បូសជាជំងឺសើស្បែកដែលបង្កឱ្យស្បែកឡើងពកក្រហម ហើម និងមានខ្ទុះ អាចតូច ឬធំ និងងាយកើតលើកុមារតូចៗណាស់ដែលបង្កឱ្យអាអូនមានការឈឺចាប់។ ហេតុអ្វីបានជាអាអូនកើតបូស? ធ្វើម៉េចទើបឆាប់ជា និងមិនឆ្លងទៅកើតនៅកន្លែងផ្សេងទៀត?
បូសបង្កឡើងដោយបាក់តេរីឈ្មោះ Staphylococcus aureus ដែលរស់នៅលើស្បែកយើង។ ជាធម្មតា បាក់តេរីនេះមិនបង្កគ្រោះថ្នាក់ដល់យើងទេ តែបើស្បែកយើងមានការដាច់រលាត ឬរលាក នោះបាក់តេរីនេះអាចងាយនឹងឆ្លងចូលក្នុងស្បែក ហើយបង្កឱ្យយើងកើតបូស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉ាក់ប៉ាអាចព្យាបាលបូសអាអូនតាមវិធីដូចខាងក្រោម៖
១. ដំណាក់កាលកើតបូសដំបូង
- ម៉ាក់ប៉ាអាចយកកន្សែងស្អាតជ្រលក់ទឹកក្តៅឧណ្ហៗ រួចពូតឱ្យស្ងួតទឹក។ បន្ទាប់មកយកមកស្អំលើបូសអាអូនដើម្បីកាត់បន្ថយការឈឺចាប់ និងហើម។ ម្យ៉ាងទៀត ការស្អំទឹកក្តៅឧណ្ហៗអាចបង្កើនចលនាឈាមរត់នៅតំបន់កើតបូសដែលជួយពន្លឿនកោសិកាឈាមសឱ្យមកប្រយុទ្ធប្រឆាំងនឹងមេរោគ។ លើសពីនេះទៅទៀត ការធ្វើបែបនេះក៏ជំរុញឱ្យបូសឡើងមុខដែរព្រោះកម្តៅឧណ្ហៗពីទឹកក្តៅជួយឱ្យកោសិកាស្បែក បាក់តេរី និងកោសិកាឈាមសដែលងាប់ឡើងមកក្បែរផ្ទៃស្បែក។
- ម៉ាក់ប៉ាអាចស្អំឱ្យអាអូនបែបនេះបីបួនដងក្នុងមួយថ្ងៃ និងគួរស្អំចាប់តាំងពីពេលសង្កេតឃើញអាអូនឡើងបូសដំបូង និយាយរួមស្អំកាន់តែឆាប់កាន់តែល្អ។
- ម៉ាក់ប៉ាគួរលាងដៃឱ្យស្អាតមុន និងក្រោយពេលស្អំទឹកក្តៅលើបូសរបស់អាអូន។
២. ដំណាក់កាលបូសឡើងមុខ
បូសងាយឆ្លងណាស់ ដូច្នេះប្រសិនបើបូសឡើងមុខ ហើយទន់ ម៉ាក់ប៉ាគួរ៖
- ទាញស្បែកមុខបូសចេញ រួចសង្កត់លើគែមមុខបូសបន្តិចដើម្បីឱ្យខ្ទុះ និងឈាមហូរចេញ
- យកសំឡីស្អាតជ្រលក់ទឹកថ្នំាសម្លាប់មេរោគ រួចជូតខ្ទុះ ឬឈាមចេញឱ្យអស់ និងសម្អាតមុខរបួសឱ្យស្អាត
- បន្ទាប់មកយកបង់បិទដំបៅបិទលើមុខរបួសដើម្បីចៀសវាងមេរោគឆ្លងទៅកើតបូសនៅកន្លែងផ្សេងទៀត
- បន្តស្អំទឹកក្តៅឧណ្ហៗលើបូសអាអូនរហូតទាល់តែជាសះស្បើយ
- ម៉ាក់ប៉ាត្រូវលាងសម្អាតដៃឱ្យស្អាតមុន និងក្រោយពេលសម្អាត ឬប៉ះពាល់បូសរបស់អាអូន
៣. ប្រការគួរធ្វើ និងចៀសវាង
- នៅពេលបូសមិនទាន់ឡើងមុខ ម៉ាក់ប៉ាចៀសវាងច្របាច់បូសព្រោះអាចរុញមេរោគឱ្យចូលក្នុងស្បែកអាអូនកាន់តែជ្រៅ និងធ្វើឱ្យបូសក្លាយ។
- ចៀសវាងប្រើកន្សែងជូតមុខ និងជូតខ្លួនរួមគ្នាជាមួយអាអូន ព្រោះអាចបណ្តាលឱ្យឆ្លងមេរោគបង្កបូសពីកូន។
- ម៉ាក់ប៉ាគួរឧស្សាហ៍បោកគក់កន្សែងជូតមុខ និងកន្សែងជូតខ្លួនរបស់អាអូន ដើម្បីបង្ការមេរោគបូសឆ្លងទៅកើតនៅកន្លែងផ្សេងទៀតលើរាងកាយ។
៤. ពេលណាគួរនាំកូនទៅពេទ្យ?
- ពេលកូនកើតបុសនៅលើមុខ ច្រមុះ ឬឆ្អឹងខ្នង ព្រោះអាចបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ
- ពេលបូសមិនឡើងមុខ ឬមិនប្រសើរឡើងក្នុងរយៈពេលមួយសប្តាហ៍
- ពេលអាអូនមានការឈឺចាប់ ឬមិនស្រួលខ្លួនខ្លាំង
- ពេលមានគ្រុនក្តៅ
- ពេលបូសមានទំហំប៉ុនកាក់ (២៤ មិល្លីម៉ែត្រ) ធំជាងនេះ ឬធំទៅៗ
- ពេលកូនឡើងបូសច្រើនក្នុងពេលតែមួយ
បើកូនកើតបូសតូច ម៉ាក់ប៉ាអាចព្យាបាលដោយខ្លួនឯងនៅផ្ទះបាន តែបើអាអូនកើតបូសធំ ម៉ាក់ប៉ាគួរនាំអាអូនទៅជួបគ្រូពេទ្យដើម្បីឱ្យគ្រូពេទ្យវះឱ្យ និងធ្វើការព្យាបាល។
ចំណុចសំខាន់
ម៉ាក់ប៉ាអាចព្យាបាលបូសអាអូនតាមវិធីដូចខាងក្រោម៖
- ម៉ាក់ប៉ាអាចស្អំបូសអាអូនជាមួយទឹកក្តៅឧណ្ហៗបីបួនដងក្នុងមួយថ្ងៃ
- ពេលបូសចេញមុខ និងទន់ ម៉ាក់ប៉ាអាចទាញស្បែកមុខបូសចេញ រួចសង្កត់លើគែមមុខបូសបន្តិចដើម្បីឱ្យខ្ទុះ និងឈាមហូរចេញ រួចយកសំឡីស្អាតជ្រលក់ទឹកថ្នំាសម្លាប់មេរោគមកជូតខ្ទុះ និងឈាមឱ្យស្អាត
- បន្ទាប់មកយកបង់បិទដំបៅបិទលើមុខរបួស
- ម៉ាក់ប៉ាត្រូវលាងសម្អាតដៃឱ្យស្អាតមុន និងក្រោយពេលប៉ះពាល់បូសរបស់អាអូន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]