ការចាញ់កូនបណ្តាលម៉ាក់ៗពពោះមួយចំនួនចង្អោរ ឬក្អួត និងមិនស្រួលក្នុងខ្លួន។ ការចាញ់កូនតិចតួចមិនបណ្តាលឱ្យម៉ាក់ៗ ឬកូនក្នុងផ្ទៃមានគ្រោះថ្នាក់ទេ តែបើម៉ាក់ៗចាញ់កូនខ្លាំងអាចបណ្តាលឱ្យខ្វះសារធាតុចិញ្ចឹម និងបាត់បង់អេឡិចត្រូលីត។ ដូច្នេះដើម្បីជួយបន្ធូរអាការៈចាញ់កូន ម៉ាក់ៗគួរញុំាអាហារ និងភេជ្ជៈណាខ្លះ?
ហេតុអ្វីបានជាម៉ាក់ៗពពោះភាគច្រើនចាញ់កូន? ម៉ាក់ៗពពោះភាគច្រើនចាញ់កូនដោយសារការកើនឡើងនៃអ័រម៉ូនក្នុងអំឡុងពេលពពោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាទូទៅម៉ាក់ៗពពោះអាចមានអាការៈចាញ់កូននៅសប្តាហ៍ទី ៥ ឬទី៦ នៃការមានផ្ទៃពោះ ហើយអាចចាញ់ខ្លាំងនៅអំឡុងប្តាហ៍ទី ៩ តែបន្ទាប់ពីសប្តាហ៍ទី ១២ ឬសប្តាហ៍ទី ១៦ ម៉ាក់ៗមួយចំនួនអាចបាត់ចាញ់កូនដោយឯកឯង។
ទោះបីជាយ៉ាងណាក៏ដោយ ម៉ាក់ៗពពោះ ១៥%-២០% អាចបន្តចាញ់កូនរហូតដល់ត្រីមាសទី ៣ ហើយម៉ាក់ៗពពោះ ៥% ទៀតអាចចាញ់កូនរហូតដល់ពេលសម្រាល។
ខាងក្រោមនេះជាអាហារ និងភេជ្ជៈមួយចំនួនដែលអាចជួយកាត់បន្ថយអាការៈចាញ់កូនបាន៖
១. ខ្ញី
ខ្ញី និងក្លិនរបស់ខ្ញីអាចជួយបំបាត់អាការៈចាញ់កូនបាន។ លើសពីនេះទៅទៀត ខ្ញីក៏អាចជួយដល់ការរំលាយអាហារ និងប្រឆាំងនឹងការរលាកក្នុងខ្លួនដែរ។
ម៉ាក់ៗអាចញុំាអាហារដែលមានលាយខ្ញី ឬញុំាតែខ្ញីក៏បាន ប៉ុន្តែម៉ាក់ៗមិនត្រូវញុំាខ្ញីលើសពី ១០០០ មីល្លីក្រាមក្នុងមួយថ្ងៃទេ ព្រោះអាចបណ្តាលឱ្យមានផលប៉ះពាល់។ ជាទូទៅការញុំាខ្ញី ២៥០ មីល្លីក្រាមក្នុងមួយថ្ងៃអាចជួយបំបាត់អាការៈចាញ់កូនបានហើយ។
២. ជីរអង្កាម
ជីរអង្កាមមានប្រសិទ្ធភាពក្នុងការកាត់បន្ថយអាការៈចាញ់កូនស្រដៀងនឹងខ្ញីដែរ ហើយអាចធ្វើឱ្យខ្យល់ដង្ហើមម៉ាក់ៗស្រស់ថ្លា និងកាត់បន្ថយអាការៈមិនស្រួលក្នុងពោះទៀតផង។ ម៉ាក់ៗអាចញុំាជីរអង្កាមដោយលាយជាមួយអាហារ ឬញុំាស្ករកៅស៊ូរសជាតិជីរអង្កាម ឬតែជីរអង្កាមក៏បាន។
៣. ក្រូចឆ្មារ
ក្លិន និងទឹកក្រូចឆ្មារអាចកាត់បន្ថយអាការៈចាញ់កូនបាន។ ម៉ាក់ៗអាចបន្ថែមទឹកក្រូចឆ្មារចូលអាហារ ឬញុំាទឹកក្រូចឆ្មារលាយទឹកក្តៅឧណ្ហៗក៏បាន។ ប្រសិនបើម៉ាក់ៗឈឺក្រពះ ហើយមិនអាចញុំាទឹកក្រូចឆ្មារបាន ម៉ាក់ៗអាចហិតក្លិនសម្បកក្រូចឆ្មារក៏បាន។
