លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាបានស្នើឱ្យអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ឱ្យជួយអន្តរាគមន៍ដើម្បីជំរុញឱ្យភាគីថៃ ឆាប់ប្រគល់កងកម្លាំងកម្ពុជាទាំង១៨រូប បញ្ជូនមកឱ្យកម្ពុជាវិញ។ ការគូសបញ្ជាក់របស់លោកជំទាវឧត្ដមសេនីយ៍ឯកបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា កម្ពុជាក៏បានស្នើសុំយ៉ាងទទួចឱ្យភាគីថៃ ឆាប់ប្រគល់កងកម្លាំងកម្ពុជាទាំង១៨នាក់ ត្រឡប់មកកម្ពុជាវិញឱ្យបានឆាប់រហ័សផងដែរ ហើយក្រសួងការពារជាតិក៏មិនទុកសមាជិករបស់យើងចោលនោះទេ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ លោកជំទាវឧត្ដមសេនីយ៍ឯកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នាងខ្ញុំបញ្ជាក់សាជាថ្មីថាចំពោះកងកម្លាំងកម្ពុជាយើងចំនួន១៨រូបដែលស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ ចាប់តាំងពីម៉ោង៧ និង៥០នាទី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ យោធាថៃ បានបញ្ជាក់ថាពួកគេមានសុត្ថិភាព ហើយរាជរដ្ឋាភិបាលកម្ពុជាបានកំពុងធ្វើការយ៉ាងសស្រាក់សម្រាំដើម្បីធ្វើយ៉ាងណាឱ្យថៃបញ្ជូនកងកម្លាំងទាំង១៨រូប មកវិញឱ្យបានឆាប់រហ័ស»។

លោកជំទាវឧត្ដមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិក៏បានអះអាងថា ចាប់ពីតាំងពីចូលជាធរមាននូវបទឈប់បាញ់រវាងកម្ពុជា និងថៃ ពោលគឺមកដល់ពេលនេះគឺមានរយៈពេល៥ថ្ងៃហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាមិនមានការប្រែប្រួលនោះទេក្នុងការអនុវត្តនូវបទឈប់បាញ់ដើម្បីធ្វើយ៉ាងណាឱ្យស្ថានភាពស្ថានភាពកាន់តែប្រសើររហូតដោះស្រាយដោយសន្តិវិធី៕

ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]