កូវីដ​-១៩​ជា​ប្រភេទ​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​មួយ​ ប៉ុន្តែ​វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សួត​ប៉ុណ្ណោះ​ទេ វីរុស​នេះ​អាច​បង្ក​គ្រោះថ្នាក់​លើស​ពី​អ្វី​ដែល​យើង​គិត​ទុក​ទៅ​ទៀត​។ ទោះ​បី​យើង​ជា​សះស្បើយ​ពី​កូវីដ​-១៩​​ហើយ​យ៉ាង​ណា​ក្ដី យើង​អាច​នឹង​ជួប​ប្រទះ​ផល​វិបាក​ផ្សេង​ៗ តួ​យ៉ាង​ដូចជា​បញ្ហា​បេះដូង​ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩​​ជា​ដើម​។ ពិត​ណាស់​ ជំងឺ​រាតត្បាត​នេះ​ប៉ះពាល់​ដល់​ផ្នែក​ជា​ច្រើន​នៃ​រាងកាយ​របស់​យើង​ ហើយ​​​វា​ក៏​អាច​បណ្ដាល​​ឲ្យ​មាន​ការ​រលាក​នៅ​ក្នុង​បេះដូង​ ដោយ​​វិវត្ត​ទៅ​ជា​ជំងឺ​រលាក​សាច់​ដុំ​បេះដូង ​ឬ​រលាក​ស្រោម​បេះដូង ​ ។

ផលវិបាក​នៃ​បញ្ហា​បេះដូង​ ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​មុន​នឹង​យល់​ដឹង​ពី​វិធីសាស្ត្រ​គ្រប់គ្រង​ផលវិបាក​នៃ​ជំងឺ​បេះដូង​ ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩ យើង​គួរ​​ស្វែង​យល់​ពី​រោគសញ្ញា​មួយ​ចំនួន​ជា​មុន​សិន​។

ចង្វាក់​បេះដូង​លោត​ញាប់​

យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ជំងឺ​ដែល​​ជា​សះស្បើយ​ពី​​វីរុស​​កូវីដ-១៩​បាន​ប្រឈម​នឹង​បញ្ហា​​ចង្វាក់​បេះដូង​លោត​ញាប់​ ​ដែល​នៅ​ចន្លោះ​ពី​៦០​ទៅ​១០០​។ ការ​កើន​ឡើង​ចង្វាក់​បេះដូង​នេះ អាច​​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​ ប្រសិនបើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​។

“គ្រុន​ក្ដៅ និង​ការ​បង្ក​រោគ​អាច​នាំ​ឲ្យ​ចង្វាក់​បេះដូង​លោត​ញាប់​ខ្លាំង​ចំពោះ​អ្នក​ជំងឺ​កូវីដ​-១៩​ ដែល​កើត​ជំងឺ​រលាក​សួត។ សម្ពាធ​ឈាម​​អាច​ធ្លាក់​ចុះ ឬ​ឡើង​ខ្ពស់ នឹង​​បង្ក​ឲ្យ​មានសម្ពាធ​លើ​​បេះដូង ហើយ​​ជា​លទ្ធផល​ វា​អាច​កើន​ឡើង​តម្រូវ​ការ​អុកស៊ីហ្សែន​ និង​បណ្ដាល​ឲ្យ​ខូច​បេះដូង​តែ​ម្តង​​”។

របាយការណ៍ របស់ Harvard Health

ពិបាក​ដក​ដង្ហើម​

ទន្ទឹម​នឹង​នេះ​ដែរ អ្នក​ជំងឺ​​​មួយ​ចំនួន​ដែល​ជា​សះស្បើយ​ពី​កូវីដ​-១៩​ អាច​​កើត​មាន​បញ្ហា​ពិបាក​ដកដង្ហើម​ធ្ងន់ធ្ងរ ដែល​អ្នក​ខ្លះ​អាច​ជា​សះស្បើយ​ក្នុង​រយៈពេល​ខ្លី និង​ខ្លះ​ទៀត​ត្រូវ​ការ​ចំណាយ​ពេល​យូរ​ ទើប​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​។

តិចនិក​ថែទាំ​សុខភាព​បេះដូង​ក្រោយ​​ជា​សះស្បើយ​ពី​កូវីដ​-១៩

ជំងឺ​កូវីដ​-១៩ អាច​បង្កើន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​បញ្ហា​គាំង​បេះដូង។ មួយ​វិញ​ទៀត របាយ​ការណ៍​បាន​បញ្ជាក់​ថា កូវីដ​-១៩​ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កក​ឈាម​ដូច​គ្នា​​។ ដូច្នេះ​ហើយ​ យើង​គួរ​ថែទាំ​ជា​ពិសេស​ចំពោះ​បេះដូង​ ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩​ ដោយ​អនុវត្ត​តាម​វិធាន​ខាង​ក្រោម​៖

១. បញ្ចៀស​កំណក​ឈាម

កំណកឈាម​អាច​​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជា​ច្រើន​ ដូចជា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​គាំង​បេះដូង​។ ដូច្នេះ​ហើយ​ យើង​គួរ​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ​ឯកទេស​ខាង​បេះដូង ប្រសិនបើ​យើង​មាន​រោគសញ្ញា​នៃ​កំណកឈាម​ដូចជា​​ដកដង្ហើម​ហត់ និង​ចុកទ្រូង​ស្រួចស្រាល់​។

២. ញ៉ាំ​របប​អាហារ​សុខភាព

ពិត​ណាស់​ អាហារ​ល្អ​ៗ​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​ការ​ជា​សះស្បើយ​ឆាប់​រហ័ស​ និង​ត្រឹមត្រូវ​ ហេតុ​នេះ​ហើយ​ ទើប​អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​ណែ​នាំ​ឲ្យ​អ្នក​ជំងឺ​កូវីដ-១៩ ញ៉ាំ​បន្លែ ផ្លែឈើ​ និង​គ្រាប់​ធញ្ញជាតិ​ដូចជា អាល់ម៉ុន​ គ្រាប់​ស្វាយ​ចន្ទី ឬ​​គ្រាប់​ល្ពៅ​​។ បន្ថែម​ពី​នេះ យើង​គួរ​តែ​ជៀសវាង​ការ​ញ៉ាំ​អាហារ​វេច​ខ្ចប់​ និង​អាហារ​ប្រៃ​ពេក​​។ល។

៣. ធ្វើ​លំហាត់​ប្រាណ​

ការ​ធ្វើ​លំហាត់​ប្រាណ​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​របស់​យើង​ទាំង​មូល​ ជា​ពិសេស​ ក្រោយ​ពេល​ដែល​យើង​ទើប​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-១៩​។ ដូច​នេះ​​ គ្នា​យើង​គួរ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​ ទើប​ជា​ការ​ប្រសើរ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]