Phu Quoc (កោះត្រល់) គឺជាកោះមួយរបស់ប្រទេសវៀតណាម ស្ថិតនៅឈូងសមុទ្រថៃ មានចម្ងាយប្រមាណ​ជាង ១០​គីឡូម៉ែត្រ​ពី​ប្រទេស​កម្ពុជា ។ កោះមួយនេះសម្បូរសម្បត្តិធម្មជាតិជាច្រើនរាប់មិនអស់ ជាងពាក់កណ្តាលនៃកោះនេះគឺជាផ្នែកមួយនៃឧទ្យានជាតិ Phu Quoc ដែលមានភ្នំ ព្រៃត្រូពិចក្រាស់ ផ្លូវឡើងភ្នំ និងសត្វព្រៃច្រើនប្រភេទ។

ជារៀងរាល់ឆ្នាំ កោះមួយនេះ តែងតែបើកទ្វារទទួលភ្ញៀវទេសចរយ៉ាងច្រើនកុះករមិនថាភ្ញៀវជាតិ និងអន្តរជាតិ តែក្នុងប៉ុន្មានឆ្នាំនេះ ត្រូវផ្អាកទទួលភ្ញៀវទេសចរ ដោយសារបញ្ហាវីរុសកូវីដ១៩​ ប៉ុន្តែពេលនេះទើបតែបើកទ្វារទទួលភ្ញៀវវិញថ្មីៗ ស្របពេលកូវីដ១៩ រាងធូរស្រាលជាងមុនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ចំពោះកោះមួយនេះមានទីតាំងរមនីយដ្ឋានជាច្រើនប្រភេទ ដែលអាចឱ្យភ្ញៀវទេសចរអាចទទួល ដើរលេងកម្សាន្ត បានជាច្រើនបែប ច្រើនរសជាតិ សាកសមខ្លាំងចំពោះអ្នកដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង ប៉ុន្តែចំពោះអ្នកដំណើរដែលមិនធ្លាប់ទៅទីនោះ ហើយជ្រើសរើសការធ្វើដំណើរទៅដោយខ្លួនឯង ប្រាកដជាត្រូវប្រើប្រាស់ពេលវេលាយូរអង្វែង ដើម្បីស្រាវជ្រាវអំំពីទីកន្លែងដែលត្រូវទៅជាក់ជាមិនខាងឡើយ។

តោះមកទីតាំងនៅលើកោះPhu Quoc (កោះត្រល់) ដែលជម្រើសរបស់អ្នក?

១.ឆ្នេរសមុទ្រ

ចំពោះអ្នកដែលចូលចិត្តសមុទ្រ អាចទៅលេងកម្សាន្តនៅឆ្នេរសមុទ្រ Sao, Starfishនិង Ong Lang ដែលមានទឹកថ្លាឈ្លេង និងខ្សាច់ពណ៍ស ដែលទីតាំងទាំងនេះទទួលបានការសរសើរមិនតិចនោះពីភ្ញៀវទេសចរដែលមកលេងលើកោះមួយនេះ។

រូបតំណាង

២. ជិះកាប៊ីន

នេះគឺជាទីតាំងមួយដែលភ្ញៀវទេសចរមកកម្សាន្តលើកោះត្រល់ មិនដែលរំលងឡើយ ចំពោះការជិះកាប៊ីនលើអាកាសនេះ អាចឱ្យអ្នកដំណើរអាចស្រូបយកខ្យល់អាកាសបែបធម្មជាតិ បូករួមទាំងការមើលទៅទិដ្ឋភាពនៅខាងក្រោមឆ្លងកោះម្នាស់ ដោយក្តីរីករាយ។

រូបតំណាង

៣. សួនសត្វ នៅក្នុងរមនីយដ្ឋាន Vinwonder

នៅក្នុងរមនីយដ្ឋានVinwonder មាន សួនសត្វVinpearl ដែលជាសួនសត្វព្រៃ និងរុក្ខជាតិដ៏ធំបំផុតមួយនៅក្នុងប្រទេសវៀតណាម។ ផ្ទៃដីសរុប ៣៨០ ហិចតា មានសត្វព្រៃប្រមាណជាង ២០០០ប្រភេទ និងរុក្ខជាតិ ១២០០ប្រភេទ ។

រូបតំណាង

៤. មុជទឹក និងមើលផ្កាថ្ម

រូបតំណាង

កោះ May Rut និង Gam Gui គឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការមុជទឹក និងមើលផ្កាថ្មដ៏ស្រស់ស្អាត។ ក្រៅពីនេះអ្នកក៏អាចគយគន់រុក្ខជាតិ និងសត្វចម្រុះពណ៌នៅកោះ An Thoi ក៏បាន។

ផ្កាថ្មនៅតំបន់នេះជាប់ចំណាត់ថ្នាក់លេខមួយក្នុងប្រទេសវៀតណាមទាក់ទងនឹងភាពសម្បូរបែបនៃប្រភេទសត្វជាច្រើនប្រភេទ។ 

៥. ជិះម៉ូតូដើរលេង

ព្រៃ Phu Quoc មានឧទ្យានជាតិមួយក្នុងចំណោមឧទ្យានជាតិចំនួន ៣០ នៅវៀតណាម។ ក្រៅពីនេះ អ្នកអាចរុករកទីតាំងកម្សាន្តផ្សេងៗទៀត ដោយប្រើប្រាស់ម៉ូតូ និងផែនទីប៉ុណ្ណោះ។ ចំណែកតម្លៃជួលម៉ូតូវិញ អាចមានតម្លៃចាប់ពី៥ដុល្លារឡើងទៅ អាស្រ័យតាមប្រភេទម៉ូតូ។

រូបតំណាង

៦.មើលថ្ងៃលិចនៅឆ្នេរសមុទ្រ

នៅកោះPhu Quoc (កោះត្រល់) មានឆ្នេរសមុទ្រជាច្រើន ដែលលក្ខណៈស្អាតៗខុសគ្នា ប៉ុន្តែចំពោះឆ្នេរសមុទ្រ Long Beach គឺអាចជាឆ្នេរសមុទ្រដ៏ពិសេសមួយសម្រាប់មើលថ្ងៃលិច មិនចាញ់ឈុតក្នុងខ្សែភាពយន្តរូមែនទិចនោះឡើយ។

រូបតំណាង

៧. ផ្ទះ Italy ក្នុង Grand World 

សម្រាប់អ្នកទេសចរដែលមានលេងទីតាំងមួយនេះ តែងតែសរសើរពីការរៀបចំចំពោះរចនាសម្ព័ន្តនេះគ្រប់គ្នា ដោយទីតាំងនេះអាចឱ្យអ្នកអាចទទួលបានអារម្មណ៍ស្រស់ស្រាយតាមបែបទីក្រុង មិនចាញ់ប្រទេសអីតាលីពិតៗប៉ុន្មានទេ ក្រៅពីនេះយើងអាចជួលទូកជិះលេងលើទឹកបានផងដែរ។

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]