ថ្វី​ត្បិត​តែ​គ្នា​យើង​ភាគ​ច្រើន​ដែល​ជា​សះស្បើយ​ពី​កូវីដ​-១៩ ​មិន​ជួប​​ប្រទះ​ផល​ប៉ះពាល់​រយៈពេល​យូរ​ទៅ​​លើ​ការ​ចងចាំ និង​ការ​ផ្ដោត​អារម្មណ៍​​ក៏​​ពិត​មែន​ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​​​ដែល​កើត​កូវីដ​ធ្ងន់ធ្ងរ ​អាច​​ជួប​​បញ្ហា​ទៅ​លើ​ការ​ចងចាំ និង​ការ​ផ្ដោត​អារម្មណ៍​រយៈពេល​យូរ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​​បញ្ហា​​ភ្លេច​ភ្លាំង​ស្រាប់​ មុន​ពេល​​កើត​កូវីដ​-១៩​។

តើ​កូវីដ​-១៩ ប៉ះពាល់​ដល់​ការ​ចងចាំ និង​ការ​គិត​យ៉ាង​ម៉េច​ខ្លះ​?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​ចង​ចាំ៖ បើ​ការ​ចងចាំ​របស់​យើង​រង​ការ​ប៉ះពាល់​ គ្នា​យើង​អាច​ពិបាក​ក្នុង​ការ​រក្សា​ទុក​ព័ត៌មាន​ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ ក៏​ដូចជា​ពិបាក​រក​នឹក​ឃើញ​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង ឬ​ភ្លេច​លេប​ថ្នាំ​ផង​ក៏​មាន​។

ការ​​ផ្ដោត​​អារម្មណ៍​៖ ចំពោះ​អ្នក​ដែល​ប្រឈម​នឹង​បញ្ហា​ផ្ដោត​អារម្មណ៍​វិញ ​អាច​មាន​ការ​ពិបាក​ក្នុង​ការ​សន្ទនា​ ឬ​ធ្វើ​រឿងរ៉ាវ​២​យ៉ាង​ក្នុង​ពេល​តែ​មួយ។

មុខងារ​ប្រតិបត្តិ៖ ​មុខងារ​នេះ​ជា​ដំណើរការ​ផ្លូវ​ចិត្ត​ ដែល​អនុញ្ញាត​ឲ្យ​យើង​ដោះស្រាយ​បញ្ហា​ ធ្វើ​ការ​សម្រេច​ចិត្ត រៀប​ចំ​ផែនការ​ជា​មុន​ និង​​ត្រួត​ពិនិត្យ​កិច្ចការ​បាន​ហ្មត់ចត់។ ប៉ុន្តែ​ បើ​​មុខងារ​ប្រតិបត្តិ​មាន​បញ្ហា​ យើង​​អាច​​មិន​សូវ​មាន​​សណ្ដាប់ធ្នាប់​ និង​ធ្វើ​អ្វី​ដោយ​មិន​បាន​គិត​គូរ​វែង​ឆ្ងាយ​ព្រម​ទាំង​​ពិបាក​ក្នុង​ការ​បន្ត​កិច្ចការ​ ឬ​ចាប់ផ្ដើម​កិច្ចការ​​ដោយ​​ដោយ​ខ្ជីខ្ជា​ជា​ដើម។

ហេតុអ្វី​បាន​ជា​កូវីដ​-១៩ ប៉ះពាល់​ដល់​ការ​ចងចាំ​ និង​ការ​គិត?

ជាក់​ស្ដែង មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​​អ្នក​ដែល​កើត​កូវីដ​-១៩ ​​ពិបាក​ក្នុង​ការ​ចងចាំ និង​ការ​គិត។ មូលហេតុ​ទាំង​នេះ​រួម​មាន​៖

១. អស់​កម្លាំង

​​អាការៈ​អស់​កម្លាំង ​កើត​ឡើង​ជា​ទូទៅ​​ក្រោយ​ពេល​ដែល​យើង​ឆ្លង​មេរោគ ហើយ​វា​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​ផ្ដោត​អារម្មណ៍​។ លើស​ពី​នេះ យើង​​ក៏​អាច​មាន​អារម្មណ៍​​ថា​មិន​មាន​ថាមពល​ផ្លូវ​ចិត្ត​គ្រប់គ្រាន់​ និង​ពិបាក​ក្នុង​ការ​ផ្ដោត​អារម្មណ៍​លើ​ការងារ​។ ដូច​នេះ​ ដើម្បី​ជួយ​បង្កើន​ការ​​ចងចាំ និង​ធ្វើ​ឲ្យ​​ការ​គិត​​ដំណើរ​ការ​បាន​​ល្អ​ឡើង​វិញ​ យើង​ចាំបាច់​ត្រូវ​គេង​ឲ្យ​បាន​ស្កប់ស្កល់​នៅ​ពេល​យប់​។

