ការឃ្លានអាហារពេលយប់ ចំពោះទម្លាប់មួយនេះ មិនសូវជាកើតមានប៉ុន្មានទេ សម្រាប់​គ្នា​យើង ប្រសិនជាបាន​ញ៉ាំ​អាហារ​គ្រប់​គ្រាន់​នៅពេល​ល្ងាច​។ ក្នុង​ករណី​យើង​ការហត់នឿយពីការងារខ្លាំង ញ៉ាំអាហារពេលល្ងាចតិច ឬមិនបានញាំទាល់តែសោះ នោះ​អាច​​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ឃ្លាន​នៅ​ពេល​យប់​ដែរ​។ បើជួបបញ្ហានេះ​មែន អាចនឹងមាន​ការលំបាកបន្ដិច ប្រសិនជាមិនបានត្រៀមទុកជាមុន ដូច្នេះមានតែសម្លឹងមើលអាហារណាដែលងាយៗក្បែរខ្លួន ថែមទាំងអាចផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព។

១.បាយស

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បាយស ជាប្រភេទអាហារដែលមាននៅក្បែរខ្លួនជានិច្ច មិនតែប៉ុណ្ណោះ ក៏ផ្ដល់អត្ថប្រយោជន៍មួយចំនួនទៀត ដូចជា មានផ្ទុកនូវ វិតាមីន B1 និង ​Manganese។ សារធាតុទាំងពីរ មានអត្ថប្រយោជន៍ចំពោះសុខភាព ដូចជា វិតាមីន B1 ជាប្រភេទវីតាមីន ត្រូវការចាំបាច់របស់រាងកាយដើម្បី បំប្លែង ជាតិគ្លុយកូស ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងមុខងារសរសៃប្រសាទ សាច់ដុំ និងបេះដូង។ ការញ៉ាំបាយស មិនត្រឹមតែ​ធ្វើឲ្យយើងកាត់បន្ថយការឃ្លានទេ ថែមទាំងធ្វើឲ្យយើង ឆាប់គេងលក់ស្រួលទៀតផង។ យ៉ាងណា យើង​គួរតែកំណត់បរិមាណនៃការញុាំក្នង​កម្រិត​តិច​តួច មិន​ត្រូវ​ច្រើន​ដល់​ថ្នាក់​ឆ្អែត​នោះទេ​ ព្រោះវាអាចបង្កផលលំបាកដល់ប្រព័ន្ធរំលាយអាហារ ក្នុងខណៈពេលដែលរាងកាយត្រូវសម្រាក។ មួយវិញទៀត ក្រោយពីញាំបាយស យើងអាចចំណាយពេលសម្រាក ចន្លោះពី ២៥ ទៅ ៤០នាទី រួចចាំចូលគេងវិញ។

២.ស៊ុត

ការញ៉ាំស៊ុតស្ងោរ នៅពេល​យប់ ក៏ជាមធ្យបាយល្អសម្រាប់រក្សាសុខភាព និងកាត់បន្ថយការឃ្លានបានមួយកម្រិតដែរ។ បរិមាណស៊ុត គួរតែញ៉ាំចន្លោះពី ២ទៅ ៤គ្រាប់ បរិមាណនេះអាចនឹងសមល្មម នឹងប្រព័ន្ធរំលាយអាហារធ្វើការបាន​រហ័ស។ ម្យ៉ាងវិញទៀត ការញ៉ាំស៊ុត ​ពេលយប់ នឹងមិនធ្វើឲ្យឡើងគីឡូ ប៉ះពាល់ដល់សុភាពនោះឡើយ ព្រោះអាហារ​មួយប្រភេទ ក៏ត្រូវបានគេជ្រើសរើស ជាប្រភេទអាហារសម្រាប់អ្នករក្សារាងផងដែរ។​ គួរចៀសវាង កុំញ៉ាំស៊ុត​ចៀន នៅពេលយប់ ព្រោះអាចមានប្រតិកម្មខ្លាញ់ ជាមួយនឹងប្រព័ន្ធរំលាយអាហារ ដែលបង្កឲ្យមានការរំខាន ដល់ការគេង ឬមិនអាចគេងលក់។

