ការបែកញើស គឺជាវិធីដែលរាងកាយយើងបញ្ចេញជាតិពុល និងកម្តៅពីក្នុងខ្លួន ប៉ុន្តែការបែក​ញើស​ក្លៀក​អាចធ្វើឱ្យក្លៀកយើងធុំក្លិនមិនល្អ និង​ប្រឡាក់ដាមអាវដែលអាចធ្វើឱ្យខ្មាសគេ ជា​ពិសេស​នៅខែក្តៅដែលជាពេលក្លៀកអាចបែកញើសច្រើន។ តើយើងអាចកាត់បន្ថយ​ការបែក​ញើសក្លៀកតាមវិធីណាខ្លះ?

ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលយើងអាចសាកល្បងប្រើដើម្បីកាត់បន្ថយបែកញើសក្លៀក៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ងូតទឹកឱ្យបានទៀងទាត់

យើងគួរងូតទឹកឱ្យស្អាត និងត្រជាក់ខ្លួនយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃដើម្បីការពារ និង​កាត់​បន្ថយការបែកញើសដោយសារភាពស្អុះស្អាប់​។ ម្យ៉ាងទៀត យើងគួរប្រើសាប៊ូដែល​គ្មាន​ជាតិ​កាត់​ខ្លាំង ឬគ្មានក្លិនប្រអូបក្នុងការសម្អាតក្លៀក។

២. សម្រកទម្ងន់

ការធាត់ ឬលើសគីឡូក៏ធ្វើឱ្យយើងបែកញើសច្រើនដែរ ដូច្នេះយើងគួរហាត់ប្រាណយ៉ាងហោច​ណាស់ ៣០ នាទីជារៀងរាល់ថ្ងៃ និងកាត់បន្ថយការញុំាអាហារដែលផ្ទុកជាតិម្សៅចម្រាញ់ ខ្លាញ់ និងស្ករខ្ពស់ដើម្បីកាត់បន្ថយកាឡូរីក្នុងខ្លួន និងជួយឱ្យយើង​អាចស្រកទម្ងន់។

៣. ស្លៀកសម្លៀកបំពាក់អាចឱ្យខ្យល់ចេញចូលល្អ

យើងគួរស្លៀកសម្លៀកបំពាក់ដែលធ្វើពីកប្បាស សូត្រ ឬលីនីនជាដើម​ ដែលរលុងៗព្រោះ​ក្រណាត់​ទាំងនេះអាចឱ្យខ្យល់ចេញចូលបានល្អ កាត់បន្ថយ​ការបែកញើស ការកកើតបាក់តេរី ​និង​ការ​មាន​ក្លិនខ្លួន។

លើសពីនេះទៅទៀតយើងគួរស្លៀកសម្លៀកបំពាក់ដែលមានពណ៌​ស្រាល​ៗ ព្រោះសម្លៀកបំពាក់​ដែលមាន​ពណ៌ក្រមៅ​អាចស្រូបពន្លឺថ្ងៃ និងកម្តៅខ្លាំងដែល​ធ្វើឱ្យយើងបែកញើសច្រើន។

៤. កាត់បន្ថយស្រេស្ត

ការមានភាពតានតឹង ឬស្រេស្តក៏ធ្វើឱ្យយើងបែកញើសច្រើនដែរ ដូច្នេះយើងគួរកាត់បន្ថយ​ភាព​តាន​តឹង​តាមរយៈការដកដង្ហើមវែងៗ ហាត់​យូហ្កា ដើរលំហែរ ឬស្តាប់តន្ត្រីជាដើម។

៥. កោរ ឬដករោមក្លៀក

រោមក្លៀក រោមមុខ និងរោមលើរាងកាយយើង​អាចជួយបញ្ចេញកម្តៅពីរាងកាយយើង​តាមរយៈ​ការ​បញ្ចេញញើស ដូច្នេះការដក ឬកោររោមក្លៀក​អាចជួយកាត់បន្ថយការបែកញើសក្លៀកបាន។

៦. កាត់បន្ថយអាហារធ្វើឱ្យបែកញើសច្រើន

អាហារដែលអាចធ្វើឱ្យយើងបែកញើសច្រើនមានដូចជា អាហារកែច្នៃ គ្រឿងស្រវឹង ខ្ទឹម ខ្ទឹមបារាំង អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ អាហារហឹរ និងជាតិកាហ្វេ​អ៊ីនជាដើម ព្រោះអាហារទាំងនេះ​​អាចធ្វើ​ឱ្យរាងកាយយើង​​​ឡើង​កម្តៅ​។

ជាងនេះទៅទៀត ការញុំាអាហារដែលប្រៃៗ (មានជាតិសូដ្យូមខ្ពស់) ក៏រួមចំណែក​ធ្វើឱ្យយើង​បែក​ញើស និង​នោមច្រើន​ដែរ ព្រោះរាងកាយត្រូវបញ្ចេញ​ជាតិសូដ្យូមដែលលើស។

៧. ចៀសវាងជក់បារី

ជាតិនីកូទីននៅក្នុងបារី គឺដូចជាតិកាហ្វេអ៊ីនដែរ ដោយ​អាចបង្កើនកម្តៅក្នុងរាងកាយយើង ធ្វើឱ្យបេះដូង​លោត​លឿន និងធ្វើឱ្យក្រពេញញើសសកម្មជាងមុនដែលធ្វើឱ្យបែកញើសច្រើន។

៨. ញុំាអាហារ និងភេជ្ជៈអាចកាត់បន្ថយការបែកញើស

អាហារមួយចំនួនអាចធ្វើឱ្យរាងកាយយើងត្រជាក់ និងកាត់បន្ថយបរិមាណ​ញើស​ដែល​រាងកាយ​​ផលិត។ អាហារទាំងនោះមានដូចជា ទឹក តែ​បៃតង ចេក ប្រេង​អូ​លីវ ស្រូវសាលីអូត ដំឡូង​ជ្វា អាហារ​ដែលមាន​ជាតិកាល់ស្យូមខ្ពស់ (ផលិតផលធ្វើពីទឹកដោះ) បន្លែ និងផ្លែឈើដែលមានជាតិទឹក​ខ្ពស់ ដូច​ជាឪឡឹក ទំពាំងបាយជូរ ត្រសក់ស្រូវផ្អែម ខាត់ណាខៀវ ផ្កាខាត់ណា ម្ទេសហាវៃ និងត្រប់វែង​ជាដើម។

យើងបែកញើសនៅពេលក្តៅស្អុះស្អាប់ ដូច្នេះយើងគួរនៅក្នុងម្លប់ ចៀសវាងត្រូវកម្តៅថ្ងៃ និងគួរបើកបង្អួច កង្ហារ ឬម៉ាស៊ីនត្រជាក់ដើម្បីការពារការបែកញើស។

ចំណុចសំខាន់

វិធីសាស្រ្តមួយចំនួនដែលយើងអាចសាកល្បងដើម្បីកាត់បន្ថយបែកញើសក្លៀក៖

  • ងូតទឹកឱ្យបានទៀងទាត់
  • សម្រកទម្ងន់
  • ស្លៀកសម្លៀកបំពាក់ដែលអាចឱ្យខ្យល់ចេញចូលល្អ
  • កាត់បន្ថយស្រេស្ត
  • កោរ ឬដករោមក្លៀក
  • កាត់បន្ថយអាហារដែលធ្វើឱ្យយើងបែកញើសច្រើន
  • ចៀសវាងជក់បារី
  • ញុំាអាហារ និងភេជ្ជៈដែលអាចកាត់បន្ថយការបែកញើស

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]