រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ បាននឹងកំពុងបន្តជំរុញផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកជាមួយនឹងសកម្មភាពជាបន្តបន្ទាប់ដើម្បីធ្វើពិពិធកម្មកិត្តិនាមរបស់កម្ពុជា តាមរយៈការផ្សព្វផ្សាយម្ហូបអាហារខ្មែរ និងគោលដៅអេកូទេសចរណ៍នានារបស់ព្រះរាជាណាចក្រកម្ពុជា។ វិស័យទេសចរណ៍ គឺជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ហើយវិស័យនេះបានទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ ដូចគ្នានឹងវិស័យទេសចរណ៍នៅកម្រិតសកល។ ខណៈដែលការធ្វើដំណើរអន្តរជាតិនៅតែមិនទាន់ប្រាកដប្រជា ក្រសួងទេសចរណ៍បាននឹងកំពុងបន្តពង្រឹងចំណាប់អារម្មណ៍ប្រជាជនដែលរស់ក្នុងប្រទេសលើភាពទាក់ទាញរបស់តំបន់ទេសចរណ៍ក្នុងស្រុក។

ជាមួយនឹងជំនួយហិរញ្ញប្បទានពីទីភ្នាក់ងារ​អភិវឌ្ឍន៍បារាំង​ AFD និងកិច្ចសហការជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ Redhill Communications ក្រសួងទេសចរណ៍បាននឹងកំពុងចាប់ផ្តើមផ្សព្វផ្សាយយុទ្ធនាការទីផ្សារឌីជីថលដែលមានឈ្មោះថា “យុទ្ធនាការស្វែងរកនូវភាពអច្ឆរិយៈរបស់ប្រទេសកម្ពុជា” ដែលប្រព្រឹត្តទៅចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២២​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងអំឡុងខែមករាកន្លងទៅថ្មីៗនេះ តារាល្បីឈ្មោះតាមប្រព័ន្ធអ៊ីនធឺណិតដូចជា លោក ថន តុលា, កញ្ញា ឃន លាងអេង, កញ្ញា ឌី ចាន់ស្រីមុំ​, លោក ផេង រតនះ និងកុ្រមផ្សងព្រេងដានជើង បានចូលរួមក្នុងកម្មវិធី ដំណើរកម្សាន្តអាថ៌កំបាំង ដែលបានរៀបចំនៅទូទាំងព្រះរាជាណាចក្រអច្ឆរិយៈ។

លិខិតអញ្ជើញត្រូវបានផ្ញើទៅកាន់ពួកគាត់ ដោយមានព័ត៌មានលម្អិតអំពីអ្វីដែលត្រូវត្រៀមសម្រាប់ការធ្វើដំណើរ ប៉ុន្តែទិសដៅដំណើរកម្សាន្តត្រូវបានរក្សាជាសំងាត់ ដើម្បីបង្កើតបរិយាកាសភ្ញាក់ផ្អើលដល់ពួកគាត់។ ដោយមានកិច្ចសហការជាមួយដៃគូពាក់ព័ន្ធផ្នែកអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៅទូទាំងប្រទេស តារាកិត្តិយសត្រូវបាននាំទៅកាន់កន្លែងទេសចរណ៍ធម្មជាតិផ្សេងៗគ្នា ដែលគេមិនសូវស្គាល់នៅក្នុងប្រទេស ដើម្បីឱ្យពួកគេផ្សព្វផ្សាយចែករំលែកពីទីកន្លែងទាំងនោះទៅកាន់អ្នកដទៃ។

ជាមួយនឹង ដំណើរកម្សាន្តអាថ៌កំបាំង ដែលកំពុងត្រូវបានរៀបចំនេះ ក៏អាចនឹងមានតារាកិត្តិយសជាច្រើនរូបទៀតនឹងចូលរួម ហើយដំណើរកម្សាន្តកាន់តែច្រើនអាចត្រូវបានរៀបចំ ដោយពាំនាំនូវតំបន់ទេសចរណ៍ជាច្រើនទៀតដើម្បីបង្ហាញជូនសាធារណជន។ ក្រសួងទេសចរណ៍ សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងស្រុក ទាំងខ្មែរ និងបរទេសដែលរស់នៅកម្ពុជា សូមតាមដានដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ទាំងនេះ នៅលើទំព័រ Facebook និង Instagram @tastethewondersofcambodia ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង។ លើសពីនេះទៀត ក្រសួងទេសចរណ៍សូមណែនាំគេហទំព័រថ្មី ២ទៀត សម្រាប់ផ្សព្វផ្សាយពីអេកូទេសចរណ៍នៅកម្ពុជា www.ecocambodia.org និងម្ហូបអាហារខ្មែរ www.tastecambodia.org

