ការជាំមុខធ្វើឱ្យស្បែកលើថ្ងាស ថ្ពាល់ ច្រមុះ ឬបបូរមាត់យើងឡើងស្នាមពណ៌ត្នោត ឬក្រមៅស្រាលដែលបង្កឡើងដោយកត្តាជាច្រើន តែអ្វីដែលនឹកស្មានមិនដល់គឺក្នុងនោះក៏មានថ្នាំមួយចំនួនដែលស្រីៗភាគច្រើនប្រើដែរ។ តើថ្នាំនោះជាថ្នាំអ្វី? ហើយក្រៅពីថ្នាំមានកត្តាអ្វីខ្លះ? យើងអាចការពារជាំមុខតាមវិធីណាខ្លះ?
វេជ្ជបណ្ឌិត ហុង លីដា ឯកទេសជំងឺសើស្បែកទូទៅនៅពេទ្យសើស្បែកអាដាម៉ាបានឱ្យដឹងថា ជាំមុខក៏អាចបណ្តាលមកពីការប្រើប្រាស់ថ្នាំពន្យារកំណើតដែលមានផ្ទុកជាតិអ័រម៉ូនអ៊ីស្រ្តូសែន និងប្រូហ្សេស្តេរ៉ូនដែរ ព្រោះអ័រម៉ូនទាំង ២ នេះមាននាទីសំខាន់ក្នុងការភ្ញោចកោសិកាមេឡាណូសាយឱ្យផលិតជាតិពណ៌មេឡានីន (ជាតិពណ៌ក្រមៅក្នុងស្បែក)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រៅពីនេះក៏មានថ្នាំប្រភេទប្រឆាំងនឹងការប្រកាច់មួយចំនួនដែលក្រោយពីប្រើប្រាស់មួយរយៈនឹងធ្វើឱ្យមុខយើងមានការកើនឡើងនូវជាតិពណ៌ក្រមៅ។
អ្នកស្រីវេជ្ជបណ្ឌិតក៏បានបន្ថែមថា ក្រៅពីថ្នាំពន្យារកំណើត និងថ្នាំប្រឆាំងនឹងការប្រកាច់ ជាំមុខក៏អាចបណ្តាលមកពី៖
១. ការប្រែប្រួលអ័រម៉ូន
ភាគច្រើនកើតលើម៉ាក់ៗពពោះដែលមានកើនឡើងនូវអ័រម៉ូនអ៊ីស្រ្តូសែន ប្រូហ្សេស្តេរ៉ូនឬអ័រម៉ូនរំញោចកោសិកាមេឡាណូសាយដែលជួយភ្ញោចកោសិកាមេឡាណូសាយឱ្យផលិតសារធាតុមេឡានីនច្រើន ហើយបង្កឱ្យម៉ាក់ៗមានការជាំមុខបន្តិចម្តងៗ។ ម៉ាក់ៗមួយចំនួនអាចជាំមុខក្នុងអំឡុងពេលពពោះ ហើយម៉ាក់ៗមួយចំនួនទៀតអាចជាំមុខក្រោយពេលសម្រាលរួចប៉ុន្មានខែ។
២. ការត្រូវពន្លឺថ្ងៃខ្លាំង
ពេលណាស្បែកមុខយើងត្រូវពន្លឺថ្ងៃខ្លាំង កោសិកាមេឡាណូសាយនឹងផលិតជាតិមេឡានីនកាន់តែច្រើនដែលធ្វើឱ្យមុខយើងឡើងពណ៌ក្រមៅ។
៣. ការប្រើប្រាស់ផលិតផលមានជាតិកាត់
ការប្រើប្រាស់ផលិតផលជាតិកាត់ ឬជាតិបកធ្វើឱ្យស្បែករបស់យើងខ្សោយដែលបាត់បង់ប្រព័ន្ធការពារលើស្បែក ហើយធ្វើឱ្យយើងងាយប្រឈមនឹងការជាំមុខ។
៤. មានប្រវត្តិគ្រួសារងាយជំាមុខ
ស្រ្តីដែលមានប្រវត្តិគ្រួសារដែលមានបញ្ហាជំាមុខងាយនឹងប្រឈមនឹងការជំាមុខដែរព្រោះកត្តាតំណពូជ។
យើងអាចការពារកុំឱ្យជាំមុខតាមការណែនាំដូចខាងក្រោម៖
- ទម្លាប់ប្រើគ្រីមការពារកម្តៅថ្ងៃឱ្យបានត្រឹមត្រូវ និងជាប់លាប់ជាប្រចាំមុនពេលចេញក្រៅ
- ប្រើប្រាស់ផលិតផលដែលមានការទទួលស្គាល់ត្រឹមត្រូវ និងមានសុវត្ថិភាពចំពោះស្បែកចៀសវាងមានការប៉ះពាល់ដល់ស្បែកដែលធ្វើឱ្យស្បែកបាត់បង់ប្រព័ន្ធការពារ ហើយធ្វើឱ្យយើងងាយជាំមុខ
- បើយើងដឹងថា យើងប្រើបា្រស់ថ្នាំណាមួយហើយធ្វើឱ្យយើងមានបញ្ហាជាំមុខ យើងគួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីបញ្ឈប់ការប្រើប្រាស់ថ្នាំ ឬកាត់បន្ថយ ឬរកដំណោះស្រាយផ្សេងដែលស័ក្តិសមនឹងយើង
- ជាចុងក្រោយបើយើងមានបញ្ហាជាំមុខដោយសារអ្វីដែលមិនអាចចៀសផុតដូចជា ការពពោះ យើងអាចប្រើជាប្រភេទគ្រីមការពារកម្តៅថ្ងៃសម្រាប់ស្រ្តីមានផ្ទៃពោះដើម្បីទប់ស្កាត់កត្តាប្រឈមបន្ថែមទៀត។
បើយើងសង្កេតឃើញស្បែកមុខមានការឡើងក្រមៅ យើងគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យសើស្បែកដើម្បីទទួលយកការការពារ និងបន្ទាប់មកទទួលយកការព្យាបាលឱ្យបានឆាប់បំផុត។
ពេលជាំមុខ យើងគួរប្រើគ្រីមការពារកម្តៅថ្ងៃដែលមានលេខយ៉ាងហោចណាស់ ៥០ ដែលមាន PA (មានន័យថាកាពារទាំង UVA) ឬយើងអាចហៅបានថាជាប្រភេទ Broad spectrum ដែលអាចការពារបានទាំងកាំរស្មី UVA និង UVB ពីពន្លឺថ្ងៃ ហើយលាប ១៥ នាទីមុនចេញក្រៅ និងលាបក្នុងបរិមាណសមស្របមួយ។
ចំណុចសំខាន់
កត្តាបណ្តាលឱ្យយើងជាំមុខអាចមានដូចជា៖
- ការប្រើប្រាស់ថ្នាំ (ថ្នាំពន្យារកំណើត និងថ្នាំប្រឆាំងនឹងការប្រកាច់)
- បំរែបំរួលអ័រម៉ូន
- ការត្រូវពន្លឺថ្ងៃខ្លាំង
- ការប្រើប្រាស់ផលិតផលមានជាតិកាត់ ឬជាតិបក
- មានប្រវត្តិគ្រួសារងាយជំាមុខ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]