ការបរិច្ចាគឈាមអាចជួយសង្រ្គោះជីវិតជាច្រើន និងជួយឱ្យយើងមានសុខភាព​ល្អទៀតផង​។ បន្ទាប់​ពីបរិច្ចាគឈាមរួច រាងកាយយើង​នឹងផលិតឈាមឡើងវិញជាបន្តបន្ទាប់ ប៉ុន្តែភ្លាមៗបន្ទាប់​ពី​បរិច្ចាគ​ឈាមរួច គ្នា​យើងខ្លះ​អាចវិលមុខ អស់កម្លាំងចង្អោរដោយសារបាត់បង់ឈាម។ ដូច្នេះ​ដើម្បី​ចៀសពីផលរំខានដូចខាងលើ យើងគួរធ្វើ និងគួរចៀសវាងអ្វីខ្លះ?

១. ប្រការគួរធ្វើ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • បន្ទាប់ពីគ្រូពេទ្យដកម្ជុលចេញ និងយកសំឡីជ្រលក់អាល់កុល​ទប់​ឈាមឱ្យយើង យើងគួរ​សង្កត់​ក​ន្លែង​បូមឈាមរយៈពេល ៥ នាទី ដើម្បីកាត់បន្ថយការហើម និងឡើងជាំ
  • សម្រាកនៅមជ្ឈមណ្ឌលផ្តល់ឈាមយ៉ាងហោចណាស់ ២០ នាទី
  • រក្សាបង់បិទរបួសលើដៃពីរបីម៉ោង
  • ញុំាទឹកឱ្យបានច្រើនដើម្បីគ្រប់គ្រងសម្ពាធឈាម
  • ញុំាអាហារសម្រន់
  • ញុំាអាហារសម្បូរជាតិដែកដូចជា បន្លែស្លឹកបៃតង សណ្តែក ដំឡូងជ្វា ទំពាំងបាយជូរក្រៀម ឪឡឹក សាច់គោ ឬគ្រឿងសមុទ្រជាដើម ព្រោះ​រាងកាយយើងត្រូវការជាតិដែក​ដើម្បីផលិតកោសិកាឈាម​ក្រហម ហើយជាតិដែកជួយឱ្យរាងកាយយើងឆាប់មានកម្លាំងឡើងវិញ។
  • ញុំាអាហារសម្បូរវីតាមីន C ដូចជា បន្លែស្លឹកបៃតង ប៉េងប៉ោះ ខាត់ណាខៀវ ម្ទេសហាវៃ ផ្លែឈើអម្បូរក្រូច គីវី ឬល្ហុងជាដើមព្រោះអាច​ជួយ​​ឱ្យរាងកាយយើងស្រូបយកជាតិដែកបានល្អ។
  • ស្វែងរកជំនួយ ប្រសិនបើយើងខ្សោយ មានការឈឺចាប់ ឬជាំកន្លែង​បូមឈាមខ្លាំង

២. ប្រការគួរចៀសវាង

  • លើករបស់ធ្ងន់ៗ
  • ហាត់ប្រាណដោយប្រើកម្លាំងខ្លាំង
  • ញុំាគ្រឿងស្រវឹង
  • ងូតទឹកក្តៅឧណ្ហៗ
  • ឈរក្នុងរយៈពេលយូរ
  • ចៀសវាងជក់បារីយ៉ាងហោចណាស់ ៣០ នាទីបន្ទាប់ពី​បរិច្ចាគ​ឈាម​រួច

បន្ទាប់ពីចាក់ចេញពីមណ្ឌលបរិច្ចាគឈាម ប្រសិនបើយើងវិលមុខ យើងត្រូវបញ្ឈប់រាល់សកម្មភាព​ដែលកំពុងធ្វើ រួចអង្គុយ ឬគេងសម្រាករហូតដល់យើងស្រួលខ្លួនឡើងវិញ។ ប្រសិនបើកន្លែងបូមឈាមចេញ​ឈាម យើងគួរយកសំឡីជ្រលក់អាល់កុល​រួចទប់សង្កត់​មុខម្ជុល​រយៈ​ពេល ៥ ទៅ ១០ នាទី ព្រមទាំងលើកដៃឡើងលើរហូតដល់ឈាមឈប់ហូរ។

ចំណុចសំខាន់

បន្ទាប់ពីការបរិច្ចាគឈាមយើងគួរធ្វើតាមការណែនាំដូចខាងក្រោម៖

  • សង្កត់កន្លែងបូបឈាមរយៈពេល ៥ នាទី
  • សម្រាកនៅមជ្ឈមណ្ឌលផ្តល់ឈាមយ៉ាងហោចណាស់ ២០ នាទី
  • រក្សាបង់បិទរបួសលើដៃយ៉ាងពីរបីម៉ោង
  • ញុំាទឹកឱ្យបានច្រើន
  • ញុំាអាហារសម្រន់
  • ញុំាអាហារសម្បូរជាតិដែក
  • ញុំាអាហារសម្បូរវីតាមីន C
  • ចៀសវាងលើករបស់ធ្ងន់ៗ
  • ចៀសវាងហាត់ប្រាណដោយប្រើកម្លាំងខ្លាំង
  • ចៀសវាងញុំាគ្រឿងស្រវឹង
  • ចៀសវាងងូតទឹកក្តៅឧណ្ហៗ
  • ចៀសវាងឈរក្នុងរយៈពេលយូរ
  • ចៀសវាងជក់បារី

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]