ពេលឈឺពោះសម្រាលគឺជាពេលដែលម៉ាក់ៗរំភើបផង ឈឺផង ព្រោះជិតបានឃើញមុខកូន និងជិតឆ្លងផុតដំណាក់កាលពពោះហើយ តែក៏ជាពេលម៉ាក់ៗមានការឈឺចាប់ និងពិបាកបំផុតដែរ។ តើពេលឈឺពោះសម្រាល ម៉ាក់ៗគួរចៀសវាងធ្វើអ្វីខ្លះដើម្បីឱ្យដំណើរការនៃការសម្រាលរលូនល្អ?
ជាទូទៅ ថ្ងៃគ្រប់ខែសម្រាល គឺនៅសប្តាហ៍ទី ៤០ ក្រោយបាត់រដូវ តែអាចមុន ឬក្រោយ ១០ ថ្ងៃ។ ប្រសិនបើក្នុងអំឡុងពេលនេះ ម៉ាក់ៗមានអាការៈដូចខាងក្រោម មានន័យថាស្ថិតក្នុងដំណាក់ឈឺពោះសម្រាលហើយ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- មានការកន្រ្តាក់ស្បូនខ្លាំង និងទៀងទាត់
- ឈឺពោះ និងឈឺចង្កេះផ្នែកខាងក្រោម
- ធ្លាក់ទឹករម្អិលមានលាយឈាម
- ជ្រាប ឬបែកទឹកភ្លោះ
ប្រសិនបើម៉ាក់ៗមានអាការៈដូចរៀបរាប់ខាងលើ ម៉ាក់ៗត្រូវប្រញាប់ទៅមន្ទីរពេទ្យ និងចៀសវាងរឿងមួយចំនួនដូចជា៖
១. កុំខ្ជះខ្ជាយកម្លាំង
ពេលម៉ាក់ៗមានអាការៈឈឺពោះ ឈឺចង្កេះ ឬឈឺស្បូនតិចៗ ម៉ាក់ៗអាចសម្រាកយកកម្លាំង ញុំាឱ្យឆ្អែត ស្តាប់តន្រ្តី ឬចំរៀង ងូតទឹកដើម្បីឱ្យរាងកាយស្រស់ស្រាយ និងមានកម្លាំងនៅពេលសម្រាល ព្រោះរយៈពេលនៃការឈឺពោះសម្រាលវែង មិនមែនឈឺភ្លាម សម្រាលភ្លាមទេ។
ជាទូទៅរយៈពេលនៃការឈឺពោះសម្រាលសម្រាប់ម៉ាក់ៗកូនដំបូងមានរយៈពេល ១២ ទៅ ១៨ម៉ោង និងមានរយៈពេល ៨ ទៅ ១០ ម៉ោងសម្រាប់ម៉ាក់សម្រាលកូនបន្ទាប់ៗ។
២. កុំញុំាអាហារមានជាតិខ្លាញ់ច្រើន ឬញុំាឆ្អែតពេក
ការញុំាអាហារដែលមានខ្លាញ់ច្រើន ឬឆ្អែតពេកអាចធ្វើឱ្យម៉ាក់ៗពិបាករំលាយអាហារ ដូច្នេះម៉ាក់ៗគួរញុំាអាហារងាយរំលាយដូចជា សាច់សុទ្ធ ស៊ុត បន្លែ ផ្លែឈើ គ្រាប់ផ្លែឈើជាដើម។
ពេលចូលដល់ដំណាក់ទី ២ នៃការសម្រាល ម៉ាក់ៗអាចញុំាមិនចូល ឬមិនឃ្លានដោយសារ ការឈឺពោះ ឈឺចង្កេះ ឬស្បូនកន្រ្តាក់។ ដូច្នេះ ម៉ាក់ៗអាចញុំាទឹកផ្លែឈើគ្មានកាកដើម្បីឱ្យមានកម្លាំង និងដើម្បីកុំឱ្យខ្វះជាតិទឹក។
៣. កុំមើលម៉ោង
ការមើលម៉ោងធ្វើឱ្យម៉ាក់ៗដឹងថា ចូលបន្ទប់សម្រាលយូរប៉ុណ្ណាហើយ។ ម៉ាក់ៗអាចសួរខ្លួនឯងថា តើអាចទ្រាំបានយូរប៉ុនណាទៀត? ពេលណាទើបសម្រាលរួច? ដែលអាចបង្កើនភាពតានតឹង និងភាពភ័យខ្លាចដល់ម៉ាក់ៗ។
