បាត់ដំបង៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ មានអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបានចែករំលែកនូវខ្លឹមសារ ជាឃ្លីបវីដេអូនិងខ្លឹមសារជារូបភាព ដែលវាយដោយកុំព្យូទ័រ ដាក់នៅខាងមុខផ្ទះមួយស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានខ្លឹមសារថា (ហាមប៉ូលិសចរាចរណ៍ជាន់ដីខ្ញុំ) ដែលនៅលើនោះ មានសរសេរលេខទូរស័ព្ទរបស់គាត់ទុកឱ្យធ្វើការទំនាក់ទំនងផង។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ពេលឃើញរូបភាពនិងខ្លឹមសារដូច្នេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យផែនការងារនគរបាលសណ្តាប់ធ្នាប់រួមគ្នាជាមួយក្រុមការងារព័ត៌មាននិងប្រតិកម្ម រហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវជាបន្ទាន់ចំពោះខ្លឹមសារនេះ។

ដោយ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៥និង០០នាទី បុរសម្នាក់ដែលអះអាងថា រូបគាត់ជាអ្នកសរសេរខ្លឹមសារខាងលើដាក់នៅមុខផ្ទះនោះគឺមានឈ្មោះសេង ហឺ អាយុ ៧២ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបងមានភារកិច្ចជាសមាជិកក្រុមប្រឹក្សាសង្កាត់រតនៈ ក្រុងបាត់ដំបង។

នៅពេលធ្វើការសាកសួរអំពីមូលហេតុដែលរូបគាត់បានសរសេរខ្លឹមសារបែបនេះ លោក សេង ហឺ បានរៀបរាប់ យ៉ាងដូច្នេះថា៖ គាត់សរសេរខ្លឹមសារបែបនេះ និងដាក់លេខទូរស័ព្ទគាត់នៅទីនោះផង គឺដើម្បីចង់ឱ្យសមត្ថកិច្ចនគរបាលកោះអញ្ជើញរូបគាត់មកធ្វើការសាកសួរអំពីមូលហេតុដែលគាត់បានសរសេរ។ គាត់ថា រូបគាត់សរសេរនេះមិនមានបំណងអាក្រក់ណាមួយចំពោះមន្រ្តីនគរបាលចរាចរណ៍ទេ តែគាត់ចង់មាន សំណូមពរដូចខាងក្រោម៖

១-សូមឱ្យអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធ អនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ទៅ មកនៅលើស្ពានខាងមុខសាលាខេត្ត បាត់ដំបង ជាធម្មតា ព្រោះសព្វថ្ងៃស្ពានទាំងពីរនោះ អនុញ្ញាតឱ្យធ្វើដំណើរជាផ្លូវ(ឯកទិស)។

២-សូមឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ដែលបំពេញភារកិច្ចលើដងផ្លូវ ដែលជួបទំនាក់ទំនងជាមួយមហាជន ទូទៅ សូមបំពេញភារកិច្ចប្រកបដោយក្រមសីលធម៌ អាកប្បកិរិយាល្អ ពាក្យសំដីរស់រាយរាក់ទាក់ និងសុំឱ្យអនុគ្រោះ លើកលែងចំពោះអ្នកប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍តែមិន មានប្រាក់បង់សម្រាប់ការផាកពិន័យ។

៣-សូមឱ្យប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវ សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវទាំង អស់គ្នា ចៀសវាងនូវកំហុសឆ្គងដែលនាំទៅដល់ការផាកពិន័យ ព្រោះបើអ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពច្បាប់ដោយត្រឹមត្រូវ ហើយនោះពិតជាមិនមានកំហុសនោះទេ ហើយបើមិនមានកំហុស សមត្ថកិច្ចនគរបាលក៏មិន អាចធ្វើការផាកពិន័យបានដែរ។

ពេលសមត្ថកិច្ចបានជួបធ្វើការសាកសួររូបគាត់បានធ្វើការបំភ្លឺ និងលើកនូវសំណូមពរដូចខ្លឹមសារខាងលើរួចហើយរូបគាត់ សេង ហឺ បានដកចេញនូវស្លាកអក្សរដែលបានសរសេរនោះវិញ ហើយលុបចោលនូវខ្លឹមសារឃ្លីប វីដេអូ ដែលក្រុមគ្រួសារគាត់បានផ្សព្វផ្សាយតាមបណ្តាញសង្គម។

សូមជម្រាបជូនពីពេលមុនរហូតមកដល់ពេលបច្ចុប្បន្ននេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តែងតែរំលឹកដាស់តឿនជាប់ជាប្រចាំ ចំពោះមន្រ្តីនគរបាលទាំងអស់ ដែលបំពេញភារកិច្ច ហើយមានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ក៏ដូចមហាជនទូទៅ សូមរក្សារឱ្យបាននូវពាក្យសំដី អាកប្បកិរិយា សីលធម៌ឱ្យបានល្អ សក្តិសមជាមន្រ្តីអនុវត្តច្បាប់ អនុវត្តនូវជំនាញ វិជ្ជាជីវៈនគរបាលជាតិ ធ្វើយ៉ាងណាកុំឱ្យបង្កនូវគុណវិបត្តិដល់មហាជន ក៏ប៉ុន្តែទោះបីជាថ្នាក់ដឹកនាំលោកជម្រុញដឹកនាំ រំលឹកជាប្រចាំយ៉ាងណាក្តីយូរៗម្តងបានកត់សម្គាល់ឃើញថា នៅមានបញ្ហាអសកម្មដែលលេចឡើងពីមហាជន ដោយសារមន្រ្តី នគរបាលមួយចំនួនតូចអនុវត្តមិនទាន់បានល្អប្រសើរនៅឡើយ ដែលបញ្ហានេះថ្នាក់ដឹកនាំនៅតែបន្តខិតខំ អប់រំណែនាំបន្ថែមទៀត ឬករណីដែលមិនមានការកែប្រែនោះ ថ្នាក់ដឹកនាំនឹងចាត់វិធានការ ស្របតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ចំពោះមន្រ្តីនគរបាលរូបនោះ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាប និងសូមកុំឱ្យមានការភាន់ច្រឡំដោយប្រការផ្សេងចំពោះករណីខាងលើនេះ ជាមួយនេះក្នុងនាមថ្នាក់ ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមទទួលយកនូវមតិយោបល់ពីគ្រប់មជ្ឈដ្ឋាននានា ដែលបានលើកឡើងក្នុងបំណងកែលម្អ ស្ថាបនា ធ្វើយ៉ាងណាឱ្យកិច្ចប្រតិបត្តិការរបស់កងកម្លាំងនគរបាលកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធិភាព ស្របតាមជំនាញ វិជ្ជាជីវៈ និងច្បាប់ជាធរមាន សូមអរគុណ៕ 

ប្រភព៖ Khmerpress

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]