នៅលើទីផ្សារមានផលិតផលថែរក្សាស្បែកជាច្រើនប្រភេទ ប៉ុន្តែមិនមែនផលិតផលទាំងអស់សុទ្ធតែត្រូវជាមួយស្បែកយើងទេ។ ការជ្រើសរើសផលិតផលថែរក្សាស្បែកមិនត្រឹមត្រូវ មិនត្រឹមតែធ្វើឱ្យយើងខាតបង់ប្រាក់ទេ ថែមទាំងធ្វើឱ្យយើងខូចស្បែកទៀតផង។ តើយើងត្រូវជ្រើសរើសផលិតផលបែបណាទើបត្រូវនឹងស្បែក ហើយយើងគួរប្រយ័ត្នលើចំណុចណាខ្លះ?
១. ស្បែកស្ងួត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រសិនបើមានស្បែកស្ងួត យើងត្រូវរកមើលផលិតផលដែលមានផ្ទុកជាតិ Shea Butter (ប័រសម្រាញ់ពីគ្រាប់ shea) និងអាស៊ីដ lactic។ វេជ្ជបណ្ឌិត Jason Green ឯកទេសរោគសើស្បែកនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិកបានលើកឡើងថា សារធាតុផ្សំទាំងនេះជួយផ្តល់សំណើម និងជួយខាត់ស្បែកក្នុងកម្រិតស្រាលដែលធ្វើឱ្យស្បែកយើងភ្លឺថ្លា។
២. ស្បែកងាយប្រតិកម្ម
ប្រសិនបើយើងមានស្បែកងាយប្រតិកម្ម យើងត្រូវរកមើលផលិតផលដែលមានធាតុផ្សំពីប្រទាលកន្ទុយក្រពើ ស្រូវសាលីអូត និង shea butter ព្រោះសារធាតុផ្សំទាំងនេះជួយផ្តល់សំណើម និងមិនធ្វើឱ្យស្បែកឡើងមុន។
៣. ស្បែកខ្លាញ់
ប្រសិនបើមានស្បែកខ្លាញ់ យើងត្រូវរកមើលផលិតផលដែលមានអាស៊ីដ alpha hydroxy (អាស៊ីដ glycolic ឬ អាស៊ីដ salicylic ), benzoyl peroxide និងអាស៊ីដ hyaluronic ព្រោះសារធាតុផ្សំទាំងនេះមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងការផលិតជាតិខ្លាញ់ ខណៈអាស៊ីដ hyaluronic ជួយផ្តល់សំណើមដល់ស្បែក។
ពេលទិញផលិតផលយើងគួរជ្រើសរើសផលិតផលដែលមានធាតុផ្សំដូចជា៖
- Glycerin៖ វេជ្ជបណ្ឌិត David បានលើកឡើងថា Glycerin ជាសារធាតុផ្តល់សំណើមដ៏សំខាន់
- អាស៊ីដ Ceramides និង hyaluronic៖ គ្រឿងផ្សំទាំងពីរនេះគឺជាភ្នាក់ងារផ្តល់សំណើមដែលដូចនឹងសំណើមធម្មជាតិនៅក្នុងស្បែករបស់យើង
- អាស៊ីដ L-Ascorbic (វីតាមីន C)៖ វីតាមីន C ជាពិសេសក្នុងទម្រង់អាស៊ីដ l-ascorbic គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួសជុលស្បែកពីការបំផ្លាញដោយកម្មកាំរស្មី UV និងជំរុញឱ្យស្បែកផលិតខូឡាជែន
