ភ្នំពេញ៖ យោងតាមវីដេអូផ្សព្វផ្សាយលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងផែនការនាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា ការចុះធ្វើជំរឿនសេដ្ឋកិច្ចនឹងចាប់ផ្តើមពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងយុទ្ធនាការនេះគណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ចនឹងចាត់តាំងមន្ត្រីជំរឿនឱ្យចុះទៅដល់មូលដ្ឋាននៃអង្គភាពសេដ្ឋកិច្ចគ្រប់ខ្នាត គ្រប់ប្រភេទទាំងអស់រួមមាន​សហគ្រាសរដ្ឋ ឯកជន ក្រុមហ៊ុន រោងចក្រ សិប្បកម្ម វត្តអារាម សេវាកម្មផ្សេងៗ និងអាជីវកម្មលក់ដុំ លក់រាយ មិនថាជាតូបលក់ចាប់ហួយ តូបលក់នំបញ្ចុក តូបលក់ចេកចៀន។ល។​ ពោលគឺឱ្យតែមានទីតាំងជាក់លាក់ មន្រ្តីជំរឿននឹងធ្វើការចុះទៅសួរសម្ភាសន៍យកទិន្នន័យព័ត៌មានផ្សេងៗដែលទាក់ទងនឹងអាជីវកម្មនោះ។

ជំរឿនសេដ្ឋកិច្ចនេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលទិន្នន័យ សូចនាករសំខាន់ៗទាក់ទងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម សម្រាប់ជាធាតុចូល ក្នុងការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍជាតិ គោលនយោបាយផ្សេងៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាដើម្បីឆ្ពោះទៅសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ ២០៣០។

គួរបញ្ជាក់ផងដែលថា រាល់ព័ត៌មានទិន្នន័យដែលទទួលបានពីការធ្វើជំរឿនសេដ្ឋកិច្ច ឬពីអង្គភាពសេដ្ឋកិច្ចទាំងអស់ នឹងត្រូវរក្សាជាសម្ងាត់ ដោយប្រើប្រាស់សម្រាប់តែការងារស្ថិតិតែប៉ុណ្ណោះ មិនប្រើប្រាស់សម្រាប់ការងារពន្ធដារនោះទេ។

សូមចូលរួមទស្សនាវីដេអូបង្ហាញអំពីគំរូនៃការសាកសួរព័ត៌មានទិន្នន័យរបស់មន្រ្តីជំរឿនទៅកាន់ម្ចាស់អង្គភាពសេដ្ឋកិច្ចអាជីវកម្មផ្សេងៗគ្នា ដើម្បីស្វែងយល់ដឹងបន្ថែម។ ចុចលើទីនេះ https://bit.ly/3BNTy6S

អំពីជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២៖

ជំរឿនសេដ្ឋកិច្ចនេះត្រូវបានធ្វើឡើងជារៀងរាល់ ១០ឆ្នាំម្ដង ដោយផ្អែកលើមូលដ្ឋានច្បាប់ស្តីពីស្ថិតិនៅមាត្រា ៦ ៧ ៨ និងអនុក្រឹតលេខ ១៥១ អ ន ក្រ.ប ក ចុះថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៩ ស្ដីពីការកំណត់កាលបរិច្ឆេទ ការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២២។

សូមម្ចាស់អង្គភាពសេដ្ឋកិច្ចត្រៀមខ្លួនទាំងអស់ ចូលរួមផ្តល់ព័ត៌មាន និងទិន្នន័យជាក់លាក់ដល់មន្រ្តីជំរឿនទាំងអស់គ្នា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]