ជំងឺខ្សោយបេះដូងកើតឡើងនៅពេលសាច់ដុំបេះដូងមិនអាចច្របាច់​ឈាមគ្រប់គ្រាន់ដើម្បីបញ្ជូនអុកស៊ីសែនទៅចិញ្ចឹមរាងកាយដែលបណ្តាល​ឱ្យយើង ហត់ ហើមជើង និងអស់កម្លាំងជាដើម ហើយ​ប៉ះពាល់ដល់សុខភាពយើងយ៉ាងខ្លាំង។ យើងគួរធ្វើម៉េចដើម្បីបង្ការកុំឱ្យខ្សោយ​បេះដូង?

លោកស្រីវេជ្ជបណ្ឌិត Uzma Iqbal ឯកទេសជំងឺបេះដូងនៅ Sands-Constellation Center for Critical Care បានណែនាំថា ដើម្បីបញ្ជៀសជំងឺខ្សោយបេះដូង យើងគួរ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ញ៉ាំអាហារល្អចំពោះសុខភាព

យើងគួរកាត់បន្ថយការញុំាសាច់ និងអាហារដែលមានជាតិខ្លាញ់ និងប្រៃខ្លាំង ហើយត្រូវញុំាបន្លែ និងផ្លែឈើស្រស់​ឱ្យបានច្រើន។

២. កាត់បន្ថយគ្រឿងស្រវឹង

ការញុំាគ្រឿងស្រវឹងច្រើនអាចបង្កើនហានិភ័យកើតជំងឺខ្សោយបេះដូង និងខូចថ្លើម ដូច្នេះយើងគួរ​កាត់បន្ថយ ឬចៀសវាងញុំាគ្រឿងស្រវឹងតាមដែលអាចធ្វើទៅបាន។

៣. ចៀសវាងជក់បារី

អ្នកជក់បារីមានហានិភ័យខ្ពស់ក្នុងការកើតជំងឺខ្សោយបេះដូង និងជំងឺ​បេះដូងផ្សេងៗទៀត ​ព្រោះ​សារធាតុ​ពុលក្នុងបារីធ្វើឱ្យសរសៃឈាម​បេះដូង​​យើងស្ទះ និងឡើងរឹង។

៤. គ្រប់គ្រងទម្ងន់

ភាពធាត់ជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពទូទៅរបស់យើង និងបណ្តាល​​ឱ្យយើងមានជំងឺ​ជាច្រើន​ដូចជា ជំងឺទឹកនោមផ្អែម ឬលើស​សម្ពាធ​ឈាម​ដែលបង្កើនហានិភ័យ​ឱ្យយើង​កើតជំងឺ​ខ្សោយ​បេះដូង។

៥. ហាត់ប្រាណ

ការហាត់ប្រាណជួយឱ្យយើងមានសុខភាពល្អ ដូច្នេះយើងគួរហាត់ប្រាណ​រយៈ​ពេល ៣០ ទៅ ៦០ នាទីជារៀងរាល់ថ្ងៃដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

នៅពេលយើងហាត់ប្រាណទៀងទាត់ សាច់ដុំបេះដូងយើងខ្លាំងជាងមុន ហើយចលនាឈាមរត់​របស់​យើង​ក៏ប្រសើរជាងមុនដែរ។ លើសពីនេះទៅ​ទៀត ការហាត់ប្រាណអាចជួយបញ្ចុះ​សម្ពាធ​ឈាម និងជួយឱ្យយើងស្រក​ទម្ងន់។

៦. កាត់បន្ថយស្រេស្ត

រឿងជាច្រើនក្នុងជីរភាពប្រចាំថ្ងៃដូចជា សម្ពាធការងារ ទំនាក់ទំនងប្តីប្រពន្ធ ការមើលថែទាំកូន វិបត្តិ​ហិរញ្ញវត្ថុ ភាពនឿយហត់ជាដើមសុទ្ធតែអាចធ្វើឱ្យយើងស្រេស្ត។

ស្រេស្តមិនត្រឹមតែប៉ះពាល់​ដល់​សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់យើងទេ ថែមទាំងប៉ះពាល់ដល់សុខភាពបេះដូងយើងទៀតផង។ យើងអាចកាត់បន្ថយស្រេស្តតាមរយៈការហាត់យូហ្កា ធ្វើសមាធិ ស្តាប់តន្រ្តី ឬដើរកំសាន្តជាដើម។

ជំងឺខ្សោយបេះដូងអាចធ្វើឱ្យយើងមានផលវិបាកសុខភាពជាច្រើន ដូច្នេះយើងគួរផ្លាស់ប្តូររ​បៀប​រស់​នៅ និងរបបអាហារដើម្បីបង្ការកុំឱ្យកើតជំងឺខ្សោយបេះដូង។

ចំណុចសំខាន់

ដើម្បីបង្ការជំងឺខ្សោយបេះដូង យើងគួរ៖

  • ញ៉ាំអាហារដែលល្អចំពោះសុខភាព
  • កាត់បន្ថយគ្រឿងស្រវឹង
  • ចៀសវាងជក់បារី
  • គ្រប់គ្រងទម្ងន់
  • ហាត់ប្រាណ
  • កាត់បន្ថយស្រេស្ត

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]