ជំងឺទឹកនោមផ្អែម គំរាមកំហែងដល់អាយុជីវិតមនុស្ស ២ភាគ៣ នៃចំនួនប្រជាជនពិភពលោក។ គិតមកដល់ពេលនេះនៅមិនទាន់មានវិធីព្យាបាលជំងឺទឹកនោមផ្អែមណាមួយដែលអាចជួយឲ្យការព្យាបាលជំងឺទឹកនោមផ្អែមបានជាសះស្បើយនៅឡើយទេ។
តើនេះមានន័យថានៅពេលយើងមានជំងឺទឹកនោមផ្អែមគុណភាពជីវិតរបស់យើងក៏ត្រូវបានបញ្ចប់ដែរ មែនទេ? មិនដូច្នេះទេ! គុណភាពជីវិតមិនទាន់ចប់ត្រឹមនេះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ដែលមិនអាចព្យាបាលជាសះស្បើយបានទេទោះជាយ៉ាងណា ក៏ដោយ ជាមួយនឹងការព្យាបាលត្រឹមត្រូវ និងច្បាស់លាស់ វានឹងក្លាយជាជំងឺមួយដែលអាចនៅជាមួយ យើងបានដោយគ្មានការរំខាន។ ជំងឺទឹកនោមផ្អែមក៏មិនមែនជាជំងឺឆ្លងដែរ។
ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលរាងកាយរបស់យើងមិនអាចផលិតនូវអ័រម៉ូនគ្រប់គ្រងជាតិស្ករក្នុងឈាម គេស្គាល់ថាជាអាំងស៊ុយលីន បានគ្រប់គ្រាន់ដោយរាងកាយតាមតម្រូវការដែជាលទ្ធផលបណ្ដាល ឲ្យមានជាតិស្ករកើនច្រើនក្នុងឈាម។
ជំងឺទឹកនោមផ្អែមប្រភេទទី១ – កើតឡើង ដោយសារតែ ប្រព័ន្ធភាពស៊ាំបំផ្លាញកោសិកានៅក្នុងលំពែង ដែលមាននាទីផលិតអាំងស៊ុយលីន។
ជំងឺទឹកនោមផ្អែមប្រភេទទី២ – កើតឡើងដោយសារការថយចុះនៃការផលិតអ័រម៉ូនអាំងស៊ុយលីននៅក្នុង រាងកាយដែលបណ្តាលឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់លើសពីកម្រិតធម្មតា។
«ខ្ញុំចង់រស់នៅជាមួយជំងឺទឹកនោមផ្អែមដោយគ្មានផលរំខាន»
ប្រសិនបើអ្នកសួរខ្ញុំថា តើយើងមានវិធីព្យាបាលជំងឺទឹកនោមផ្អែមឲ្យជាសះស្បើយទេ យើងពិបាកនឹងរកចម្លើយមកឆ្លើយនិងសំណួរនេះណាស់ ប៉ុន្តែប្រសិនបើអ្នកសួរខ្ញុំថាតើអ្នកនឹងអាចរស់នៅ ដូចមនុស្សធម្មតា ពេលមានជំងឺទឹកនោមផ្អែមដែរឬទេ ចម្លើយគឺ “ប្រាកដណាស់”។
ជាមួយនឹងក្បួនខ្នាត និងការណែនាំក្នុងការព្យាបាលជំងឺទឹកនោមផ្អែមថ្មីៗស្ថានភាពជំងឺទឹកនោមផ្អែម របស់អ្នកអាចគ្រប់គ្រងបានយ៉ាងល្អ ដោយអនុវត្តការព្យាបាលត្រឹមត្រូវ និងរបៀបរបបរស់នៅល្អសមរម្យ មួយ។ លោកអ្នកនៅតែអាចរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមដោយភាពរីករាយ បើអនុវត្តតាមវិធីសាស្ត្រទាំងនេះបានខ្ជាប់ខ្ជួន។
១. ញ៉ាំអាហារដែលមានតុល្យភាព
អ្នកមានជំងឺទឹកនោមផ្អែម ក៏ដូចជាមនុស្សទូទៅផ្សេងទៀត គួរតែយកចិត្តទុកដាក់ខ្ពស់ចំពោះ អ្វីដែលយើងបានទទួលទាន។ គួរតែកម្រិតការទទួលទាននូវអាហារដែលមានជាតិម្សៅ ឬកាបូអ៊ីដ្រាតអាហារដែលមានរសជាតិផ្អែម និងជំនួសមកវិញ នូវការទទួលជាតិប្រូតេអ៊ីន និងវីតាមីនផ្សេងៗទៀត ឲ្យបានច្រើន។
ការទទួលទានបន្លែមួយឲ្យបានច្រើន ទទួលទានសាច់គ្មានខ្លាញ់ដែលចំអិនបានល្អត្រឹមត្រូវ រួមជាមួយនិងការកាត់បន្ថយបរិមាណបាយដែលទទួលទាន គឺរបបអាហារដ៏ល្អប្រសើរមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
២. ញ៉ាំទឹកឲ្យបានច្រើន
