្ជើញមកដាំកូនឈើនៅស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើដងទង់នេះ ក្នុងពេលបុណ្យរុក្ខទិវា មានកូនឈើគ្រញូង បេង និងកូនឈើជាច្រើនប្រភេទទៀត   ហើយត្រូវបានរូបលោកបន្តថែរក្សារហូតមកដល់សព្វថ្ងៃនេះ ឃើញថា កូនឈើទាំងនោះ បានលូតលាស់ល្អ  និងកំពុងដាំបន្តទៀត ដោយ ១ហិកតា ដាំបានជាង ១.០០០ដើម លើផ្ទៃដីជាង ៤ហិកតា ប្រយោជន៍ឲ្យតំបន់នេះ ក្លាយទៅជាតំបន់បៃតង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]