ភ្នែកចាញ់ពន្លឺធ្វើឱ្យយើង​បើកភ្នែកព្រឹមៗ ឬ​បិទ​ភ្នែក​នៅពេល​ចាំងនឹងពន្លឺ ឬមើលចំពន្លឺដូចជា ពន្លឺថ្ងៃ ភ្លើង ភ្លើងហ្វារថយន្ត ឬម៉ូតូជាដើម ហើយ​អាចធ្វើឱ្យយើងឈឺភ្នែក ស្រវាំងភ្នែក ហៀរទឹកភ្នែក និង​ឈឺក្បាលទៀតផង។ យើងគួរធ្វើបែបម៉េចដើម្បីកាត់បន្ថយអាការៈភ្នែកចាញ់ពន្លឺ?

យើងអាចសាកល្បងវិធីសាស្រ្ត​ដូចខាងក្រោម​ដើម្បីកុំឱ្យ​ភ្នែកយើង​ចាញ់​ពន្លឺពេក៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ពាក់វ៉ែនតាការពារពន្លឺ

វេជ្ជបណ្ឌិត Bradley Katz ឯកទេសសរសៃប្រសាទ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Utah បានលើកឡើងថា មិនមែនពន្លឺទេដែលធ្វើឱ្យភ្នែករបស់យើងចាញ់ពន្លឺ ប៉ុន្តែជាពណ៌ដែលមាននៅ​ក្នុងពន្លឺ បង្ក​ឲ្យ​មាន​បញ្ហា​នេះ។

តាមការស្រាវជ្រាវបានឱ្យដឹងថា រលកពន្លឺពណ៌ខៀវនៅក្នុងពន្លឺអាចធ្វើឱ្យភ្នែករបស់យើងឈឺចាប់។ ការពាក់វ៉ែនតាការពារពន្លឺអាចរារាំង​​​​​​​រលកពន្លឺពណ៌ខៀវពីពន្លឺព្រះអាទិត្យ កុំព្យូទ័រ ឬទូរទស្សន៍​ជាដើម ​មិន​ឱ្យចាំងចូលភ្នែករបស់យើង។

២. បន្ថយពន្លឺគ្រឿងអេឡិចត្រូនិច

យើងគួរបន្ថយពន្លឺគ្រឿងអេឡិចត្រូនិចដូចជា កុំព្យូទ័រ ទូរទស្សន៍ ឬទូរស័ព្ទ​ដើម្បី​កុំឱ្យពន្លឺ​ចាំង​ភ្នែក​ពេក។

៣. ចៀសវាងប្រើអំពូលទូបណេអុងពណ៌ស

យើងគួរប្តូរអំពូលទូបណេអុងពណ៌សដោយប្រើអំពូលពងមាន់ ឬអំពូល LED ពណ៌ស្រទន់ (ពណ៌ថ្ងៃ)​ វិញ ព្រោះអំពូលភ្លើងទាំងពីរមិនមានពន្លឺភ្លឺខ្លាំងពេកដែលមិនធ្វើឱ្យយើងចាំងភ្នែក។

៤. ពាក់មួក និងពាក់វ៉ែនតាការពារពន្លឺថ្ងៃ

ពេលចេញក្រៅត្រូវពន្លឺថ្ងៃ យើងគួរពាក់មួក និងពាក់វ៉ែនតាការពារពន្លឺថ្ងៃ​ដើម្បីការពារភ្នែក​យើង​ពីការ​ត្រូវពន្លឺព្រះអាទិត្យ។

៥. កុំពាក់វ៉ែនតាការពារពន្លឺថ្ងៃនៅក្នុងម្លប់

ការពាក់វ៉ែនតាការពារពន្លឺថ្ងៃនៅក្នុងម្លប់រយៈពេលយូរអាចធ្វើឱ្យភ្នែករបស់យើងសុំានឹងភាពងងឹតដែលនឹងបណ្តាលឱ្យអាការៈភ្នែកចាញ់ពន្លឺរបស់យើងកាន់តែធ្ងន់ធ្ងរ។

៦. ញុំាបន្លែស្លឹកបៃតងចាស់

តាមការសិក្សាបានឱ្យដឹងថា បន្លែស្លឹកបៃតងចាស់ដូចជាស្ពៃពួយឡេង ខាត់ណា និង​ស្លឹកផ្ទី ជាដើម​មានផ្ទុក​សារធាតុ carotenoids, zeaxanthin, និង lutein ដែលអាចជួយកាត់បន្ថយអាការៈភ្នែកចាញ់ពន្លឺ ជួយ​ឱ្យ​ភ្នែកយើងមានសុខភាពល្អ និងកាត់បន្ថយហានិភ័យកើតជំងឺភ្នែកឡើងបាយ

៧. ចៀសវាងសារធាតុបង្កអាលែកហ្ស៊ី

សារធាតុបង្កអាលែកហ្ស៊ីដូចជា លម្អងផ្កា និង​រោមសត្វជាដើមអាចធ្វើឱ្យយើងអាលែកហ្ស៊ី​ដែលបង្ក​ឱ្យ​យើង​ហៀរទឹកភ្នែក រមាស់ភ្នែក និងធ្វើឱ្យភ្នែកយើងចាញ់ពន្លឺដែរ​។

៨. អនុវត្តតិចនិចការពារភ្នែក ២០/២០/២០

ការសម្លឹងមើលអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទយូរបូករូមនឹងពន្លឺពណ៌ខៀវដែល​ចេញពីអេក្រង់​អាចធ្វើឱ្យ​ភ្នែក​យើងងាយចាញ់ពន្លឺ ចុករួយ ស្ងួត និងហៀរទឹកភ្នែក។

យើងមិនអាចចៀសប្រើកុំព្យូទ័រ ឬ​ទូរស័ព្ទ​បានទេ យើងអាចការពារភ្នែកយើងដោយអនុវត្តតិចនិច ២០/២០/២០ ដែល​ណែ​នាំ​ដោយ​បណ្ឌិតសភាភ្នែកអាមេរិក (AAO) បាន។

យើងអាចអនុវត្តតិចនិចនេះដោយរាល់ពេលមើលអេក្រង់បាន ២០ នាទី យើងត្រូវសម្រាកភ្នែក ២០ វិនាទី​ដោយសម្លឹងមើលអ្វីផ្សេងទៀតដែលនៅចម្ងាយ ៦ម៉ែត្រ។

ដើម្បីកុំឱ្យភ្នែកចាញ់ពន្លឺ យើងក៏គួរចៀសវាងមើលចំពន្លឺដែលចាំងៗដូចជា ពន្លឺព្រះអាទិត្យ ពន្លឺភ្លើង ឬភ្លើងហ្វារថយន្ត ឬម៉ូតូជាដើមដែរ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]