
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេច ហ៊ុន សែន បានទុករយៈពេល២ឆ្នាំឱ្យរដ្ឋបាលរាជធានីភ្នំពេញសិក្សារៀបចំ និងសាងសង់ទីលានចាក់សំរាមថ្មីឱ្យបានឆាប់ ដើម្បីផ្ទេរការទុកដាក់សំរាមពីទីលានចាស់នៅខណ្ឌដង្កោរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងពិធីខាងលើ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងបញ្ជាក់ថា «ឥឡូវនេះ មានការរៀបចំឱ្យមានការញែករវាង សំណល់រឹង ជាមួយនិងសំរាមធម្មតា ក៏ប៉ុន្ដែមិនព្រមធ្វើបែបនេះទេ ដែលបង្កើតឱ្យមានបញ្ហាទៅជាទីធ្លាចាក់សំរាម ដែលឥឡូវត្រៀមដោះប្តូរពីស្ទឹងមានជ័យ ទៅកាន់កន្លែងផ្សេង»។

ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងអ្នកមកលេងក្រុងភ្នំពេញ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងត្រូវខិតខំទាំងអស់គ្នា ដើម្បីកាត់បន្ថយសំរាមហូរចូលលូ ប្រឡាយ និងទន្លេ។ បើតាមការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ជាមួយគ្នានេះ សូមប្រជាពលរដ្ឋចូលរួមរក្សាអនាម័យបរិស្ថាន ដើម្បីទីក្រុងស្អាតមិនត្រូវបោះចោលសំរាមផ្តេសផ្តាសពាសវាលពាសកាលឡើយ ដូចជាមិនត្រូវយកសំរាមទៅបោះចូលនៅក្នុងលូជាដើម។
សម្ដេចតេជោ នាយករដ្ឋមន្រ្តីបាន ថ្លែងបន្តដោយសង្កត់ធ្ងន់ថា «អ្នកបោះចោលសំរាមពាសវាលពាសកាល គួរខ្មាសក្មេងៗដែលទទួលបានការអប់រំ ហើយចេះទុកដាក់សំរាមបានត្រឹមត្រូវ។ បញ្ហាកង្វល់របស់យើងនៅពេលនេះ គឺប្រជាពលរដ្ឋមិនព្រមរក្សាអនាម័យទុកដាក់សំរាមទេ ដែលនេះគឺជាបញ្ហាឈឺក្បាលសម្រាប់យើងទាំងអស់គ្នា។ សូមឱ្យមានការចូលរួមអនាម័យបរិស្ថាន និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ»។

គូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលនយោបាយ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនិងការអភិវឌ្ឍទីប្រជុំជន ប្រកបដោយសោភ័ណភាព ចីរភាព និងសុខុមាលភាព។ ក្នុងនោះរាជរដ្ឋាភិបាលបានជំរុញឱ្យរដ្ឋបាល ក្រុង-ស្រុករៀបចំទីលានផ្ទាល់ ឬទីលានតំបន់ដែលអាចគ្រប់គ្រងសំរាមមានប្រសិទ្ធភាព និងអាចទាញធនធាន ដើម្បីចូលរួមក្នុងការបង្កើនសេដ្ឋកិច្ចជាតិ។
រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាមសំណល់រឹង ស.ទ.ស. លេខ ១៨៩ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានបេសកកម្មគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង នៃព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ន សំរាមក្នុងរាជធានីភ្នំពេញ១ថ្ងៃ ត្រូវបានបញ្ចេញចោលចំនួនប្រមាណ ៣ពាន់តោន ហើយបើសរុបទូទាំងប្រទេសសំរាមជាង ៣លានតោន ត្រូវបានដឹកជញ្ជូនចាក់តាមទីលានក្នុង១ឆ្នាំ។ សំរាមនេះគឺជាបញ្ហារួម ដែលត្រូវដោះស្រាយនិងចូលរួមទាំងអស់គ្នាជាពិសេសប្រជាពលរដ្ឋផងដែរ។ ដូច្នេះ ចូលរួមលើការទុកដាក់សំរាមឱ្យត្រឹមត្រូវតាមប្រភេទ មានរបៀបរៀបរយ និងការទាញយកធនធានតាមរយៈការកែច្នៃ គឺជារឿងចាំបាច់បំផុត ដែលត្រូវផ្តើមដំបូងចេញពីប្រជាពលរដ្ឋតែម្ដង។
សូមបញ្ជាក់ផងដែរថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកលើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែក តាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលសម្ដេចតេជោ អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ នេះ ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនជាង ២០លានដុល្លារ គ្រោងបញ្ចាប់ការសាសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥០០០ ម៉ែត្រគូបក្នុង១ថ្ងៃ មានស្ថានីយបូមបញ្ជូនទឹកកខ្វក់ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ បឹងជើងឯកសរុបចំនួន ២គ្រឿង ដែលមានសមត្ថភាពបូមបាន ៤៦៨ ម៉ែត្រគូបក្នុង១ម៉ោង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក Khmerhome និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]