កង្វះជាតិអ៊ីយ៉ូតអាចបង្កឱ្យក្រពេញទីរ៉ូអ៊ីតអសកម្ម។ រាងកាយរបស់យើងត្រូវការអ៊ីយ៉ូតដើម្បីផលិតអ័រម៉ូនទីរ៉ូអ៊ីតដែលមានឥទ្ធិពលលើការបំប្លែងអាហារ គ្រប់គ្រងមុខងារខួរក្បាល សរសៃប្រសាទ និងឆ្អឹង។ ចុះមានរឿងអ្វីកើតឡើង ប្រសិនបើរាងកាយ​យើង​ខ្វះជាតិអ៊ីយ៉ូត? យើងអាចបំពេញជាតិអ៊ីយ៉ូតតាមរយៈអាហារអ្វីខ្លះ?

ប្រសិនបើរាងកាយ​យើង​ខ្វះជាតិអ៊ីយ៉ូត អាច​មាន​អាការៈ​ដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យើងអាចទទួលបានជាតិអ៊ីយ៉ូតពីអាហារមួយចំនួនដូចជា៖

១. សារាយសមុទ្រ

សារាយសមុទ្រមិនត្រឹមតែមានផ្ទុកជាតិអ៊ីយ៉ូតខ្ពស់ទេ ថែមទាំងសម្បូរទៅដោយសារធាតុប្រឆាំង​អុកស៊ីតកម្ម វីតាមីន និងរ៉ែជាច្រើនប្រភេទទៀត។

២. គ្រឿងសមុទ្រ

គ្រឿងសមុទ្រដូចជា ក្តាម បង្គា បង្កង គ្រំ អយស្ទ័រ ជាដើមសម្បូរទៅដោយ​​ជាតិអ៊ីយ៉ូត ហើយ​ថែម​ទាំង​មានផ្ទុកប្រូតេអ៊ីន កាល់ស្យូម និងវីតាមីនជាច្រើនប្រភេទទៀតផង។

៣. ដំឡូងបារាំង

ដំឡូងបារំាងសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ដូចជា វីតាមីន ជាតិសរសៃ ប៉ូតាស្យូម និង​ជាតិ​អ៊ីយ៉ូត។ ក្នុងដំឡូងបារំាងមួយមើមមានផ្ទុកជាតិអ៊ីយ៉ូតប្រហែល ៦០ មីក្រូក្រាមដែលស្មើនឹង ៤០% នៃជាតិអ៊ីយ៉ូតប្រចាំ​ថ្ងៃដែលយើងគួរញុំា។

៤. ចេក

ការ​ញ៉ាំ​ចេកអាចផ្តល់ថាមពលដល់យើង​លឿន ព្រោះចេកសម្បូរទៅដោយ​ប៉ូតាស្យូម។ លើស​ពី​នេះ​ទៅទៀត ក្នុងចេកមួយផ្លែមានផ្ទុកជាតិអ៊ីយ៉ូត ៣ មីក្រូក្រាម។

៥. អំបិលមានលាយជាតិអ៊ីយ៉ូត

យើងគួរប្រើអំបិលមានលាយជាតិអ៊ីយ៉ូតក្នុងអាហារព្រោះក្នុងអំបិលមួយក្រាមមានជាតិអ៊ីយ៉ូតប្រហែល ៧៧ មីក្រូក្រាម។

៦. ដំណាប់ផ្លែផ្លាម

ការញុំាដំណាប់ផ្លែផ្លាម ៥ គ្រាប់ក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ ព្រោះក្នុងដំណាប់ផ្លែផ្លាម ៥ គ្រាប់​មាន​ផ្ទុកជាតិអ៊ីយ៉ូតប្រហែល ១៣​ មីក្រូក្រាម។ ម្យ៉ាងទៀត ដំណាប់ផ្លែផ្លាមក៏ផ្ទុកទៅដោយវីតាមីន ជាតិ​សរសៃ និងសារធាតុរ៉ែជាច្រើនទៀត។

៧. ស៊ុត

ក្នុងស៊ុតមួយគ្រាប់អាចមានជាតិអ៊ីយ៉ូនប្រហែល ២៤ មីក្រូក្រាម។ លើស​ពីនេះទៅទៀត ស៊ុត​មាន​ផ្ទុក​សារធាតុចិញ្ចឹមជាច្រើនដូចជា ជាតិដែក ហ្វូឡាត វីតាមីន B12 វីតាមីន D វីតាមីន E និង​ប្រូតេអ៊ីន​ជា​ដើម។

៨. ផលិតផលទឹកដោះ

ផលិតផលទឹកដោះគោដូចជា ទឹកដោះគោ យ៉ាអួរ និងឈឺស ជាដើមមានផ្ទុកជាតិអ៊ីយ៉ូត ប៉ុន្តែកម្រិត​ជាតិ​អ៊ីយ៉ូតអាស្រ័យទៅលើចំណីដែលគេផ្តល់​ឱ្យ​គោស៊ី​ដើម្បី​ផលិត​ទឹកដោះ​។ ម្យ៉ាងទៀត ផលិតផលទឹកដោះក៏​មាន​ផ្ទុក​វីតាមីន D និងកាល់ស្យូម​ដែរ។

កង្វះជាតិអ៊ីយ៉ូតធ្ងន់ធ្ងរអាចបណ្តាលឱ្យយើងមានជំងឺពកក ឬក្រពេញ​ទីរ៉ូអ៊ីតរីកធំ ប៉ុន្តែ​យើង​ក៏មិន​អាច​ញុំាជាតិអ៊ីយ៉ូតច្រើនដែរ។ ជាទូទៅ ជាតិអ៊ីយ៉ូតប្រចាំថ្ងៃសម្រាប់កុមារអាយុ ១-៨ ឆ្នាំ គឺ ៩០ មីក្រូក្រាម កុមារអាយុ ៩-១៣ ឆ្នាំ ១២០ មីក្រូក្រាម បុរស និងស្ត្រីពេញវ័យ ១៥០ មីក្រូក្រាម ម៉ាក់ៗ​ពពោះ ២២០ មីក្រូក្រាម និងម៉ាក់ៗបំបៅដោះ ២៩០ មីក្រូក្រាម។

ចំណុចសំខាន់

១. កង្វះជាតិអ៊ីយ៉ូតអាចបណ្តាលឱ្យយើងមានអាចអាការៈដូចជា៖

  • អស់កម្លាំង
  • ខ្សោយសាច់ដុំ
  • ឡើងទម្ងន់
  • រៀនមិនចេះ ឬពិបាកចងចាំ
  • ទល់លាមក
  • ចង្វាក់បេះដូងលោតយឺត ឬខ្សោយ
  • ស្បែក​ស្ងួត
  • ជ្រុះសក់
  • មុខហើម
  • មានអារម្មណ៍ត្រជាក់

២. យើងអាចទទួលបានជាតិអ៊ីយ៉ូតពីអាហារមួយចំនួនដូចជា សារាយសមុទ្រ គ្រឿងសមុទ្រ ដំឡូងបារាំង ចេកអំបិលមានលាយជាតិអ៊ីយ៉ូត ដំណាប់ផ្លែផ្លាម ស៊ុត និង លិតផលទឹកដោះ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]