៤. អាហារសម្បូរប្រូតេអ៊ីន
តាមការសិក្សាបានឱ្យដឹងថាការមានជាតិស្ករក្នុងឈាមទាបអាចបង្កឱ្យម៉ាក់ៗចាញ់កូនកាន់តែខ្លាំង។ ជាទូទៅអាហារដែលផ្ទុកប្រូតេអ៊ីនខ្ពស់ត្រូវការពេលយូរក្នុងការរំលាយ។
ដូច្នេះការញុំាអាហារសម្បូរប្រូតេអ៊ីនអាចជួយកាត់បន្ថយអាការៈចាញ់កូនរបស់ម៉ាក់ៗបានដោយការពារក្រពះ និងផ្លូវរំលាយអាហារម៉ាក់ៗពីភាពតានតឹងដែលគ្មានអាហារ។
អាហារសម្បូរទៅដោយប្រូតេអ៊ីនមានដូចជាគ្រាប់ផ្លែឈើ ស៊ុត សណ្តែក សាច់សុទ្ធ សាច់ទ្រូងមាន់ ត្រី និងយ៉ាអួរជាដើម។
៥. អាហារសម្បូរវីតាមីន B6
វីតាមីន B6 មិនត្រឹមតែអាចកាត់បន្ថយអាការៈចាញ់កូនទេ ថែមទាំងជួយជំរុញការផលិតកោសិកាឈាមក្រហមទៀតផង។ អាហារសម្បូរទៅដោយវីតាមីន B6 មានដូចជា សាច់សុទ្ធ គ្រាប់ធញ្ញជាតិ អង្ករសម្រូប ផ្លែបឺរ ចេក សារី ត្រី ពោត ការ៉ុត និងគ្រាប់ផ្លែឈើជាដើម។
៦. អាហារផ្ទុកកាបូអ៊ីដ្រាត
អាហារផ្ទុកកាបូអ៊ីដ្រាតរួមមាននំបុ័ង មី បាយ ប៉ាស្តា ដំឡូងបារាំងអាចជួយកាត់បន្ថយអាកាៈចាញ់កូនរបស់ម៉ាក់ៗបានដោយសារងាយរំលាយ និងធ្វើឱ្យម៉ាក់ៗមានកម្លាំងឆាប់។
៧. បន្លែ និងផ្លែឈើស្រស់
ផ្លែឈើ និងបន្លែស្រស់មិនត្រឹមតែល្អចំពោះមានសុខភាពម៉ាក់ៗទេ ថែមទាំងអាចកាត់បន្ថយអាការៈចាញ់កូនបានទៀតផង ព្រោះសម្បូរទៅដោយសារធាតុចិញ្ចឹម និងជាតិសរសៃដែលជួយដល់ការរំលាយអាហារ។
ម៉ាក់ៗគួរញ៉ាំផ្លែឈើដែលសម្បូរជាតិទឹកដូចជា ឪឡឹក ត្រសក់ស្រូវ ប៉ោម សារី ឬ ក្រូចជាដើមដើម្បីបំពេញជាតិទឹក និងគួរចៀសវាងផ្លែឈើដែលមានរសជាតិផ្អែមខ្លាំង ព្រោះអាចបណ្តាលឱ្យមានបញ្ហារំលាយអាហារ។
ពេលចាញ់កូន ម៉ាក់ៗត្រូវញុំាទឹក ឬទឹកដូងឱ្យបានច្រើនដើម្បីកុំឱ្យខ្សោះជាតិទឹកក្នុងខ្លួន និងដើម្បីបំពេញអេឡិចត្រូលីតឡើងវិញ និងត្រូវញុំាអាហារដែលមានរសជាតិសាបៗទើបងាយរំលាយ។ ទោះបីជាម៉ាក់ៗមិនឃ្លាន ឬញុំាមិនឆ្ងាញ់ក៏ដោយ ក៏ម៉ាក់ៗត្រូវព្យាយាមញុំាដែរដើម្បីឱ្យមានកម្លាំងទើបមិនសូវធ្វើទុកដោយសារចាញ់កូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]