ការខាត់ស្បែកជាប្រចាំអាចធ្វើឱ្យស្បែកយើងស្រស់ថ្លា និងក្មេងជាងវ័យព្រោះកោសិកាស្បែក​ងាប់ៗ​ត្រូវបានជម្រុះចេញ។ ផ្ទុយមកវិញ បើយើងខាត់ស្បែកមិនបានត្រឹមត្រូវទេ ស្បែកយើងអាចប្រែ​ជា​ខូច​ ឬមិនទទួលបានលទ្ធផលល្អដូចដែរយើងរំពឹងទុក។ តើយើងគួរខាត់ស្បែករបៀបណា និង​ញឹកញាប់​ប៉ុនណាទើបមិនខូចស្បែក?

បើយើងមានស្បែកខ្លាញ់ យើងគួរប្រើស្រ្កាប់ដែលមានជាតិប្រេងតិច ហើយបើយើងមានស្បែកស្ងួត យើងគួរប្រើស្រ្កាប់ដែលមានជាតិប្រេងច្រើនដើម្បីផ្តល់សំណើមដល់ស្បែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ​វិធីខាត់ស្បែកតាមលំដាប់លំដោយ និងប្រការចៀសវាង​៖

១. ផ្សើមស្បែក រួចខាត់ស្បែកថ្នមៗ

បន្ទាប់ពីសម្អាតស្បែកដែលយើងចង់ខាត់ជាមួយសាប៊ូ ឬហ្វូមហើយ យើង​ត្រូវប្រើទឹកក្តៅឧណ្ហៗ​លាង​ជម្រះចេញ (ត្រូវប្រាកដថា ស្បែកដែល​យើងចង់ខាត់​សើមទាំងស្រុង) យើងអាចយកស្រ្កាប់​មក​ខាត់ស្បែកថ្នមៗក្នុងចលនារង្វង់ប្រហែល ១០ វិនាទី ហើយត្រូវខាត់ឱ្យសព្វពេញរាងកាយ។

២. លាងជម្រះស្បែកដែលខាត់ហើយឱ្យស្អាត

បន្ទាប់​ពី​ខាត់ស្បែករួច យើងត្រូវលាងជម្រះស្បែកឱ្យស្អាតជាមួយទឹក។ ពេល​ខ្លះ​អាច​នៅសល់​ជាតិ​ប្រេង​បន្តិចបន្តួចនៅលើស្បែកយើងអាស្រ័យតាមប្រភេទស្រ្កាប់ដែលយើងប្រើ ព្រោះទឹកតែមួយមុខ​មិនអាចលាង​ជម្រះជាតិប្រេងឱ្យអស់ទេ។ ជាតិប្រេងដែលនៅសេសសល់នេះមានប្រយោជន៍ដល់ស្បែក ព្រោះ​អាច​ជួយផ្តល់​សំណើម​ខ្លះដល់​កោសិកា​ស្បែក​ថ្មី​​របស់យើង។

៣. លាបឡេ ឬគ្រីមផ្តល់សំណើម

ក្រោយពេលខាត់ស្បែករួច យើងត្រូវលាបឡេ ឬគ្រីមផ្តល់សំណើមដល់ស្បែក​ដើម្បីការពារ​ស្បែក​ពី​ការស្ងួតដោយសារត្រូវខ្យល់ ឬកកិតជាមួយសម្លៀកបំពាក់ ព្រោះបន្ទាប់ពីខាត់ស្បែករួច ស្បែកដែល​ងាប់ៗត្រូវបានជម្រុះចេញ នៅសល់តែកោសិកាស្បែកថ្មីដែលមានសភាពទន់ខ្យោយ។

៤. ចៀសវាងខាត់ស្បែកចុងសុដន់

ពេលខាត់ស្បែក យើងគួរចៀសវាងខាត់ស្បែកចុងសុដន់ ព្រោះស្បែកចុងសុដន់មានសភាពស្តើងខ្លាំង និងងាយប្រតិកម្មដែលអាចបណ្តាលឱ្យដាច់រហែក រលាក ក្រហាយ ឬហូរឈាម។

៥. ចៀសវាងខាត់ស្បែកកន្លែងសម្ងាត់

ការខាត់ស្បែកទ្វារមាសអាចធ្វើឱ្យបាត់បង់បាក់តេរីល្អៗនៅក្នុងទ្វារមាស និងបណ្តាលឱ្យកម្រិត pH ប្រែប្រួលដែលអាចបណ្តាលឱ្យយើងឆ្លងមេរោគផ្សិតនៅទ្វារមាស។

ប្រសិនបើយើងខាត់ស្បែកលើ​ដង​ខ្លួន យើងគួរខាត់ម្តងក្នុងមួយសប្តាហ៍ តែបើយើងខាត់ស្បែកមុខ ឬបបូរមាត់ យើងគួរខាត់មួយសប្តាហ៍រំលងមួយសប្តាហ៍ ឬយូរជាងនេះព្រោះស្បែកមុខ និង​ស្បែក​បបូរ​មាត់មានសភាពស្តើងជាងស្បែកដង​ខ្លួន។

ចំណុចសំខាន់

ខាងក្រោមនេះ​វិធីខាត់ស្បែកតាមលំដាប់លំដោយ និងប្រការចៀសវាង​៖

  • ផ្សើមស្បែក រួចខាត់ស្បែកថ្នមៗ
  • លាងជម្រះស្បែកដែលខាត់ហើយឱ្យស្អាត
  • លាបឡេ ឬគ្រីមផ្តល់សំណើម
  • ចៀសវាងខាត់ស្បែកចុងសុដន់
  • ចៀសវាងខាត់ស្បែកកន្លែងសម្ងាត់

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]