ការ​លាង​សម្អាត​មុខ​ មាន​លក្ខណៈ​​ខុស​ៗ​គ្នា​អាស្រ័យ​ទៅ​តាម​ប្រភេទ​ស្បែក​ វ័យ​ ការ​បញ្ចេញ​សកម្មភាព និង​ពេលវេលា។ ពិត​ណាស់​ ស្រី​ៗ​យើង​តែងតែ​គិត​ថា ការ​លាង​សម្អាត​មុខ​ត្រឹមតែ​២​ដង​​ក្នុង​មួយ​ថ្ងៃ គឺ​​គ្រប់គ្រាន់​ហើយ​ ប៉ុន្តែ​ការ​លាង​សម្អាត​មុខ​បែប​នេះ​ អាច​ច្រើន​ជ្រុល​ និង​តិច​ជ្រុល​សម្រាប់​ស្រី​ៗ​មួយ​ចំនួន​ទៀត​។

តើ​ការ​លាង​សម្អាត​មុខ​បែប​ណា​ទើប​ស័ក្ដិសម​ជាមួយស្បែកមុខ​យើង?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ស្បែក​ស្ងួត ឬ​ងាយ​ប្រតិកម្ម​

សម្រាប់​អ្នក​ដែល​មាន​ស្បែក​ស្ងួត ឬ​ងាយ​ប្រតិកម្ម​ ការ​លាង​សម្អាត​មុខ​មួយ​ថ្ងៃ​២​ដង​អាច​ធ្វើ​ឲ្យ​ស្បែក​​រលាក​ ឬ​ក្រហាយ​។ ដូច្នេះ​ហើយ ស្រី​ៗ​យើង​គប្បី​លាង​សម្អាត​មុខ​នៅ​ពេល​ព្រឹក​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​ និង​​ប្រើ​ហ្វូម​លាង​មុខ​ដែល​មាន​ជាតិ​ប្រេង​នៅ​ពេល​យប់​ ដើម្បី​កម្ចាត់​រាល់​ធូលី​ដី ឬ​កាក​សំណល់​ផ្សេង​ៗ ដោយ​មិន​ធ្វើ​ឲ្យ​រលាក​ស្បែក​។

​​​​២. ស្បែក​ប្រេង និង​ងាយ​កើត​មុន​

ប្រសិនបើ​ស្បែក​របស់​យើង​​រលើបរលោង និង​ងាយ​កើត​មុខ​ជា​ប្រចាំ​នោះ យើង​គួរ​តែ​លាង​សម្អាត​មុខ​ឲ្យ​បាន​ញឹកញាប់​ ទើប​ជា​ការ​ប្រសើរ​។ យ៉ាង​ណា​មិញ ការ​លាង​សម្អាត​មុខ​ច្រើន​ជាង​២​ដង​ក្នុង​មួយ​ថ្ងៃ អាច​​បំផ្លាញ​ស្បែក​របស់​យើង​ទៅ​វិញ ពីព្រោះ​ថា​វា​នឹង​បង្កើន​ការ​ផលិត​ជាតិ​ខ្លាញ់ ​ព្រម​ទាំង​នាំ​ឲ្យ​កើត​មុន​កាន់​តែ​ច្រើន​។ ដើម្បី​​ជួយ​​ពន្យឺត​ដល់​ការ​ផលិត​ជាតិ​ខ្លាញ់ គ្នា​យើង​គប្បី​ជ្រើសរើស​ប្រើ​ហ្វូម​លាង​មុខ​ដែល​មាន​ជាតិ​អាស៊ីដ និង​មិន​​ត្រូវ​លាង​មុខ​ច្រើន​ដង​ពេក​​ឡើយ​​។

​៣. ប្រើ​គ្រឿង​សម្អាង​ក្រាស់​ៗ​

ផលិតផល​គ្រឿង​សម្អាង​​មួយ​ចំនួន​ អាច​ប្រមូលផ្ដុំ​លើ​ស្បែក​របស់​យើង​ និង​បណ្ដាល​ឲ្យ​ស្ទះ​រន្ធ​ញើស​ ក៏​ដូចជា​ស្នាម​ជ្រីវជ្រួញ​មុន​វ័យ​។ ​ហេតុ​នេះ​ហើយ គ្នា​យើង​គប្បី​​លាង​សម្អាត​មុខ​ឲ្យ​បាន​ស្អាត​ល្អ និង​ត្រឹមត្រូវ ក្រោយ​ពេល​ប្រើ​គ្រឿង​សម្អាង​រួច ដើម្បី​ឲ្យ​ស្បែក​ភ្លឺ​ស្រស់​ថ្លា​ និង​មើល​ទៅ​ក្មេង​ជាង​វ័យ​។

៤. ហាត់​ប្រាណ​ជា​ទៀងទាត់​

ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ មាន​សារសំខាន់​ណាស់​​សម្រាប់​ការ​​គ្រប់គ្រង​ទម្ងន់​​ និង​ជួយ​ឲ្យ​យើង​មាន​ថាមពល​ពេញ​មួយ​ថ្ងៃ​។ យ៉ាង​ណា​មិញ ការ​លាង​សម្អាត​មុខ​នៅ​មុន​ពេល​ និង​ក្រោយ​ពេល​ហាត់​ប្រាណ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​។ ជាក់​ស្ដែង ការ​លាង​សម្អាត​មុខ​ មុន​ពេល​ហាត់​ប្រាណ​អាច​ជួយ​បញ្ចៀស​ការ​ស្ទះ​រន្ធ​ញើស នៅ​ពេល​ដែល​​​បាក់តេរី​​ប៉ះពាល់​ជាមួយ​​ញើស​ និង​កោសិកា​ងាប់​ៗ​នៅ​លើ​ផ្ទៃ​មុខ​។ ទន្ទឹម​នឹង​នេះ ការ​លាង​សម្អាត​ស្បែក​ភ្លាម​ៗ​ ក្រោយ​ហាត់​ប្រាណ​ អាច​កម្ចាត់​បាក់តេរី​ ដែល​បង្ក​ជា​ការ​កើត​មុន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]