ការគេងលើកជើងផ្អែកជញ្ជាំង គឺជាលំហាត់យូហ្កាងាយស្រួលដែលយើងអាចធ្វើជំនួសលំហាត់ដាំក្បាលចុះក្រោម ហើយទុកនាទីឱ្យទំនាញផែនដីធ្វើការលើជើង និងរាងកាយរបស់យើង។ តើការគេង​លើក​​ជើងផ្អែកជញ្ជាំង​ផ្តល់ប្រយោជន៍អ្វីខ្លះដល់សុខភាពយើង?

១. ជួយឱ្យយើងស្ងប់អារម្មណ៍

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការគេងលើកជើងផ្អែកជញ្ជាំងប៉ះពាល់ដោយផ្ទាល់ដល់ប្រព័ន្ធសរសៃប្រសាទ និងធ្វើឱ្យអារម្មណ៍​យើង​ស្ងប់ភ្លាមៗ។ ក្នុងអំឡុងពេលធ្វើលំហាត់នេះ យើងអាចដក់ដង្ហើមវែងៗ​ដើម្បីទទួល​បាន​លទ្ធផលទ្វេដង ព្រោះការដកដង្ហើមបានវែងៗ​អាចកាត់បន្ថយអត្រាចង្វាក់​បេះដូង​លោត​​ដែលជួយឱ្យ​យើងបន្ធូរអារម្មណ៍ កាត់បន្ថយការថប់បារម្ភ ភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព។

២. ជួយបំបាត់អាការៈចុករួយស្រពន់ជើង

ការគេងលើកជើងផ្អែកជញ្ជាំងអាចជួយសន្ធឹងសរសៃពួរនៅភ្លៅខាងក្រោយដែលនឹងជួយបំបាត់អាការៈចុករួយស្រពន់ជើង បន្ទាប់ពីការធ្វើដំណើររយៈពេលវែង ការឈរ ឬអង្គុយនៅមួយកន្លែងពេញមួយថ្ងៃ។

កាលណាត្រគាករបស់យើងកាន់តែខិតទៅជិតជញ្ជាំង សរសៃ​ពួរនៅភ្លៅខាងក្រោយរបស់យើងនឹងសន្ធឹងកាន់តែវែងដែរ​​។

៣. ​ជួយកាត់បន្ថយអាការៈចុករួយង្កេះ​ផ្នែក​ខាងក្រោម​

ការគេងលើកជើងផ្អែកជញ្ជាំងអាចជួយសន្ធឹងឆ្អឹងខ្នងចង្កេះ​ និងសាច់​ដុំ​ខ្នងដែលនឹង​ជួយកាត់បន្ថយ​អាការៈចុករួយចង្កេះ​ផ្នែក​ខាងក្រោម។

៤. បង្កើនចលនាឈាមរត់

ការធ្វើលំហាត់ប្រាណបែបនេះ អាចជួយកាត់បន្ថយអាការៈហើមជើងដោយជួយបង្ហូរសារធាតុរាវដែលចាល់ក្នុងជើង​មក​រាង​កាយ​វិញ​។ លើសពីនេះទៅទៀត ទំនាញផែនដី​ជួយ​ឱ្យឈាមហូរត្រឡប់​ទៅ​បេះដូង​វិញបាន​ល្អ​ដែលនឹងជួយបង្កើនចលនាឈាមរត់ក្នុងខ្លួនរបស់យើង។

៥. ជំរុញការរំលាយអាហារ

ការគេងលើកជើងផ្អែកជញ្ចាំងអាចជួយ​សម្រួល​ចរន្ត​ឈាម​ក្នុង​ពោះ និង​កាត់​បន្ថយ​​ការសង្កត់ទៅលើ​ក្រពះ និងពោះវៀនដែល ការ​សង្កត់​នេះ​ប៉ះពាល់ដល់ការរំលាយអាហាររបស់យើង និងធ្វើឱ្យយើងហើមពោះ ច្រាល់​ទឹកអាស៊ីដក្រពះ និងទល់លាមក។

៦. កាត់បន្ថយអាការៈឈឺក្បាលធម្មតា​ ​និងឈឺក្បាលប្រកាំង

ការគេងលើកជើងផ្អែកជញ្ជាំងជាប្រចាំអាចរួម​ចំណែក​កាត់បន្ថយអាការៈការឈឺក្បាលធម្មតា​ និងឈឺក្បាលប្រកាំង ព្រោះ​ការលើកជើងឡើងលើអាចជំរុញរំហូរ​ឈាមត្រលប់ទៅកាន់បេះដូង និងបង្កើនចលនាឈាមរត់​ក្នុង​ខ្លួន​ដែលធ្វើឱ្យរាងកាយយើងទទួលបានអុកស៊ីសែនគ្រប់គ្រាន់។

របៀបគេងលើកជើងផ្អែកជញ្ជាំង

យើងអាចអង្គុយនៅលើកម្រាលហាត់យូហ្កា ហើយចំហៀងខ្លួនខាងធ្វេងរបស់យើង​ត្រូវជាប់​នឹង​ជញ្ជាំង។ បន្ទាប់មកគេងលើកម្រាល លើកជើងទាំងពីរផ្អែកជាប់នឹងជញ្ជាំង​ដោយយកដៃ​ជួយបង្វិល​ខ្លួន រួចរំកិលគូទរបស់យើងឱ្យជិតជញ្ជាំងតាមដែលអាចធ្វើបាន។

ជាចុងក្រោយ យើងត្រូវបន្ធូរ​សាច់​ដុំទាំងអស់នៅលើរាងកាយយើង បិទភ្នែក ដាក់ដៃនៅលើពោះ ឬនៅលើឥដ្ឋ និងដកដង្ហើមវែងៗ។ យើងត្រូវស្ថិតនៅក្នុងឥរិយាបទនេះឱ្យបានយូរតាមដែលអាចធ្វើទៅបានប្រហែលជា ១០ ទៅ ១៥ នាទី។

ដើម្បីឈប់ហាត់លំហាត់នេះយើងត្រូវទាញជង្គង់របស់យើងដាក់លើទ្រូង រួចហើយរមៀលខ្លួន​ទៅ​ចំហៀងខ្លួន។ បន្ទាប់មកសម្រាកមួយសន្ទុះ រួចក្រោកឡើងអង្គុយយឺតៗ។ ជាចុងក្រោយ យើងត្រូវ​រលាស់​ជើងទាំងពីរដើម្បីជួយសម្រួលរំហូរឈាម។

យើងអាចដាក់ទ្រនាប់នៅក្រោមត្រគាក ក្រោមកដើម្បីឱ្យស្រួលខ្លួន ​និងពាក់ស្រោម​ជើងក្រាស់​ដើម្បី​ការពារការឈឺកែងជើង។ បន្ទាប់ពីហាត់លំហាត់នេះរួច យើងគួរ​ចៀសវាង​ញុំាអាហារក្នុងរយៈពេល ២០ នាទី ឬ​ចៀសវាង​ហាត់លំហាត់​នេះបន្ទាប់ពីញុំា​អាហារ​រួច។

ការគេងលើកជើងផ្អែកជញ្ជាំងអាចជួយឱ្យយើងមានសុខភាពល្អ តែអ្នក​មានជំងឺពុកឆ្អឹង ដក់ទឹកក្នុងភ្នែក លើសសម្ពាធឈាម ស្រ្តីពពោះ ឬកំពុង​មករដូវមិនអាចហាត់លំហាត់នេះបានទេ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]