ការគេងគឺជាទម្លាប់មួយសំខាន់ក្នុងចំណោមទម្លាប់ទាំងបីប្រចាំថ្ងៃដែលបុរសៗគ្នាយើងគួរដឹង។ ជាក់ស្ដែងប្រសិនបើយើងញ៉ាំអាហារគ្រប់គ្រាន់ ហាត់ប្រាណបានគ្រប់គ្រាន់ ប៉ុន្ដែយើងមិនបានគេងបានគ្រប់គ្រាន់នោះទេ ក៏សុខភាពមិនអាចរឹងមាំដូចអ្វីដែលយើងចង់បានដែរ។ បើយោងតាមការលើកឡើងរបស់អ្នកស្រី Michelle Drerup អ្នកជំនាញផ្នែកសុខភាព នៃការគេង បានមានប្រសាសន៍ថា អ្នកគ្រប់គ្នាតែងតែមានអារម្មណ៍ស្រស់ស្រាយប្រសិនបើគេងបានគ្រប់គ្រាន់ ហើយពេលវេលា នៃការគេងក៏អាចប្រែប្រួលទៅតាមវ័យដែរ៖
- វ័យ ៦៥ ឆ្នាំឡើង គួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៧ ទៅ ៨ ម៉ោង
- វ័យ១៨ទៅ៦៤ ឆ្នាំ គួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៧ ទៅ ៩ ម៉ោង
- វ័យ ១៤ទៅ១៧ ឆ្នាំ គួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៨ ទៅ ១០ ម៉ោង
- វ័យ ៦ទៅ១៣ ឆ្នាំ គួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៩ ទៅ ១១ ម៉ោង
- អាយុ ៣ទៅ៥ឆ្នាំគួរតែគេងឲ្យបាន ១០ទៅ ១៣ម៉ោង
- ក្មេងអាយុ ១ទៅ ២ឆ្នាំគួរតែគេងឲ្យបាន ១១ទៅ ១៤ម៉ោង
- និង ទារកអាយុចាប់ពី៤ទៅ ១១ខែគួរតែគេងឲ្យបាន ១២ ទៅ១៥ម៉ោង
- ទារកទើបកើតរហូតដល់៣ខែ គួរតែគេងឲ្យបាន ១៤ ទៅ១៧ម៉ោង
ប្រសិនបើយើងគេងមិនបានគ្រប់គ្រាន់នឹងប៉ះពាល់អ្វីខ្លះដល់សុខភាព?
ប្រសិនជាយើងគេងមិនបានគ្រប់គ្រាន់នឹងបង្កបញ្ហាមួយចំនួនដូចជា៖
– អាចធ្វើឲ្យយើងខ្វះការប្រុងប្រយ័ត្ន ពីព្រោះថាការគេងមិនបានគ្រប់់គ្រាន់អាចបណ្ដាលឲ្យរំខានទៅដល់អារម្មណ៍ និងស្មារតីទាំងមូល។ ការគេងមិនបានគ្រប់គ្រាន់ខ្វះត្រឹមតែ១ម៉ោងកន្លះ ក៏អាចប៉ះពាល់ទៅដល់សុខភាពផ្លូវអារម្មណ៍បានដែរ។
-ប៉ះពាល់ទៅដល់ទំនាក់ទំនង ពិតមែនហើយថាការគេងមិនគ្រប់ក៏អាចប៉ះពាល់ទៅដល់អារម្មណ៍ជាខ្លាំង ដែលអត្រាអ្នកដែលមានបទពិសោធន៍គេងមិនបានគ្រប់គ្រាន់គឺអាចមានអារម្មណ៍ឆេវឆាវ ឆាប់ខឹង និងអាចបង្កឲ្យមានទំនាស់ជាមួយនឹងអ្នកជុំវិញខ្លួន។