បន្ទាប់ពីដំណើរកម្សាន្តអាថ៌កំបាំង យើងនឹងចាប់ផ្តើមកម្មវិធី “មហោស្រពម្ហូបអាហារនិម្មិត (Virtual Food Festival) ដើម្បីផ្សព្វផ្សាយម្ហូបខ្មែរបែបប្រពៃណីដ៏ឈ្ងុយឆ្ងាញ់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា​។ មហោស្រព​នេះនឹងរៀបចំផ្សាយផ្ទាល់នៅលើទំព័រ ​Facebook ថ្មីរបស់ក្រសួងទេសចរណ៍ @tastethewondersofcambodia។ កម្មវិធី មហោស្រពម្ហូបអាហារនិម្មិត បានចាប់ផ្តើមពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីពិធីការនី កញ្ញា សុភ័ក្រ្ដ កុសុមា ហើយនឹងត្រូវរៀបចំក្នុងមួយសប្តាហ៍ម្តង សម្រាប់រយៈពេល ៤សប្តាហ៍ជាប់ៗគ្នា។ ភោជនីយដ្ឋានដៃគូ ដែលនឹងបង្ហាញម្ហូបខ្មែរតាមតំបន់ជាច្រើន រួមមាន ភោជនីយដ្ឋាន One More, ភោជនីយដ្ឋាន Eleven One Kitchen, ភោជនីយដ្ឋាន Labaab, ភោជនីយដ្ឋាន 123 Pig, ភោជនីយដ្ឋាន Mahob និងភោជនីយដ្ឋានជាច្រើនទៀត។ នៅសប្តាហ៍ទីពីរ មេចុងភៅ ម៉ក់ ម៉េងលី នឹងបង្ហាញស្នាដៃរបស់គាត់ពីរបៀបចម្អិនម្ហូបខ្មែរតាមរយៈ master​ class​។

ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖

កម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) – ជាគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍កម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានជំនួយហិរញ្ញប្បទានពីទីភ្នាក់ងារ​អភិវឌ្ឍន៍បារាំង (AFD)។ កម្មវិធីរយៈពេល ៤ ឆ្នាំ នេះមាន គោលបំណងពង្រឹងវិស័យទេសចរណ៍ ដោយពង្រឹងសមត្ថភាពទាំងក្នុងវិស័យរដ្ឋ និងឯកជន។ កម្មវិធីនេះ បានដាក់ចេញនូវសកម្មភាពថ្មីៗរួមមាន ការរៀបចំយុទ្ធនាការវីដេអូផ្សព្វផ្សាយពីម្ហូបអាហារខ្មែរ (Taste Cambodia), ការសិក្សាដើម្បីជួយពង្រឹងការធ្វើទីផ្សារ និងការបណ្ដុះបណ្ដាលដល់មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ និងបុគ្គលិកសមាគមទេសចរណ៍ផ្នែកឯកជន។ សកម្មភាពបន្តបន្ទាប់នាពេលអនាគត រួមមានការគាំទ្រដល់ការអភិវឌ្ឍអេកូទេសចរណ៍នៅខេត្តកំពង់ស្ពឺ និងការបង្កើតដំណោះស្រាយសម្រាប់វិស័យទេសចរណ៍ឆ្លាតវៃ (SMART TOURISM) សម្រាប់ទេសចរណ៍ទីក្រុងក្នុងរាជធានីភ្នំពេញ។

ទីភ្នាក់ងារ​អភិវឌ្ឍន៍បារាំង (Agence Française de Développement -AFD) ជាស្ថាប័នអនុវត្តគោលនយោបាយរបស់ប្រទេសបារាំងស្តីពីការអភិវឌ្ឍអន្តរជាតិ និងសាមគ្គីភាព។ AFD គាំទ្រ និងជំរុញឱ្យមានការផ្លាស់ប្តូរឆ្ពោះទៅកាន់ពិភពលោកដែលមានភាពស្មើគ្នា និងមានភាពធន់ជាងមុន តាមរយៈការផ្តល់ហិរញ្ញប្បទានដល់អង្គការក្រៅរដ្ឋាភិបាល និងវិស័យសាធារណៈ ក៏ដូចជាការសិក្សាស្រាវជ្រាវ និងការបោះពុម្ពផ្សាយរបស់ខ្លួន។ AFD ក៏មានផ្តល់ការបណ្តុះបណ្តាលអំពីការអភិវឌ្ឍប្រកបដោយនិរន្តភាព (នៅ AFD Campus) និងសកម្មភាពលើកកម្ពស់ការយល់ដឹងផ្សេងទៀតនៅប្រទេសបារាំង។

AFD មានវត្តមាននៅប្រទេសកម្ពុជាតាំងពីឆ្នាំ​ ១៩៩៣ និងបានកំពុងគាំទ្ររាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដោយផ្តោតលើផ្នែកសំខាន់ៗចំនួន២ គឺ ការជំរុញការអភិវឌ្ឍមូលដ្ឋានប្រកបដោយតុល្យភាព និងការគាំទ្រវិស័យផលិតកម្ម​។

REDHILL Communications គឺជាក្រុមហ៊ុនទំនាក់ទំនងសាធារណៈ ឌីជីថល ដែលបានចុះកិច្ចសន្យាដោយ ក្រសួងទេសចរណ៍ ដើម្បីអនុវត្តសកម្មភាពទាំងនេះក្រោមក្របខណ្ឌនៃកម្មវិធី TCBP។ ពួកគេ ផ្តល់ការពិគ្រោះយោបល់ និងយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងសាធារណៈ ការផ្សាយតាមប្រព័ន្ធ ឌីជីថល ការគ្រប់គ្រងវិបត្តិ ទំនាក់ទំនងផ្ទៃក្នុង និងការផ្សព្វផ្សាយម៉ាកនៅក្នុងវិស័យជាច្រើន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]