- Tocopherol (វីតាមីន E)៖ វីតាមីន E មាននាទីប្រហាក់ប្រហែលនឹងវីតាមីន C ហើយមានប្រសិទ្ធភាពបំផុតនៅពេលប្រើរួមជាសារធាតុផ្សំជាមួយវីតាមីន C
- Retinol៖ ជាសារធាតុសំខាន់នៅក្នុងផលិតផលថែរក្សាស្បែកពេលយប់ដែលមានប្រសិទ្ធភាពជួយជួសជុលកោសិកាស្បែក និងជំរុញការផលិតខូឡាជែន
- Niacinamide (វីតាមីន B3)៖ ល្អសម្រាប់ការគ្រប់គ្រងជាតិខ្លាញ់ ផ្តល់សំណើមដល់ស្បែក និងធ្វើឱ្យស្បែកមានពណ៌ស្មើគ្នា។
ទន្ទឹមនឹងនោះយើងគួរចៀសវាងផលិតផលដែលមានសារធាតុផ្សំដូចខាងក្រោម៖
- ក្លិនក្រអូប៖ ផលិតផលដែលមានបន្ថែមក្លិនក្រអូបងាយនឹងធ្វើឱ្យស្បែកយើងអាលែកហ្ស៊ី និងរលាក ជាពិសេសប្រសិនបើយើងមានស្បែកងាយប្រតិកម្ម។
- សារធាតុស៊ុលហ្វាត៖ ជាសារធាតុសម្អាតដែលអាចធ្វើឱ្យស្បែក និងសក់របស់យើងបាត់បង់ជាតិប្រេងធម្មជាតិ និងអាចបណ្តាលឱ្យស្បែកយើងរលាក។
- ប៉ារ៉ាបិន៖ ជាសារធាតុគីមីដែលគេនិយមដាក់ក្នុងផលិតផលដើម្បីការពារការលូតលាស់របស់បាក់តេរី។ អ្នកជំនាញក្នុងផ្នែកឧស្សាហកម្មហៅសារធាតុនេះថា អ្នកធ្វើត្រាប់តាមអ័រម៉ូនអ៊ឹស្ត្រូសែន។ ប៉ារ៉ាបិនអាចធ្វើឱ្យយើងអតុល្យភាពអ័រម៉ូនដែលបណ្តាលឱ្យមានបញ្ហាសុខភាព ប្រសិនបើយើងប្រើប្រាស់ក្នុងរយៈពេលយូរ។
- សារធាតុ formaldehyde និងសារធាតុបញ្ចេញ formaldehyde៖សារធាតុ formaldehyde ជាសារធាតុរក្សាទុក និងធ្វើឱ្យស្បែកយើងងាយប្រតិកម្ម។ យើងអាចនឹងកម្រឃើញសារធាតុ formaldehyde នៅក្នុងបញ្ជីធាតុផ្សំរបស់ផលិតផលថែស្បែក ព្រោះសារធាតុនេះត្រូវបានចាត់ថ្នាក់ថាជាសារធាតុបង្កមហារីក ប៉ុន្តែលោកវេជ្ជបណ្ឌិត David ឯកទេសរោគសើស្បែកបានលើកឡើងថា ជារឿយៗសារធាតុនេះត្រូវបានជំនួសដោយសារធាតុគីមីដែលមានឈ្មោះខុសៗគ្នាដូចជា Quanterium-15, DMDM hydantoin, diazolinge urea ឬ imidazolidinge urea ដែលនឹងបញ្ចេញសារធាតុ formaldehyde បន្តិចម្ដងៗ។
មុនទិញ ឬមុនប្រើផលិតផលថែស្បែក យើងគួរសាកល្បងលាបផលិតផលលើស្បែកខ្នងដៃយើងបន្តិចសិន ដើម្បីប្រាកដថា ផលិតផលថែស្បែកនេះត្រូវនឹងស្បែករបស់យើង។ ប្រសិនបើក្រោយពីលាបហើយ ស្បែកខ្នងដៃរបស់យើងឡើងកន្ទួល រមាស់ តឹង ឬស្ទះរន្ធញើស នោះបញ្ជាក់ថាផលិតផលថែស្បែកហ្នឹងមិនត្រូវនឹងស្បែករបស់យើងទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]