ទឹក​ដោះ​គោ​ម្សៅ ជា​ទូទៅ​ដែល​គ្នា​យើង​ជា​ម៉ាក់​ប៉ា​និយម​ឆុង​ឲ្យ​កូន​បៅ ភាគ​ច្រើន​ផលិត​ឡើង​ពី​ទឹក​ដោះ​គោ​ដែល​សម្រិតសម្រាំង​ឲ្យ​សម​ស្រប​សម្រាប់​ទារក ឬ​ក្មេង​តូចៗ។ តែ​គ្នា​យើង​មាន​ដឹង​ទេ​ថា ក្រៅ​ពី​ផលិត​ឡើង​ដោយ​ទឹក​ដោះ​គោ នៅ​មាន​ប្រភេទ​ម្សៅ​ទឹក​ដោះ​សិប្បនិម្មិត​សម្រាប់​ទារក ឬ​ក្មេង​តូច​មួយ​ចំនួន​ទៀត​ដែល​ផលិត​ឡើង​ដោយ​ប្រើ​រូបមន្ត​ខុស​ពី​ទឹក​ដោះ​គោ។  

តើ​ទឹក​ដោះ​គោ​ម្សៅ​មាន​ប្រភេទ​អ្វី​ខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះ​ទឹក​ដោះ​គោ​ម្សៅ​សម្រាប់​ទារក ឬ​ក្មេង​តូច​ទាំង​អស់ មុន​នឹង​ចូល​ក្នុង​ទី​ផ្សារ​បាន​គឺ​ត្រូវ​មាន​ការ​ទទួល​ស្គាល់​ដោយ​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ ឬ​ហៅ​កាត់​ថា FDA និង​ក្រសួង​សុខាភិបាល។ ទឹក​ដោះ​គោ​ម្សៅ​មាន​រូបមន្ត ៣​ប្រភេទ​ធំ​ៗ​ដូច​ជា៖

រូបមន្ត​ប្រូតេអ៊ីន​ទឹក​ដោះ​គោ៖ ទឹក​ដោះ​គោ​ម្សៅ​សម្រាប់​ទារក​ភាគ​ច្រើន​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើ​ទឹក​ដោះ ដែល​បន្ថែម​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ឲ្យ​ស្រដៀង​ទៅ​នឹង​ទឹក​ដោះ​ម្ដាយ។ ទឹក​ដោះ​គោ​ម្សៅ​មាន​តុល្យភាព​នៃ​សារធាតុ​ចិញ្ចឹម​ត្រឹម​ត្រូវ ហើយ​ធ្វើ​ឲ្យ​វា​ងាយ​ស្រួល​ក្នុង​ការ​រំលាយ។ ជា​ទូទៅ ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ ទារក ឬ​ក្មេង​តូច​អាច​បៅ​ទឹក​ដោះ​គោ​ម្សៅ​បាន​យ៉ាង​ងាយ​ស្រួល។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទារក​មួយ​ចំនួន​អាច​នឹង​មាន​បញ្ហា​អាលែកហ្ស៊ី​ទឹក​ដោះ​គោ បណ្ដាល​ឲ្យ​ប្រើ​ទឹក​ដោះ​គោ​ម្សៅ​មិន​បាន។

រូបមន្ត​សណ្ដែក​សៀង៖ ទឹក​ដោះ​សិប្បនិម្មិត​ដែល​មាន​រូបមន្ត​សណ្ដែក​សៀង អាច​មាន​ប្រយោជន៍ ប្រសិន​បើ​គ្នា​យើង​មិន​ចង់​ឲ្យ​អា​អូន​ទទួល​ប្រូតេអ៊ីន​ពី​សត្វ (ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​ពពែ)។ ទឹក​ដោះ​សិប្បនិម្មិត​ដែល​ផលិត​ឡើង​ដោយ​សណ្ដែក​សៀង ក៏​ជា​ជម្រើស​មួយ​ដ៏​ល្អ​សម្រាប់​ទារក​ដែល​មាន​ប្រតិកម្ម​ទឹក​ដោះ​គោ ឬ​អាលែកហ្ស៊ី​នឹង​ជាតិ​ឡាក់តូស (Lactose Intolerant)។ ប៉ុន្តែ យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា ក្មេង​ៗ​មួយ​ចំនួន​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី​ទឹក​ដោះ​គោ ក៏​អាច​មាន​អាលែកហ្ស៊ី​ជាមួយ​ទឹក​ដោះ​សិប្បនិម្មិត​ផលិត​ឡើង​ដោយ​សណ្ដែក​សៀង​ដែរ។

រូបមន្តhydrolysate៖ រូបមន្ត​ទាំងនេះ​ផ្ទុក​ប្រូតេអ៊ីន​ដែល​បំបែក​ដោយ​ផ្នែក ឬ​ទាំង​មូល​ទៅ​ជា​ទំហំ​តូចៗ​ជា​ជាង​រូបមន្ត​ទឹកដោះគោ ឬ​សណ្ដែក​សៀង។ ទឹក​ដោះ​គោ​សិប្បនិម្មិត​ដែល​មាន​រូបមន្ត​នេះ​ស័ក្ដិសម​បំផុត​សម្រាប់​ទារក ឬ​ក្មេង​ដែល​ក្រពះ​ពោះ​វៀន​មិន​អាច​ទ្រាំ​ទ្រ​នឹង​រូបមន្ត​ប្រូតេអ៊ីន​ទឹក​ដោះ​គោ ឬ​សណ្ដែក​សៀង​បាន ពោល​គឺ​ក្មេង​ៗ​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី។

លើស​ពី​នេះ​ទៅ​ទៀត ក៏​មាន​ទឹក​ដោះ​សិ​ប្បនិម្មិត​មាន​រូបមន្ត​ពិសេស​អាច​រក​បាន​សម្រាប់​ទារក​មិន​គ្រប់​ខែ និង​ទារក​ដែល​មាន​បញ្ហា​សុខភាព​ជាក់​លាក់​ណា​មួយ​ដែរ។ ដ្បិត​តែ​ឥឡូវ​នេះ ទឹក​ដោះ​សិប្បនិម្មិត​មាន​ជម្រើស​សម្បូរ​បែប សម្រាប់​ម៉ាក់​ប៉ា​ជ្រើស​រើស ក៏​ប៉ុន្តែ​ពី WHO និង​ក្រសួង​សុខាភិបាល លើក​ទឹក​ចិត្ត​ឲ្យ​ម្ដាយ​គ្រប់​រូប​បំបៅ​ដោះ​កូន​យ៉ាង​តិច ៦ខែ ឬ​លើស​នេះ រួច​សឹម​ផ្ដល់​អាហារ​បន្ថែម​ក្រៅ​ដូច​ជា បបរ​ខាប់​គ្រប់​គ្រឿង​ជាដើម។

ចំណុចសំខាន់

ទឹក​ដោះ​គោ​ម្សៅ​មាន​រូបមន្ត ៣​ ប្រភេទ​ធំ​ៗ​ដូច​ជា៖

  1. រូបមន្ត​ប្រូតេអ៊ីន​ទឹក​ដោះ​គោ
  2. រូបមន្ត​សណ្ដែក​សៀង
  3. រូបមន្ត hydrolysate

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]