ភ្នំពេញ៖ វីដេអូរៀបមង្គលការរបស់គូស្នេហ៍ ដែលកូនក្រមុំ គឺជាម្ចាស់ប្រេន Miss Sunflower កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទឹកដីក្រចេះ និងបណ្ដាញសង្គម។ មង្គលការដែលមានភ្ញៀវកិត្តិយសសុទ្ធតែជាតំណាងចែកចាយ ជាម្ចាស់ប្រេនល្បីៗ និងអ្នកមុខអ្នកមាត់សរុបជាង ២០០តុ កាលពីថ្ងៃទី 12 មីនា ឆ្នាំ2022 កន្លងទៅនេះ គឺអាចនិយាយបានថា កំពុងទាក់ទាញ ដោយសារតែភាពប្រណិតនៃពិធី និងដេគ័រផ្កាឈូករ័ត្នដែលចំណាយដល់ច្រើនម៉ឺនដុល្លារ។ សួនផ្កាឈូករ័ត្ននៅក្នុងមង្គលការនេះ ត្រូវបានគេចែកចាយនៅក្នុងបណ្តាញសង្គម Tik Tok ខណៈដែលវីដេអូមង្គលការលើផេកផ្ទះតារា កំពុងមានអ្នកមើលដល់រាប់រយខេត្រឹមតែប៉ុន្មានម៉ោង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាង ឡៃ ស៊ូយៀក អគ្គនាយិកា H.Y Global CO.,Ltd ដែលជាម្ចាស់ប្រេន Miss និងជាតារាអនឡាញល្បីឈ្មោះ បានលើកឡើងថា មង្គលការដែលបានចំណាយខ្ទង់សែនដុល្លារនៅទីរួមខេត្តក្រចេះនេះ គឺជាការចំណាយដែលបានពីការប្រឹងប្រែងរបស់នាង និងគូស្នេហ៍ ក្រោយពេលតស៊ូបើកជំនួញរួមគ្នាអស់រយៈពេល 5ឆ្នាំ កន្លងមក។

ហេតុផលដែលនាំឱ្យមង្គលការនេះរំលេចសុទ្ធតែផ្កាឈូករ័ត្ន ទាំងបរិយាកាសពិធី រោងពិធី ដោយសូម្បីតែការរចនាក្រចករបស់អ្នកនាងផ្ទាល់ គឺដោយសារតែផ្កាឈូករ័ត្ន គឺជាដើមកំណើតដែលធ្វើឱ្យនាង និងគូស្នេហ៍ស្រឡាញ់គ្នា និងជាតំណាងរបស់គ្រឿងសម្អាងម៉ាក Miss ដែលកំពុងជោគជ័យនៅលើទីផ្សារ។ ផ្កាឈូករ័ត្ននេះ ក៏បង្ហាញពីអត្ថន័យ នៃភាពរុងរឿង និងភាពរឹងមាំដែលអ្នកនាងស្រឡាញ់បំផុតតាំងពីធំដឹងក្ដីផងដែរផងដែរ ទើបនៅក្នុងពិធីសុទ្ធតែរំលេចដោយផ្កាឈូករ័ត្ន។

អ្នកនាងថាមង្គលការនេះគ្រោងធ្វើតែជាង 150តុ តែប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងគឺតំណាងចែកចាយ និងភ្ញៀវកិត្តិយស ចូលរួមរហូតដល់ជាង 200 តុ ហើយអ្វីដែលអ្នកនាងកាន់តែរំភើប គឺអ្នកនាង និងគូស្នេហ៍ អាចដឹងដៃគ្នាចូលរោងការដោយភាពអធឹកអធម ហើយបានដើរក្នុងសួនផ្កាឈូករ័ត្នដូចក្ដីស្រម៉ៃ។

លោក ឡាយ លីហួរ ដែលជាអ្នកជំនួញដីធ្លីវ័យក្មេង និងជាស្វាមី បានលើកឡើងថា ទម្រាំតែលោក និងភរិយា បានក្លាយជាអ្នកជំនួញជោគជ័យទាំងពីរនាក់ដូចក្នុងពេលនេះ ពួកលោកក៏ស្គាល់ការបរាជ័យ និងរឿងបាក់ទឹកចិត្ត ជាច្រើនអន្លើកន្លងមកផងដែរ។ លោកថា រំភើបចិត្តដែលបានក្លាយជាស្វាមីរបស់ម្ចាស់ប្រេន Miss គឺអ្នកនាង ស៊ូយៀក ហើយកាន់តែរំភើបចិត្តទៅទៀត នៅពេលមង្គលរបស់លោកអាចរៀបចំធំដុំ ហើយមានភ្ញៀវចូលរួមរហូតដល់រង្វង់២ពាន់នាក់។

គួរបញ្ជាក់ផងដែរថា ក្រោយការបញ្ចប់ពិធីមង្គលការ ហើយត្រូវបានអ្នកលេងបណ្ដាញសង្គមចែកចាយវីដេអូពីទិដ្ឋភាពពិធីច្រូងច្រាង បានធ្វើឱ្យពិធីមង្គលការរបស់អ្នកនាង ស៊ូយៀក ម្ចាស់ប្រេន Miss និងលោក ឡាយ លីហួរ ក្លាយជាមង្គលការតារាអនឡាញដែលផ្ទុះកក្រើកមួយនៅក្នុងពេលនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]