អង្គែជារោគសើស្បែកដែលបណ្តាលឱ្យយើងរមាស់ស្បែកក្បាល និងបង្កឡើង​​ដោយ​មូលហេតុ​ជា​ច្រើន។ ទន្ទឹមនឹងមានវិធីការពារកុំឱ្យកើតអង្គែ ក៏មានអាហារមួយចំនួនអាចការពារ​យើងពីការ​កើត​អង្គែ ឬអាចធ្វើឱ្យយើងងាយកើតអង្គែក៏​មាន​ដែរ។ តើអាហារទាំងនោះមានអ្វីខ្លះ?

អាហារយើងគួរញុំាបង្ការបញ្ហា​អង្គែ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. គ្រាប់​ផ្កាឈូករ័ត្ន

គ្រាប់ផ្កាឈូករ័ត្នសម្បូរទៅដោយសារធាតុចិញ្ចឹមដែលល្អចំពោះសក់ និងអាច​ការពារអង្គែផងដែរ ព្រោះគ្រាប់ផ្កាឈូករ័ត្នផ្ទុកទៅដោយស័ង្កសីដែលរាងកាយត្រូវការសម្រាប់ផលិតសារធាតុខ្លាញ់ដើម្បីថែរក្សាស្បែកក្បាលរបស់យើងឱ្យមានសុខភាពល្អ និងការពារស្បែកក្បាលមិនឱ្យស្ងួត។

លើស​ពី​នេះ​ទៅទៀត គ្រាប់ផ្កាឈូករ័ត្នក៏មានផ្ទុកវីតាមីន B កំផ្លេច​ដែលជំនួយដល់ការរំលាយ​អាហារ​ព្រោះ​ប្រព័ន្ធរំលាយអាហារដំណើរការមិនល្អក៏បណ្តាលឱ្យយើងកើតអង្គែដែរ។

២. ខ្ទឹម​ស

ខ្ទឹម​ស​សម្បូរទៅដោយសារធាតុ Allicin ដែល​ជា​សមាសធាតុ​អាចប្រឆាំងនឹងមេរោគ​ផ្សិត​ ហើយអាច​កម្ចាត់​អង្គែ​បានទៀតផង។ សារធាតុ Allicin ក៏សម្បូរនៅក្នុងខ្ទឹមបារំាង និងខ្ទឹមក្រហមផង​ដែរ។

៣. ខ្ញី

យើងអាចកើតអង្គែដោយសារប្រព័ន្ធរំលាយអាហារដំណើរការមិនល្អ។ ការ​ញុំាខ្ញីអាចជួយឱ្យ​ប្រព័ន្ធ​រំលាយ​អាហារយើងដំណើរការល្អ និងអាចរំលាយខ្លាញ់ និងប្រូតេអ៊ីនបានទៀតផង។ ជាងនេះ​ទៅ​ទៀត ខ្ញីក៏មានសារធាតុអាចប្រឆាំងនឹងបាក់តេរី និងមេរោគផ្សិត​ដែលជួយឱ្យស្បែកក្បាល​យើង​មាន​សុខភាពល្អដែរ។

៤. ចេក

ចេកផ្ទុកទៅដោយវីតាមីន B6, A, C, E និងសារធាតុរ៉ែដូចជា ស័ង្កសី ប៉ូតាស្យូម ជាតិដែ អាស៊ីដ​អាមីណូ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែល​សុទ្ធតែជួយឱ្យស្បែកមានសុខភាពល្អ និងអាចការពារ​ការ​កើតអង្គែ។

អាហារគួរ​កាត់​បន្ថយ ឬ​ចៀសវាង​បង្កាបញ្ហាកើតអង្គែ

៥. ស្ករ

ការញុំាជាតិស្ករច្រើនអាចបណ្តាលឱ្យរាងកាយយើងរលាក និងបង្កឱ្យស្បែក​ក្បាលយើងកើត​អង្គែ ​ដូច្នេះយើងគួរកាត់បន្ថយការញុំាជាតិស្ករដោយកាត់បន្ថយអាហារដែលមានជាតិស្ករខ្ពស់ដូចជា អាហារ Fast food បង្អែម ទឹកក្រូច និង​នំខេកជាដើម។

៦. ផលិតផលទឹកដោះមានជាតិខ្លាញ់ខ្ពស់

ផលិតផលទឹកដោះដែលមានជាតិខ្លាញ់ខ្ពស់ពិបាកក្នុងការរំលាយ និងអាចបង្កើន​ការរលាក​ក្នុង​រាងកាយដែលអាចបណ្តាលឱ្យយើងកើតអង្គែ។ ជំនួយមកវិញ យើងអាចជ្រើសរើសញុំា​ផលិតផលទឹកដោះ​ដែលគ្មាន​ជាតិ​ខ្លាញ់។

អង្គែក៏អាចកើតឡើងដោយសារស្បែកក្បាលស្ងួតដែរ ដូច្នេះយើងគួរញុំាទឹកឱ្យបានគ្រប់គ្រាន់​ដើម្បី​រក្សា​ជាតិទឹកក្នុងខ្លួន។

ចំណុចសំខាន់

ខាងក្រោមនេះជាអាហារដែលយើងគួរញុំាដើម្បីការពារការកើតអង្គែ៖

  • គ្រាប់​ផ្កាឈូករ័ត្ន
  • ខ្ទឹម​ស
  • ខ្ញី
  • ចេក

ខាងក្រោមនេះជាអាហារដែលយើងគួរចៀសវាង ឬកាត់បន្ថយដើម្បីការពារការកើតអង្គែ៖

  • ស្ករ
  • ផលិតផលទឹកដោះដែលមានជាតិខ្លាញ់ខ្ពស់

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]