គាំង​បេះដូងធ្លាប់​តែ​ជា​បញ្ហា​ដែល​កើត​ឡើង​លើ​មនុស្ស​វ័យ​ចំណាស់ ហើយ​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​ក្រោម​៤០ឆ្នាំ ​កម្រ​ជួប​អាការៈ​​នេះ​ណាស់​។ ប៉ុន្តែបច្ចុប្បន្ន​នេះ​ យ៉ាង​ហោច​ណាស់​មាន​អ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ ​ដែល​ជួប​បញ្ហា​គាំង​បេះដូង និង​មាន​អាយុ​ក្រោម​ ៤០​ឆ្នាំ​។

នៅ​ចន្លោះ​ឆ្នាំ​២០០០​ និង​២០១៦​ អត្រា​គាំង​បេះដូង​លើ​អ្នក​វ័យ​២០​ឆ្នាំ និង​៣០​ឆ្នាំ​ កើន​ឡើង​ត្រឹម​២%​ ជា​រៀង​រាល់​ឆ្នាំ​។ ជំងឺ​សរសៃ​ឈាម​បេះដូង (CHD) រួម​ជាមួយ​នឹង​ផលវិបាក​ដទៃ​ទៀត​ អាច​បណ្ដាល​ឲ្យ​កើត​មាន​អាការៈ​គាំង​បេះដូង ​ក៏​ដូចជា​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ស្លាប់​ភ្លាម​ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជា​ទូទៅ អាការៈ​គាំង​បេះដូង​កើត​លើ​អ្នកជំងឺ​ដែល​មាន​អាយុ​តិច​ជាង​៣៥​ឆ្នាំ​ គឺ​ដោយ​សារ​តែ​៖

  • បែបបទ​រស់​នៅ​មិន​​ត្រឹមត្រូវ​
  • ផឹក​គ្រឿង​ស្រវឹង​ និង​ជក់​បារី​ច្រើន​ជ្រុល​
  • ស្រ្តេស​
  • លើស​សម្ពាធ​ឈាម​ និង
  • ជំងឺ​ទឹក​នោម​ផ្អែម​

យើង​អាច​បង្ការ​បញ្ហា​គាំង​បេះដូង​ដោយ​របៀប​ណា​ខ្លះ​?

ដើម្បី​ទទួល​បាន​សុខភាព​ល្អ និង​រឹងមាំ​ យើង​គួរ​តែ​ចាប់ផ្ដើម​អនុវត្ត​ទម្លាប់​ល្អ​ៗ​មួយ​ចំនួន​ ដែល​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​អាការៈ​គាំង​បេះដូង​លើ​មនុស្ស​​វ័យ​ក្មេង​ ដោយ​៖

  • ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព​ និង​មាន​ជាតិ​សរសៃ​ខ្ពស់​
  • កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ប្រៃ​
  • កាត់​បន្ថយ​ញ៉ាំអាហារ​វេច​ខ្ចប់​ស្រាប់​
  • តាមដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ កម្រិត​សម្ពាធ​ឈាម​ និង​កូលេស្តេរ៉ូល
  • បញ្ឈប់​ការ​ជក់​បារី​
  • ហាត់​ប្រាណ​ជា​ប្រចាំ​

ជាក់​ស្ដែង បញ្ហា​គាំង​បេះដូង ជា​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​ និង​គ្រោះថ្នាក់​ ហើយ​កំណើន​នៃ​អាការៈ​គាំង​បេះដូង​​ដែល​កើត​លើ​មនុស្ស​វ័យ​ក្មេង​ជា​សញ្ញា​ព្រមាន​មួយ​ ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ​។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ថែទាំ​សុខភាព​ឲ្យ​បាន​ដិតដល់​ ដោយ​រក្សា​ទម្លាប់​រស់នៅ​ល្អ និង​សកម្ម​ ព្រម​ទាំង​​បញ្ឈប់​សកម្មភាព​មួយ​ចំនួន​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការ​គាំង​បេះដូង​ ដូចជា​ការ​ជក់​បារី ឬ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ជា​ដើម​។

ចំណុចសំខាន់

គាំងបេះដូង​មិន​មែន​កើត​តែ​លើ​មនុស្ស​ចាស់​​ឡើយ​ សូម្បី​តែ​អ្នក​ដែល​មាន​វ័យ​២០​ឆ្នាំ ឬ​៣០​ឆ្នាំ​ក៏​អាច​កើត​មាន​អាការៈ​នេះ ដែរ​។ ហេតុ​នេះ​ហើយ​ យើង​គួរ​អនុវត្ត​ទម្លាប់​ល្អ​មួយ​ចំនួន​ ដើម្បី​កាត់​បន្ថយ​អាការៈ​នេះ ដូចជា៖

  • ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព​ និង​មាន​ជាតិ​សរសៃ​ខ្ពស់​
  • កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ប្រៃ​
  • ជៀសវាង​អាហារ​វេច​ខ្ចប់​ស្រាប់​
  • តាមដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ កម្រិត​សម្ពាធ​ឈាម​ និង​កូលេស្តេរ៉ូល
  • បញ្ឈប់​ការ​ជក់​បារី
  • ហាត់ប្រាណ

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]