ការមានរបៀបឆុង និងទុកដាក់​ទឹក​ដោះ​គោ​ម្សៅ​កូន​បៅ​ប្រកប​ដោយ​សុវត្ថិភាព​អាច​ការពារ​កូន​យើង​ពី​ហានិភ័យ​នៃ​ការ​ប្រតិកម្ម​ទឹក​ដោះ​គោ និង​បាក់តេរី ឬ​មេរោគ​ផ្សេងៗ​ដែល​អាច​បង្ក​ជា​ជំងឺ​បាន។ ខាង​ក្រោម​នេះ​ជា​តិចនិករបៀបឆុង និងទុកដាក់ទឹកដោះគោម្សៅ និង​ដប​ទឹក​ដោះ​គោ​ត្រឹម​ត្រូវ ជា​ម៉ាក់​ប៉ា​គេ ពិសេស​អ្នក​ទើប​មាន​កូន​គួរ​អនុវត្ត​តាម។  

ការ​រៀប​ចំ​ទឹក​ដោះ​គោ​ម្សៅ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • លាង​ដៃ​ឲ្យ​បាន​ល្អ​មុន​ពេល​រៀប​ចំ​ឆុង ឬ​បំបៅ​កូន។ សម្អាត និង​ធ្វើ​អនាម័យ​កន្លែង​រក្សា​កំប៉ុង​ទឹក​ដោះ​គោ​ម្សៅ ឬ​កន្លែង​ដែល​យើង​ត្រូវ​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ។
  • រាល់​ដប​ទឹក​ដោះ​គោ​កូន​ត្រូវ​តែ​សម្អាត សម្លាប់​មេរោគ​ឲ្យ​ស្អាត​ជា​និច្ច។
  • ពេល​ឆុង​ទឹក​ដោះ​គោ ត្រូវ​ពិនិត្យ​មើល និង​អនុវត្ត​តាម​ការ​ណែនាំ​លើ​សម្បក​កំប៉ុង​ទឹក​ដោះ​គោ​ម្សៅ​ឲ្យ​បាន​ហ្មត់ចត់។
  • បើ​ចង់​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​នៅ​ក្ដៅ​តិចៗ ចៀសវាង​យក​ដប​ទឹក​ដោះ​គោ​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន Microwave យក​ល្អ​ដាក់​ដប​ទឹក​ដោះ​គោ​ម្សៅ​ត្រាំ​ក្នុង​ចាន​ទឹក​ក្ដៅ​ឧណ្ហ​ៗ​បាន (ត្រូវ​ពិនិត្យ​មើល​កម្ដៅ​សិន​មុន​ឲ្យ​កូន​បៅ)។

ការ​រក្សា​ទឹក​ដោះ​គោ​ម្សៅ​ទុក

  • ទឹក​ដោះ​គោ​ឆុង​រួច​អាច​ខូច​បាន បើ​យើង​ទុក​ចោល​យូរ​ក្នុង​សីតុណ្ហភាព​ធម្មតា ហេតុ​នេះ​គួរ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ក្នុង​រយៈ​ពេល ២ ម៉ោង​ក្រោយ​ឆុង។
  • ប្រសិន​បើ​យើង​ចង់​ឆុង​ទុក​ឲ្យ​កូន​បៅ គួរ​តែ​រក្សា​ទុក​ក្នុង​ទូ​ទឹក​កក និង​ឲ្យ​កូន​បៅ​ក្នុង​រយៈ​ពេល ២៤ ម៉ោង។
  • ចាក់​ចោល​ទឹក​ដោះ​គោ​ដែល​កូន​បៅ​សល់​ឲ្យ​អស់ កុំ​ស្ដាយ ព្រោះ​ទឹក​ដោះ​គោ​ដែល​អូន​បៅ​ហើយ ប៉ះ​ជាមួយ​នឹង​ទឹក​មាត់​កូន​អាច​បង្ក​ឲ្យ​មាន​បាក់តេរី​កើត​ឡើង។
  • រក្សា​កំប៉ុង​ទឹក​ដោះ​គោ​ដែល​មិន​ទាន់​បើក​ប្រើ​នៅ​កន្លែង​ត្រជាក់ ស្ងួត ពោល​គឺ​នៅ​ក្នុង​បន្ទប់ ឬ​កន្លែង​ណា​មាន​សីតុណ្ហភាព​ធម្មតា មិន​ត្រូវ​ថ្ងៃ។
  • ចំណែក​កំប៉ុង​បើក​ប្រើ​រួច ត្រូវ​រក្សា​នៅ​កន្លែង​ត្រជាក់ ស្ងួត ហើយ​បិទ​គម្រប​ឲ្យ​ជិត និង​មិន​ត្រូវ​ដាក់​ក្នុង​ទូ​ទឹក​កក​ឡើយ។
  • ទឹក​ដោះ​គោ​ម្សៅ​ភាគ​ច្រើន បើក​ហើយ​ត្រូវ​ប្រើ​ក្នុង​រយៈ​ពេល ១​ខែ និង​មិន​ត្រូវ​ប្រើ​លើស​កាល​កំណត់​លើ​កំប៉ុង​ទឹក​ដោះ​គោ​ឡើយ។

ក្នុង​ករណី​ទារក​នៅ​ក្មេង​ខ្លាំង (អាយុ​តិច​ជាង ៣ ខែ) កើត​មិន​គ្រប់​ខែ ឬ​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ ម៉ាក់​ប៉ា​គួរ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រើ​ទឹក​ដោះ​គោ​ម្សៅ​ឲ្យ​កូន​បៅ ដើម្បី​បង្ការ​មេរោគ Cronobacter កើត​ឡើង និង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]