ផ្លែសាច់ គឺជាស្នាមដែលផុសចេញពីសាច់ បន្ទាប់ពីរបួសបានជាសះស្បើយ​ដែលធ្វើឱ្យស្បែក​យើង​មាន​ដុំសាច់ពីលើ មិនរាបស្មើ ហើយមើលទៅមិនស្អាត។ របួសបែបណា​អាច​បណ្តាល​ឱ្យ​យើង​ផ្លែ​សាច់? ហើយយើងគួរថែទាំរបួសដូម្តេចដើម្បីការពារកុំឱ្យផ្លែសាច់?

របួសអាចបណ្តាលឱ្យយើងផ្លែសាច់មានដូចជា ការមុតកាំបិត វះកាត់ គ្រោះថ្នាក់ចរាចណ៍ មុនធំៗ ជំងឺអុតស្វាយ ឬការចោះក្រវិលជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេលមានរបួសជ្រៅ ឬធំៗ យើងគួរថែទាំស្បែកដូចខាងក្រោមដើម្បី​ចៀសវាង​ផ្លែសាច់៖

១. លាងមុខរបួសជាមួយសាប៊ូ និងទឹក

ពេលត្រូវរបួសភ្លាម យើងអាចលាងមុខរបួសជាមួយសាប៊ូ និងទឹក ឬជាមួយសេរ៉ូមប្រៃ​ដើម្បី​សម្អាត​មេរោគ ឬធូលីដី។ យើងគួរចៀសវាងលាងមុខរបួសជាមួយដ្រូសែនពែអុកស៊ីត ឬអាល់កុល ព្រោះ​សារធាតុទាំងនេះអាចធ្វើឱ្យស្បែកមុខរបួសយើងស្ងួត។

២. រុំមុខរបួសជាមួយបង់រុំរបួស

បន្ទាប់មកយើងអាចលាបមុខរបួសជាមួយថ្នាំសម្លាប់មេរោគ និងរុំមុខរបួសជាមួយបង់រុំរបួស ឬបិទ​មុខ​របួសជាមួយបង់បិទរបួសដើម្បីការពារមុខរបួសកុំឱ្យហូរឈាម ប៉ះនឹងធូលីដី ឬមេរោគ និងរក្សា​ស្បែក​មុខរបួសឱ្យមានសំណើម។

៣. លាងមុខរបួសរាល់ថ្ងៃ

យើងគួរលាងមុខរបួសរាល់ថ្ងៃរហូតដល់មុខរបួសជាដើម្បីការពារមុខរបួស​ពីការឆ្លងមេរោគ និង​ផ្លែ​សាច់។ ពេលលាងមុខរបួស យើងគួរ​ចៀសវាង​​ជូតត្រដុសស្បែកដើម្បីកុំឱ្យស្បែកមានស្នាម។

៤. លាបថ្នាំការពារស្នាមសន្លាក

ពេលមុខរបួសជិតជា យើងអាចលាបថ្នាំការពារស្នាម​សន្លាកបីបួនដងក្នុងមួយ​ថ្ងៃដើម្បីការពារមុខ​របួសកុំឱ្យ​មានស្នាមដែលអាចបង្កឱ្យផ្លែសាច់។

៥. ចៀសវាងអេះមុខរបួស

នៅពេលរបួសជិតជា ស្បែកមុខរបួសនឹងរមាស់ដែលធ្វើឱ្យយើងទ្រាំមិនបាន ហើយចង់អេះ។ ក្នុង​អំឡុង​ពេលនេះ យើងគួរចៀសវាងអេះមុខរបួស ព្រោះអាចបង្កឱ្យរបួសហូរឈាម បង្កឱ្យមាន​ស្នាម និងផ្លែសាច់។

ដើម្បីកាត់បន្ថយអាការៈរមាស់ យើងអាចស្អំមុខរបួសជាមួយទឹកកក​រយៈពេល ១០ នាទី រួចលាបឡេ ឬគ្រីមផ្តល់សំណើមដើម្បីការពារមុខរបួសកុំឱ្យស្ងួតដែលបណ្តាលឱ្យមុខប្រេះហូរឈាម ឬធ្វើឱ្យ​យើង​រមាស់។

៦. ចៀសវាងឱ្យមុខរបួសត្រូវពន្លឺថ្ងៃ

តាមការសិក្សាបានឱ្យដឹងថា កាំរស្មីយូវីពីព្រះអាទិត្យអាចជំរុញឱ្យមុខរបួស​មានស្នាម ធ្វើឱ្យ​ស្នាម​ប្រែ​ជាពណ៌ក្រមៅ និងឡើងក្រាស់។ ដូច្នេះ យើងគួរចៀសវាង​ឱ្យមុខរ​បួសត្រូវកម្តៅ​ថ្ងៃដោយស្លៀក​សម្លៀក​បំពាក់បាំងមុខរបួស ឬរុំមុខរបួសជាមួយបង់រុំរបួស ឬបង់បិទរបួស។

លើសពីនេះទៅទៀត ក្រោយពេលមុខរបួសជាសះស្បើយ យើងអាច​លាប​ឡេការពារកម្តៅថ្ងៃ​លើ​មុខ​របួសដើម្បីការពារមុខរបួសពីការប្រែជាពណ៌ខ្មៅ និងឡើងក្រាស់ដោយសារត្រូវកម្តៅថ្ងៃ។

៧. ចៀសវាងជក់បារី

ការជក់បារីអាចបង្កើនបរិមាណកាបូនម៉ូណូអុកស៊ីតនៅក្នុងចរន្តឈាម ដែលធ្វើឱ្យរំហូរអុកស៊ីសែន​នៅ​ក្នុង​សរសៃ​ឈាមយើងថយចុះដែលជាហេតុធ្វើឱ្យរបួសក្រជា និងមានស្នាម។ ម្យ៉ាងទៀត កាបូនម៉ូណូអុកស៊ីតក៏ធ្វើ​ឱ្យ​ស្បែកមុខរបួសប្រែជាពណ៌ក្រមៅដែរ។

ជាទូទៅផ្លែសាច់កើតឡើងដោយសារមុខរបួសដែលត្រូវការពេលយូរក្នុងការជាសះស្បើយ និង​លើ​មុខរបួសដែលក្លាយ ដូច្នេះ​ការ​ថែទាំមុខរបួសឱ្យឆាប់ជាអាចកាត់បន្ថយការផ្លែសាច់បាន។

ចំណុចសំខាន់

ពេលមានរបួសជ្រៅ ឬធំៗ យើងគួរថែទាំដូចខាងក្រោមដើម្បីចៀសវាងផ្លែសាច់៖

  • លាងមុខរបួសជាមួយសាប៊ូ និងទឹក
  • រុំមុខរបួសជាមួយបង់រុំរបួស
  • លាងមុខរបួសរាល់ថ្ងៃ
  • ចៀសវាងឱ្យមុខរបួសត្រូវពន្លឺថ្ងៃ
  • លាបថ្នាំការពារស្នាមសន្លាក
  • ចៀសវាងអេះមុខរបួស
  • ចៀសវាងជក់បារី

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]