អង្គែជារោគសើស្បែកដែលបណ្តាលមកពីក្រពេញលើស្បែកក្បាលយើងធ្វើការហួសកំណត់ ហើយ​បង្កទៅជាការរបកស្បែកក្បាលដែលមាន​សណ្ឋាន​​ជា​កម្ទេច​តូចៗរួមជាមួយអាការៈរមាស់។ តើ​អង្គែ​ធ្វើឱ្យយើងជ្រុះសក់ដែរឬទេ? ហើយអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទេ? និងអាច​ការពារ​តាមវិធីណាខ្លះ?

វេជ្ជបណ្ឌិត ហុង លីដា ឯកទេសជំងឺសើស្បែកទូទៅនៅពេទ្យសើស្បែកអាដាម៉ាបានឱ្យដឹងថា ជា​ធម្មតា​អង្គែមិនចម្លងពីមនុស្សម្នាក់ទៅមនុស្ស​ម្នាក់ទៀតទេ ព្រោះជាកត្តាសើស្បែករៀងៗខ្លួន ហើយក៏មិន​បណ្តាល​ឱ្យយើងជ្រុះសក់ដែរ ប៉ុន្តែយើងតែងតែសង្កេតឃើញ មានការជ្រុះ​សក់​ពេល​យើង​កើត​អង្គែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលហេតុដែលបណ្តាលឱ្យយើងជ្រុះសក់ពេលមានអាការៈកើតអង្គែអាចបណ្តាលមកពី៖

១. ការអេះស្បែកក្បាល

អង្គែធ្វើឱ្យយើងរមាស់ ហើយនៅពេលយើងអេះស្បែកក្បាលយើងអាចដាច់រលាត់​ដែលធ្វើឱ្យខូច​ក្រពេញគល់សក់ ហើយបណ្តាលឱ្យជ្រុះសក់។

២. ការផ្លាស់ប្តូរសាប៊ូកក់សក់ញឹកញាប់

នៅពេលយើងកើតអង្គែ យើងអាចផ្លាស់ប្តូរសាប៊ូកក់សក់​ញឹកញាប់​ដើម្បីស្វែងរកសាប៊ូដែល​អាច​កម្ចាត់​អង្គែបាន ហើយក្នុងសាប៊ូកក់សក់នីមួយៗ​​មានធាតុផ្សំច្រើន ហើយខុសៗគ្នា​ដែល​បណ្តាល​ឱ្យខូចក្រពេញ​គល់​សក់របស់យើង។

យើងក៏អាចជ្រុះសក់ដោយសារឆ្លងមេរោគសើស្បែកណាមួយដែលបណ្តាលមកពីមេរោគផ្សិតដែរ តែអាការៈដែលកើតឡើងដំបូងស្រដៀងនឹងការកើតអង្គែធម្មតាដែលធ្វើឱ្យយើងមានការយល់ច្រឡំថាកើតអង្គែធ្វើឱ្យជ្រុះសក់។

អង្គែបង្កឡើងដោយកត្តាជាច្រើន តែមូលហេតុចម្បងមានដូចជា៖

  • ក្រពេញស្បែកឡើងប្រេងគួបផ្សំនឹងរោគផ្សិត Malassezia (មេរោគ​ឱកាសនិយម) ដែលមាននៅលើស្បែករបស់យើង
  • ស្រ្តេស ឬគិតច្រើន
  • ការគេងមិនគ្រប់គ្រាន់
  • ការញុំាចំណីអាហារដែលមានជាតិសាច់ច្រើន វេចខ្ចប់ស្រាប់ ឬអាហារកំប៉ុង
  • ការញុំាគ្រឿងស្រវឹងដែលធ្វើឱ្យប្រព័ន្ធភាពសុំាយើងចុះខ្សោយ
  • ការកក់សក់សម្អាតក្បាលមិនស្អាត

ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចការពារយើងពីការកើតអង្គែ៖

  • កក់សក់ជាប្រចាំឱ្យបានស្អាតល្អ
  • បើស្បែកក្បាលឡើងប្រេង យើងគួរជ្រើសរើសសាប៊ូកក់សក់សម្រាប់ស្បែកក្បាលឡើងប្រេង
  • ញុំាអាហារសម្បូរដោយជីវជាតិល្អៗ ចៀសវាងអាហារបំពង ឬមានជាតិខ្លាញ់ខ្ពស់ដូចជា ហ្វាសហ្វូត
  • លេងកីឡា ឬហាត់ប្រាណ
  • កាត់បន្ថយស្រេ្តស
  • គេងឱ្យបានគ្រប់គ្រាន់

ជាទូទៅអង្គែដែលមានលក្ខណៈស្រាលអាចព្យាបាលជាដោយសាប៊ូព្យាបាល​​​អង្គែរបស់ពេទ្យ តែបើអង្គែ​ដែលមានលក្ខណៈធ្ងន់ធ្ងរត្រូវការជួបគ្រូពេទ្យដើម្បីទទួលយកការព្យាបាលឱ្យបានត្រឹមត្រូវ ដោយក្នុងនោះមាន​ការលាបថ្នាំបន្ថែម ឬឈានទៅដល់ការ​ញុំាថ្នាំជាដើមដើម្បីព្យាបាល​ឱ្យ​អាការៈអង្គែបានប្រសើរឡើង និងបន្ថយអាការៈរមាស់។

ចំណុចសំខាន់

អង្គែមិនចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទេ ហើយក៏មិនបណ្តាលឱ្យយើងជ្រុះសក់ដែរ។ មូលហេតុដែលបណ្តាលឱ្យយើងជ្រុះសក់ពេលមានអាការៈ​កើតអង្គែអាចបណ្តាលមកពី៖

  • ការអេះស្បែកក្បាល
  • ការផ្លាស់ប្តូរសាប៊ូកក់សក់ញឹកញាប់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]