៣.ផ្លែចេក

ផ្លែចេក ក៏ជាប្រភេទអាហារសម្រន់ដែលល្អ ងាយរក សម្រាប់អ្នកភ្ញាក់ពេលយប់ហើយប្រឈមនឹងការឃ្លាន។ ថ្វីត្បិត​តែផ្លែចេកមិនមែនជា អាហារមានរស់ជាតិឆ្ងាញ់ តែវាអាចជួយកាត់បន្ថយការឃ្លានបានមួយកម្រិត ថែមទាំងជួយឲ្យសុខភាពល្អ ព្រោះថាផ្លែឈើមួយប្រភេទនេះមានផ្ទុកទៅដោយ ប៉ូតាស្យូម និង ទ្រីបតូផាន (tryptophan)។ ផ្លែចេកមានអត្ថប្រយោជន៍ខ្លាំង ទៅដល់ប្រព័ន្ធរំលាយអាហារ ព្រោះថា ផ្លែចេកក៏មាន ហ្វៃប៊ឺ ជួយឲ្យប្រព័ន្ធរំលាយអាហារ ងាយស្រួលរំលាយ។ ដូច្នេះសម្រាប់អ្នកដែលគិតគូដល់ សុខភាព ការព្រួយបារម្មណ៍ចំពោះការ​ឡើងគីឡូ គួរតែងាកមកចាប់យកអាហារមួយនេះ គឺជាការប្រសើរ។

៤.ពោតលីង

ពោតលីង អាចនឹងពិបាករកបន្ដិច ក្នុងកំលុងពេលនោះ។ ប៉ុន្ដែបើមានក៏ជាការល្អប្រសើរ ព្រោះថា អាហារប្រភេទនេះ ក៏ស្ថិតក្នុងបណ្ដុំប្រភេទអាហារដែលផ្ដល់ភាពងាយស្រួល ដល់​ប្រព័ន្ធ​រំលាយអាហារ។ ពោតលីង ក៏ជាអាហារដែលមានកម្រិត កាឡូរីទាប មិនអាច​បង្កឲ្យមានបញ្ហាប្រឈមទៅដល់ផ្នែក​បេះដូង ទឹកនោមផ្អែម ឬមហារីកផ្សេងៗ​នោះទេ។ មីក្រូសារជាតិ Polyphenol នៅក្នុងគ្រាប់ពោតនោះ គឺមានអត្ថប្រយោជន៍​ចំពោះ ប្រព័ន្ធសរសៃឈាម និងសុខភាពទូទៅ។

៥.ទឹកឃ្មុំ

ជាក់ស្ដែងការភ្ញាក់ពីគេងពេលយប់ ហើយមានអារម្មណ៍ថាឃ្លាន បើមានទឹកឃ្មុំនៅក្បែរខ្លួន ក៏អាចញ៉ាំបានដែរ។ កុំបារម្ភថា ទឹកឃ្មុំមានជាតិផ្អែម ហើយអាចបង្កើនកាឡូរីខ្ពស់ក្នុងខ្លួន ជាក់ស្ដែងមិនមែនទេ។ ទឹកឃ្មុំមានកាឡូរីទាប ហើយមានអត្ថប្រយោជន៍ជួយដល់ការផលិតអ័រម៉ូនមេឡាតូនីន ដែលមានតួនាទីសំខាន់ សម្រួលដល់ការគេង។ ដូច្នេះទឹកឃ្មុំ​ជា​អាហារ​ដ៏​ល្អ​បំផុត​មួយ​ដែល​ត្រូវ​ញ៉ាំ​ពេល​យប់។

ជារួមនៅពេលដែលយើង ឃ្លានអាហារពេលយប់ យើងគួរតែដឹងថា មិនមែនអាហារទាំងអស់សុទ្ធតែល្អនោះទេ។ អាហារមួយចំនួនគឺ​ត្រឹមត្រូវសម្រាប់សុខភាព ហើយខ្លះទៀតអាចធ្វើឲ្យយើង ជួបបញ្ហាឡើងទម្ងន់លើសអាចមាន ជំងឺបេះដូង ជំងឺប្រព័ន្ធរំលាយអាហារ អាចបង្កឲ្យយើងគេងមិនលក់ និងបញ្ហាសុខភាពផ្សេងៗទៀតក៏ថាបាន។​

ចំណុចសំខាន់

ដូច្នេះបើ ជ្រើសរើសអាហារ និង អាហារសម្រន់ សម្រាប់ញ៉ាំនៅពេលយប់ យើងគួរជ្រើស​រើស​អាហារណា​ដែលមានកាឡូរី​ទាប មិនលើសពី ២០០ កាឡូរី ហើយមានប្រូតេអ៊ីនខ្ពស់។ ប្រូតេអ៊ីនដូចជា Tryptophan បង្កើនគុណភាពនៃការគេង។ អាហារទាំងនេះមួយចំនួនរួមមាន បាយស ស៊ុត ចេក និង​ទឺកឃ្មុំជាដើម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]