អ្នកជំងឺទឹកនោមផ្អែមមានអាការៈនោមញឹកញាប់។ ប្រការណ៍នេះ មិនមែនមានន័យថាយើងត្រូវកាត់បន្ថយការញ៉ាំទឹកនោះទេ។ ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ គឺចាំបាច់ដើម្បីការពារផលវិបាករបស់ជំងឺទឹកនោមផ្អែម ដូចជាជំងឺលើសសម្ពាធឈាម និងជំងឺតម្រងនោម។
៣. ទទួលការព្យាបាលទៀងទាត់
ថ្វីត្បិតតែជំងឺទឹកនោមផ្អែមមិនអាចព្យាបាលជាសះស្បើយពិតមែន តែស្ថានភាពជំងឺនេះអាចវិវត្តទៅរក សភាពធ្ងន់ធ្ងរបាន។ កម្រិតជាតិស្ករក្នុងឈាមគួរតែរក្សាឲ្យនៅ កម្រិតល្អសមរម្យគ្រប់ពេលតាមរយៈ ការប្រើថ្នាំគ្រាប់ ឬថ្នាំចាក់។ អ្នកជំងឺជាច្រើនចូលចិត្តប្រើថ្នាំគ្រាប់ តែមិនចូលចិត្តប្រើថ្នាំចាក់នោះឡើយ។ ការគ្រប់គ្រងកម្រិតជាតិស្ករឲ្យបានល្អក្នុងរយៈពេលវែង គួរតែចាប់ផ្ដើមប្រើថ្នាំអាំងស៊ុយលីនចាក់ ឲ្យបានឆាប់ផងដែរ ខណៈដែលថ្នាំគ្រាប់ពិបាកក្នុងការគ្រប់គ្រងកម្រិតជាតិស្ករ ឲ្យបានល្អប្រសើរក្នុង រយៈពេលវែង។
បច្ចុប្បន្ននេះ អាំងស៊ុយលីនប្រភេទប៊ិកមានភាពងាយស្រួលក្នុងការប្រើប្រាស់ ងាយស្រួលក្នុងការកំណត់ នូវកម្រិតអាំងស៊ុយលីនត្រូវចាក់បានត្រឹមត្រូវ និងអ្នកជំងឺអាចចាក់ដោយខ្លួនឯងនៅផ្ទះបានយ៉ាង ងាយស្រួល។ វាមានការឈឺចាប់តិចព្រោះប្រើម្ជុលតូច ហើយអាចចាក់ចូលភ្លៅ កំប៉េះគូទ ដៃ និងតំបន់ពោះ។
៤. ការធ្វើលំហាត់ប្រាណ
លំហាត់ប្រាណជួយឲ្យអារម្មណ៍ និងប្រព័ន្ធភាពស៊ាំឲ្យកាន់តែប្រសើរឡើង ហើយក៏អាចគ្រប់គ្រងកម្រិត ជាតិស្ករក្នុងឈាមផងដែរ។អ្នកជំងឺគួរតែធ្វើលំហាត់ប្រាណពី ១៥ ទៅ ៣០នាទី ក្នុងមួយថ្ងៃ ។ លំហាត់ប្រាណល្អៗមួយចំនួនមានដូចជាការដើរ ជិះកង់ ឬហែលទឹក។
៥. កាត់បន្ថយភាពតានតឹង
ភាពតានតឹងអាចធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ។ នៅពេលដែលអ្នកជំងឺទឹកនោមផ្អែមមានភាពតានតឹងក្នុងចិត្ត កម្រិតជាតិស្ករក្នុងឈាមអាចកើនឡើង។ ដូច្នេះគួរហាត់យូហ្គា ហាត់ប្រាណ ឬអាចសាកល្បងច្រៀង ឬថែសួនជាដើម។
៦. ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់
ការទទួលទានដំណេកបានគ្រប់គ្រាន់ គឺចាំបាច់សម្រាប់ទាំងសុខភាពផ្លូវចិត្ត និងរាងកាយ។ ការគេង ៨ម៉ោងជារៀងរាល់យប់នឹងរួមចំណែកដល់សុខុមាលភាពរបស់អ្នកជំងឺទឹកនោមផ្អែម។គន្លឹះទាំងនេះអាចជួយអ្នកជំងឺគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ការពារផលវិបាកបន្ថែមទៀត និងផ្តល់ឲ្យអ្នកជំងឺនូវជីវិតមួយ មិនខុសពីមនុស្សដែលមិនមានជំងឺទឹកនោមផ្អែមនោះទេ។
ចំណុចសំខាន់
លោកអ្នកនៅតែអាចរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមដោយភាពរីករាយ បើអនុវត្តតាមវិធីសាស្ត្រទាំងនេះបានខ្ជាប់ខ្ជួន។
- ញ៉ាំអាហារដែលមានតុល្យភាព
- ញ៉ាំទឹកឲ្យបានច្រើន
- ទទួលការព្យាបាលទៀងទាត់
- ធ្វើលំហាត់ប្រាណ
- កាត់បន្ថយភាពតានតឹង
- ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]