-ចុះខ្សោយលទ្ធភាពការងារប្រចាំថ្ងៃ ដោយហេតុនៅពេលដែលយើងគេងពេលយប់មិនបានគ្រប់គ្រាន់ គឺនឹងធ្វើឲ្យយើងចុះខ្សោយថាមពល អស់កម្លាំង ស្ងាបគ្រប់ពេល ងុយគេង រាងកាយមិនសូវសកម្មជាមួយនឹងការងារជុំវិញខ្លួន កាន់តែសំខាន់ទៀតនោះ គុណភាពនៃការចងចាំក៏ធ្លាក់ចុះផងដែរ។
-អាចគ្រោះថ្នាក់ចរាចរណ៍ ពីព្រោះថា កាលដែលគេងមិនគ្រប់គ្រាន់ពេលយប់គឺបណ្ដាលឲ្យយើងមានអារម្មណ៍ងុយគេង ឬងោកក្នុងកំលុងពេលបើកបរពេលថ្ងៃ ដូច្នេះគ្រោះថ្នាក់ចរាចរណ៍ក៏អាចនឹងកើតមានច្រើនជាយថាហេតុ។
អ្នកស្រីក៏បានមានប្រសាសន៍បន្ថែមទៀតថា ប្រសិនជាយើងនៅតែបន្ដទម្លាប់គេងមិនបានគ្រប់គ្រាន់ជាប្រចាំ នោះសុខភាពនឹងប្រឈមកើតមានជំងឺមួយគឺ ជំងឺគេងមិនលក់ជាប្រចាំ ដែលជំងឺនេះនឹងបង្កជាជំងឺផ្សេងៗទៀតជាច្រើនដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម បេះដូង ជ្រុះសក់ និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលជាដើម។
បើចំពោះបុរសៗដែលមានមាឌធាត់ អាចប្រឈមជំងឺ បាក់ទឹកចិត្ដ ចុះខ្សោយប្រព័ន្ធភាពស៊ាំ និង សមត្ថភាពផ្លូវភេទក៏ចុះខ្សោយផងដែរ។ ជំងឺគេងមិនលក់ជាប្រចាំ ក៏អាចបង្កហារនិភ័យផ្សេងៗជាច្រើនទៀតដល់រាងកាយខាងក្រៅដូចជា ភាពចាស់ឆាប់ជ្រួញមុនអាយុ ស្បែកស្រអាប់ និងខ្មៅរង្វង់ភ្នែក។ មិនត្រឹមតែប៉ុណ្ណោះ ការគេងមិនលក់ ក៏អាចបង្កឲ្យកើនឡើងបរិមាណ អ័រម៉ូន cortisol ដែលជាអ័រម៉ូនស្ដ្រេសនៅក្នុងរាងកាយធ្វើការយ៉ាងជិតស្និតជាមួយនឹងខួរក្បាល និងក៏អាចប៉ះពាល់ទៅដល់ ខូឡេជែន ដែលជាប្រូតេអ៊ីនយ៉ាងសំខាន់ជួយចិញ្ចឹមស្បែកឲ្យមានភាពរលោង និងភ្លឺថ្លា។ បុរសៗដែលស្រលាញ់សម្រស់ សុខភាពស្បែកល្អ គួរតែគិតគូរលើការគេងឲ្យបានគ្រប់គ្រាន់។
ចំណុចសំខាន់
បុរសៗដែលមិនសូវយកចិត្ដទុកដាក់ចំពោះការគេងឲ្យគ្រប់គ្រាន់គួរតែ គិតចំពោះបញ្ហាសុខភាពទាំងនេះដូចជា៖
- អាចធ្វើឲ្យយើងខ្វះការប្រុងប្រយ័ត្ន
- ប៉ះពាល់ទៅដល់ទំនាក់ទំនង
- ចុះខ្សោយលទ្ធភាពការងារប្រចាំថ្ងៃ
- អាចគ្រោះថ្នាក់ចរាចរណ៍
មិនត្រឹមតែប៉ុណ្ណោះក៏បង្កឲ្យមានជំងឺប្រចាំកាយច្រើនផ្សេងទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]