ជំនួសឱ្យការមើលម៉ោង ម៉ាក់ៗអាចផ្តុំអាម្មណ៍ និងតាំងចិត្តក្នុងការប្រឹងសម្រាល ដកដង្ហើមវែងៗ បន្ធូរសាច់ដុំ និងសម្រាកនៅចន្លោះពេលស្បូនមិនកន្រ្តាក់។
៤. បន្ធូរអាម្មណ៍
ពេលកំពុងឈឺពោះសម្រាល រាងកាយម៉ាក់ៗនឹងផលិតអ័រម៉ូនអុកស៊ីតូស៊ីនដែលជួយឱ្យស្បូនកន្រ្តាក់។ រាងកាយម៉ាក់ៗផលិតអ័រម៉ូនអុកស៊ីតូស៊ីនច្រើន លុះត្រាតែម៉ាក់ៗមានអារម្មណ៍ថាមានសុវត្ថិភាព ផាសុកភាព និងមានភាពកក់ក្តៅ។
នៅពេលដែលម៉ាក់ៗមានភាពតានតឹង ភ័យខ្លាច ឬមានអារម្មណ៍គ្មានសុវត្ថិភាព រាងកាយម៉ាក់ៗនឹងផលិតអរម៉ូនស្ត្រេស (catecholamines) ដែលរារាំងដល់ការផលិតអ័រម៉ូនអុកស៊ីតូស៊ីន។
៥. កុំដកដង្ហើមលឿនខ្លីៗ ឬទប់ដង្ហើម
ការឈឺចង្កេះ ឈឺពោះ ឬឈឺស្បូនអាចធ្វើឱ្យម៉ាក់ៗដកដង្ហើមលឿនខ្លីៗ ឬទប់ដង្ហើមដែលអាចបណ្តាលឱ្យម៉ាក់ៗវិលមុខ ស្ពឹកដៃ ស្ពឹកជើង ឬស្ពឹកមុខ ហើយបើធ្ងន់ធ្ងរអាចបណ្តាលឱ្យម៉ាក់ៗសន្លប់ទៀតផង។
ការដកដង្ហើមវែងៗអាចជួយឱ្យម៉ាក់ៗបន្ធូរអារម្មណ៍ បន្ធូរភាពតានតឹង ជួយកាត់បន្ថយសម្ពាធឈាម ជំរុញការផលិតអ័រម៉ូនអុកស៊ីតូស៊ីន ហើយធ្វើឱ្យម៉ាក់ៗ និងកូនក្នុងផ្ទៃមានកម្លាំងដោយសារម៉ាក់ៗស្រូបយកអុកស៊ីសែនបានច្រើន។
ម៉្យាងទៀត ប្រសិនបើម៉ាក់ៗទប់ដង្ហើម ចង្វាក់បេះដូងកូនក្នុងផ្ទៃនឹងចាប់ផ្តើមធ្លាក់ចុះដែលអាចបណ្តាលឱ្យមានបញ្ហា។
៦. កុំមានអារម្មណ៍ខ្មាសអៀន
ពេលឈឺពោះសម្រាល ម៉ាក់ៗអាចលេចនោមដោយមិនដឹងខ្លួន ហើយពេលប្រឹងសម្រាល ម៉ាក់ៗអាចថែមទាំងលេចលាមកទៀតផង។ ដូច្នេះ ម៉ាក់ៗមិនបាច់ខ្មាស់អៀនទេ ទាំងនេះគឺជារឿងធម្មតាក្នុងដំណាក់កាលសម្រាល។
អ្វីដែលម៉ាក់ៗត្រូវធ្វើគឺត្រូវប្រឹងសម្រាល បើម៉ាក់ៗទប់ព្រោះខ្លាចលេចនោម ឬលេចលាមក ម៉ាក់ៗសម្រាលមិនចេញទេ។ លើសពីនេះទៅទៀត បើម៉ាក់ៗមានអារម្មណ៍ខ្មាស រាងកាយម៉ាក់ៗនឹងផលិតអ័រម៉ូនស្រេស្តដែលរារាំងដល់ការផលិតអ័រម៉ូនអុកស៊ីតូស៊ីនដែលជួយឱ្យស្បូនកន្រ្តាក់។
ពេលឈឺពោះសម្រាល ម៉ាក់ៗគួររក្សាការគិតវិជ្ជមាន និងបន្ធូរអាម្មណ៍ ហើយគិតថាខ្លួនអាចធ្វើបាន និងប្រាប់ខ្លូនឯងថា ឱ្យតែប្រឹងបន្តិចទៀតនឹងបានជួបមុខកូនហើយដើម្បីលើកទឹកចិត្តខ្លួនឯង និងជំរុញរាងកាយឱ្យបញ្ចេញអ័រម៉ូនជំរុញការកន្រ្តាក់ស្បូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]