២. ភ័យ​ខ្លាច និង​ថប់​បារម្ភ​

​​ទន្ទឹម​នឹង​នេះ​ ការ​ជា​សះស្បើយ​ពី​កូវីដ​-១៩ អាច​ជា​បទពិសោធន៍​ដ៏​តានតឹង​សម្រាប់​អ្នក​ជំងឺ​ជា​ច្រើន​។ គ្នា​យើង​ខ្លះ​​អាច​នឹក​ឃើញ​​ការ​ចងចាំ​មិន​ល្អ ឬ​យល់សប្ដិ​អាក្រក់​​ជា​ដើម​។ ការ​ថប់​បារម្ភ ការ​បារម្ភ និង​រូបភាព​ទាំង​ឡាយ​​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​ការ​ផ្ដោត​អារម្មណ៍​របស់​យើង​បាន​​។

៣. រលាក​ខួរ​ក្បាល​

កូវីដ​-១៩​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ខួរ​ក្បាល​លើ​​​មនុស្ស​ចំនួន​មួយ​​តូច​​ដូច​គ្នា។ ក្នុង​ករណី​នេះ គ្រូពេទ្យ​ជំនាញ​នឹង​ធ្វើការ​ពិនិត្យ​ ព្រម​ទាំង​បង្ហាញ​ភស្តុតាង​នៃ​ជំងឺ​​រលាក​ខួរ​ក្បាល​ ហើយ​ផល​ប៉ះពាល់​របស់​ជំងឺ​នេះ​ គឺ​អាស្រ័យ​លើ​ផ្នែក​ណា​មួយ​នៃ​ខួរ​ក្បាល​ដែល​ត្រូវ​បាន​ប៉ះពាល់​ រួម​ទាំង​បញ្ហា​ក្នុង​ការ​ផ្ដោត​អារម្មណ៍ ពិបាក​ចងចាំ និង​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ សម្រេច​ចិត្ត ឬ​រៀបចំ​ផែនការ​។

៤. ខូច​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ (ARDS)

ជាមួយ​គ្នា​នេះ​ដែរ អ្នក​​ជំងឺ​កូវីដ​-១៩​ ​បាន​វិវត្ត​ទៅ​ជា​ជំងឺ​ផ្លូវ​ដង្ហើម​ដែល​​​បណ្ដាល​មក​ពី​​ការ​រលាក​សួត​ធ្ងន់ធ្ងរ ហៅ​ថា​ជំងឺ​ខូច​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​។ អ្នក​កើត​ជំងឺ​នេះ ច្រើន​តែ​ពឹង​ផ្អែក​លើ​ឧបករណ៍​ជំនួយ​ការ​ដកដង្ហើម (Mechanical ventilator)។ ពិត​ណាស់​ ខួរ​ក្បាល​ពឹង​ផ្អែក​លើ​អុកស៊ីហ្សែន​ ហើយ​ប្រសិនបើ​​កម្រិត​អុកស៊ីហ្សែន​ទាប​ក្នុង​រយៈពេល​​ណា​មួយ វា​ក៏​អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល​ និង​ជះ​ឥទ្ធិពល​លើ​ការ​ចងចាំ​ ក៏​ដូចជា​ការ​គិត​របស់​យើង​​ដែរ​។

យើង​អាច​គ្រប់គ្រង​បញ្ហា​លើ​ការ​ចងចាំ ឬ​ការ​គិត​​ដោយ​វិធី​ណា​?

ដើម្បី​គ្រប់គ្រង​ផល​ប៉ះពាល់​ទៅ​លើ​ការ​ចង​ចាំ និង​ការ​គិត​ យើង​ចាំបាច់​​ត្រូវ​គ្រប់គ្រង​លើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ជា​មុន​សិន។ ការ​ស្ដាប់​ឧបករណ៍​​តន្ត្រី​ប្រភេទ​​ស្ងប់ស្ងាត់​ ​អាច​ជួយ​ឲ្យ​ការ​ផ្ដោត​អារម្មណ៍​របស់​យើង​កាន់​តែ​ប្រសើរ​។ បន្ថែម​ពី​នេះ​ គ្នា​យើង​គួរ​សម្រាក​ជា​​ទៀងទាត់​ និង​ផ្ដល់​រង្វាន់​ដល់​ខ្លួន​ឯង​នៅ​ពេល​បញ្ចប់​កិច្ចការ​ដ៏​យ៉ាប់យ៉ឺន​ណា​មួយ​។

មួយ​វិញ​ទៀត​ យើង​ក៏​អាច​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ក្នុង​ការ​កត់​ត្រា​រឿងរ៉ាវ​ដែល​ត្រូវ​ធ្វើ​មួយ​ចំនួន​ផង​ដែរ​។ ការ​បង្កើត​ទម្លាប់​ប្រចាំ​ថ្ងៃ​ដែល​ស័ក្ដិសម​​ចំពោះ​យើង ​អាច​កាត់បន្ថយ​​តម្រូវ​ការ​លើ​ខួរ​ក្បាល ហើយ​ការ​រៀបចំ​ផែនការ​ច្បាស់លាស់​ ក៏​មាន​ប្រសិទ្ធភាព​​​ជួយ​ឲ្យ​យើង​សម្រេច​កិច្ចការ​កាន់​តែ​ប្រសើរ​ជាង​មុន​​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]